អានតួអត្ថបទ
កម្ពុជា

កិច្ច​ប្រ​ជុំ​ ICC ​នឹង​ត្រូវ​បញ្ចប់​នៅ​ល្ងាច​ថ្ងៃ​នេះ​បន្ទាប់​ពី​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​

ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ដ៏ល្បី​ល្បាញ​របស់​កម្ពុជា​។
ភ្ញៀវ​ទេសចរ​ចូល​ទស្សនា​ប្រាង្គ​ប្រាសាទ​អង្គរ​វត្ត​ដ៏ល្បី​ល្បាញ​របស់​កម្ពុជា​។ រូបភាពឯកសារ
ដោយ៖ ញឹម សុផល
១៣ នាទី

កិច្ច​ប្រជុំ ​ICC ​បាន​​ឈាន​​ចូល​ដល់​​ថ្ងៃ​​បញ្ចប់​​ហើយ​​នៅ​​ថ្ងៃ​ទី​០៥ ​មិថុនា​​នេះ ​ដោយ​​ប្រ​ធាន​បទ​​ជា​ច្រើន​​ត្រូវ​បាន​​ពិ​ភាក្សា​​សម្រេច​​ប្រកប​ដោយ​​ភាព​​វិជ្ជមាន​។ ​នៅ​សល់​តែ​​ប្រធាន​បទ​​ចំនួន​ ៤​ទៀត​​ប៉ុណ្ណោះ ​ដែល​​ត្រូវ​ដាក់​​ឲ្យ​​ជជែក​​គ្នា​ បន្ទាប់​មក​​គណៈ​កម្មកា​រ​ ICC​ នឹង​​ចេញ​​ជា​​អនុ​សាស​ន៍​ និង​​សេចក្តី​ប្រកាស​​រួម​​ផង​ដែរ​។​

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ គណៈកម្មការ​អន្តរជាតិ​សម្របសម្រួល​កិច្ច​គាំពារ​និង​អភិវឌ្ឍន៍​តំបន់​អង្គរ​ហៅ​កាត់​ថា ICC អង្គរ លើក​ទី២៣ បាន​បន្តធ្វើ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី០៥មិថុនា​នេះ​ជា​បន្តទៀត នៅ​ខេត្តសៀមរាប ដែលជា​ថ្ងៃ​បញ្ចប់​កិច្ចប្រជុំ​ដ៏​សំខាន់​នេះ​ផងដែរ។

លោក អ៊ឹម សុរិទ្ធី អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា បាន​ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ RFI ថា​ដំណើរ​ការប្រជុំ​ពី​ប្រធានបទ​មួយ​ទៅ​ប្រធានបទ​មួយ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​រលូន។ ហើយ​នៅ​រសៀលនេះ គណៈកម្មការ ICC នឹង​បញ្ចប់​ប្រធានបទ​សំខាន់​ចំនួន៤ទៀត ក្នុងនោះ​មានការ​គ្រប់គ្រង​ទឹក​នៅ​តំបន់​អង្គរ ការអភិវឌ្ឍន៍​ភ្នំ​គូលែន បញ្ហា​អភិវឌ្ឍន៍​សហគមន៍ និង​បញ្ហា​អភិវឌ្ឍន៍​ហេ​ដ្ឋារចនាសម្ព័ន្ធ​សម្រាប់​ទទួល​ទេសចរ។

សូម​រំលឹកថា កាលពី​ថ្ងៃ​ម្សិលមិញ​ដែលជា​ថ្ងៃ​ដំបូង​នៃ​កិច្ចប្រជុំ គណៈកម្មការ​ICC បានសម្រេច​នូវ​របៀបវារៈ​ជាច្រើន​ក្នុងចំណោម​របៀបវារៈ​ដែ​ល​បានគ្រោង​ទុក​ជាង១។លើសពីនេះ​រដ្ឋាភិបាល​ក​ម្ពុ​ជា​បានទទួល​ជា​លើកដំបូង​ពី​រដ្ឋាភិបាល​នូ​វែ​ល​សេ​ឡង់ លើ​គម្រោង​លើកស្ទួយ​បេតិកភណ្ឌ​សហគមន៍​អង្គរ និង​សេដ្ឋកិច្ច នូវ​ថវិកា​ចំនួន​ជាង ៣លាន៧សែន​ដុល្លារ ហើយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​រវាង លោក​ប៊ុន ណា​រិ​ទ្ធិ អគ្គនាយក​អាជ្ញាធរ​អប្សរា និង​តំណាង​ស្ថានទូត​នូ​វែ​ល​សេ​ឡង់​ប្រចាំ​ទីក្រុង​បាងកក សម្រាប់​លើកតម្កើង​ជីវភាព នៅ​ឧទ្យាន​អង្គរ​រយៈពេល ៥ឆ្នាំ ចាប់ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៩។

សូមបញ្ជាក់ថា​គណៈកម្មកា​រ ICC បាន​បង្កើតឡើង​នៅ​ឆ្នាំ១៩៩៣ ក្រោយ​ស​ន្នី​សីទ​អន្តរជាតិ​លើក​ទី១ ស្តីពី​អង្គរ​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន តាម​សំណូមពរ​របស់​គណៈកម្មាធិកា​រ
បេ​តិក​ភ័​ណ្ឌ​ពិភពលោក​ពេល​ទទួល​ចុះ​អង្គរ​ទៅក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក។ ការបង្កើត​យន្តការ​អន្តរជាតិ ICC សម្រាប់​អង្គរ​ជា​លក្ខខណ្ឌ​មួយ​ក្នុងចំណោម​លក្ខខណ្ឌ​ទាំង៥ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បំពេញ​ក្នុង​រយៈពេល៣ឆ្នាំ ១៩៩៣ដល់​ឆ្នាំ១៩៩៦ ហើយ​សមាជិក​ICC មាន​ចំនួន៣៧ប្រទេស មកពី​ទ្វីព​ទាំង៥ និង​មាន​អង្គការ​ជាតិ​ចំនួន១៣ទៀត​ចូលរួម៕
  

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ