អានតួអត្ថបទ
កម្ពុជា

បទ​ល្មើស​នេសាទ​នៅ​តែ​បន្តកើតមាន ​ទោះ​បី​រដ្ឋាភិបាល​ប្រកាស​លុប​ឡូតិ៍​នេសាទ​

បណ្តាញប្រជានេសាទ និង​សង្គមស៊ីវិលជួបប្រជុំញគ្នានៅថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៤។
បណ្តាញប្រជានេសាទ និង​សង្គមស៊ីវិលជួបប្រជុំញគ្នានៅថ្ងៃទី ២៧ មិថុនា ឆ្នាំ ២០១៤។ RFI/ Vann sokunthea
ដោយ៖ វណ្ណ សុគន្ធា
១៩ នាទី

បទល្មើស​នេសាទផ្សេងៗនៅ​​ទូ​ទាំង​ប្រទេស​​កម្ពុជា​​នៅ​តែ​​បន្ត​កើត​មាន​​ ជា​ពិសេស​​នៅ​ក្នុង​​តំបន់​​គោល​ដៅ​សំខាន់​ៗ​បី​​កន្លែង​​រួម​មាន​​តំបន់​​ទន្លេ​សាប ​ឆ្នេរ ​និង ​តំបន់​​ទន្លេ​មេគង្គ​​កម្ពុជា​។​ ប្រឈម​​នឹង​​បទ​ល្មើស​​ទាំង​នេះ​ បណ្តាញ​​ប្រជា​​នេសាទ ​និង ​អង្គការ​​សង្គម​​ស៊ីវិល​​បាន​​ជួប​ប្រជុំ​គ្នា​ ដើម្បី​​ពិភាក្សា​ និង​ បង្ហាញ​​ពី​​ការ​ព្រួយ​បារម្ភ​​ចំពោះ​ “​ បទ​ល្មើស​​ជល​ផល​​នៅ​​កម្ពុជា​” ​នៅ​ក្នុង​​វេទិកា​​តុ​មូល​​ថ្នាក់​ជាតិ​​ដែល​​រៀប​ចំ​ឡើង​​ដោយ​​សម្ព័ន្ធ​​ដើម្បី​​អភិរក្ស​​ធន​ធាន​​ជល​ផល​​ហៅ​​កាត់​​ថា ​FACT​ នៅ​​ថ្ងៃ​ទី ​២៧ ​មិថុនា ​នេះ ​នៅ​​មជ្ឈ​មណ្ឌល​​សហ​ប្រតិបត្តិ​ការ​​កម្ពុជា​-កូរ៉េ​។​ ​អង្គ​ប្រជុំ​​បាន​ចេញ​​សេចក្តី​ថ្លែង​ការណ៍​​រួម​មួយ​​ហើយ​​ហែ​រ​ដាក់​​ទៅ​កាន់​​ស្ថាប័ន​​ពាក់​ព័ន្ធ​​របស់​​រដ្ឋ​ និង​ ​បណ្តា​​ទូត​​មួយ​ចំនួន​ទៀត​​ដើម្បី​​ស្វែង​រក​​ការ​អន្ត​រា​គមន៍ ​និង ​ដំណោះ​ស្រាយ​។​ 

ផ្សាយពាណិជ្ជកម្ម

នៅក្នុង​វេទិកា​តុមូល​ថ្នាក់ជាតិ​នេះ តំណាង​បណ្តាញ​ប្រជា​នេសាទ​នៅក្នុង​តំបន់​ទន្លេសាប ឆ្នេរ និង មេគង្គ​កម្ពុជា​បានបង្ហាញ​ពីបទ​ល្មើស​នេសាទ​នានា​ដែល​ពូកគេ​បាន​រកឃើញ។ ជាការ​រកឃើញ​តាមរយៈ​ការចុះ​សង្កេត និង ប្រមូល​ព័ត៌មាន​ដោយផ្ទាល់​នៅតាម​បណ្តា​ខេត្ត​ពាក់ព័ន្ធ​មួយចំនួន​ដូចជា ខេត្តសៀមរាប បាត់បង់ ពោធិ៍សាត់ កំពង់ឆ្នាំង កំពង់ធំ កំពង់ចាម កណ្តាល​ព្រៃវែង តាកែវ កំពត កែប កោះកុង និង ខេត្ត​ព្រះសីហនុ។

បណ្តាញ​ប្រជា​នេសាទ​បាន​រកឃើញ​នូវ​បទល្មើស​នេសាទ​ជាច្រើន​ដូចជា ការដុត​រាន​ព្រៃ​លិច​ទឹក​ដើម្បី​ធ្វើ​កសិកម្ម ការប្រើប្រាស់​ឧបករណ៍​នេសាទ​ខុសច្បាប់​ជាច្រើន​ប្រភេទ ការរំលោភ​ធ្វើ​នេសាទ​ចូល​ដែន​អភិរក្ស ការ​បួ​ម​ពង្រីង​បឹង ព្រែក ការ​ឆក់​ត្រី និង ការ​អូស​អួន​ដោយ​ម៉ាស៊ីន​ជាដើម។ ក៏មាន​ផងដែរ បទល្មើស​នេសាទ​ដែល​បង្កឡើង​ដោយ​អ្នកនេសាទ​ជា​ជនជាតិ​វៀតណាម និង ថៃ​នៅក្នុង​ដែន​នេសាទ​កម្ពុជា។  

បន្ថែម​លើ​នេះ បណ្តាញ​ប្រជា​នេសាទ​ដែល​មកពី​ខេត្តផ្សេងៗគ្នា​ប្រមាណ​ជិត១០០នាក់​បាន​ចោទប្រកាន់​អាជ្ញាធរ​មូលដ្ឋាន និង មន្ត្រីជលផល ថា​បាន​ឃុបឃិត​ជាមួយ​ជនល្មើស​នេសាទ ដោយ​យកប្រាក់​ពី​ពួកគេ​ជាដើម។

ជាការ​ឆ្លើយតប លោក អ៊ឹង ទ្រី អនុប្រធាន​រដ្ឋបាល​ជ​ល​ផលរបស់ក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និង នេសាទ​ ​​ដែល​បាន​ចូលរួម​ក្នុង​វេទិកា​តុមូល​ថ្នាក់ជាតិ​នេះ បានថ្លែងថា អាជ្ញាធរ​យកប្រាក់​ពី​ជនល្មើស​នេសាទ គឺ​គ្រាន់តែ​ជា​ព័ត៌មាន​ប៉ុណ្ណោះ ហើយ​លោក​សុំ​ឲ្យ​ប្រជា​នេសាទ​បង្ហាញ​ឈ្មោះ​អាជ្ញាធរ​នោះ ដើម្បី​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចាត់វិធានការ​ទៅ​ផ្លូវច្បាប់។ លោក អ៊ឹង ទ្រី បាន​លើកឡើងថា មន្ត្រីជលផល​កំពុងតែ​បង្ក្រាប​បទ​នេសាទ​ទាំងអស់នោះ ហើយ​សូម​ប្រជា​នេសាទ​អត់ធ្មត់ ព្រោះ​មន្ត្រី​ត្រូវការ ពេលវេលា​ក្នុង​ធ្វើ​កិច្ចការ​នេះ។

ក្រោយពី​ពិភាក្សា​ដេញដោល​គ្នា​ពេញ​មួយ​ព្រឹក​រួចមក បណ្តាញ​ប្រជា​នេសាទ និង អង្គការ​សង្គម​ស៊ីវិល​បានចេញ​នូវ​សេចក្តីថ្លែងការណ៍​រួមមួយ​ដែល​រៀបរាប់​ពីបទ​ល្មើស​ដែល​ខ្លួន​បាន​រកឃើញ និង សម្តែង​នូវ​ការព្រួយបារម្ភ។ នៅក្នុង​សេចក្តីថ្លែងការណ៍​នោះដែរ ក៏មាន​ការស្នើសុំ​ដល់​រដ្ឋាភិបាល និង ស្ថាប័ន​ពាក់ព័ន្ធផ្សេងៗ ឲ្យ​ចាត់វិធានការ​តាមផ្លូវ​ច្បាប់​ឲ្យ​បាន​តឹងរឹង​ចំពោះ​មន្ត្រី​ដែល​ឃុបឃិត​ក្នុងការ​ប្រព្រឹត្តិ​បទល្មើស​ជលផល និង ជនល្មើស​ជាដើម។

បើតាម​គម្រោង​ បណ្តាញ​ប្រជា​នេសាទ​នឹងយក​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ដាក់​ទៅកាន់​ទីស្តីការគណៈរដ្ឋមន្ត្រី  ព្រឹទ្ធសភា រដ្ឋសភា ខុទ្ទកាល័យ​នា​រយ​រដ្ឋមន្ត្រី អង្គភាព​ប្រឆាំង​អំពើពុករលួយ ក្រសួងកសិកម្ម បរិស្ថាន ធនធានទឹក រដ្ឋបាល​ជលផល ស្ថានទូតអាមេរិក ស្ថានទូត​ស៊ុយ​អ៊ែត និង ស្ថានទូត​សហភាព​អឺរ៉ុប ដើម្បី​ឲ្យ​ស្ថាប័ន​ទាំងអស់នេះ​ជួយ​អន្តរាគមន៍ និង ស្វែងរក​ដំណោះស្រាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ