អានតួអត្ថបទ
នាទីសុខភាពនិងអនាម័យ

ទិវា​ពិភពលោក​​ប្រឆាំង​នឹង​​ជំងឺ​អេដស៍ ៖ ទៅ​ព្យាបាល​ ជា​ការ​​ការពារ​កុំ​មាន​ការ​ចម្លង​ថ្មី

សំឡេង ០៨:៤៧
ទិវា​ពិភពលោក​ប្រឆាំងនឹង​ជំងឺ​អេដស៍
ទិវា​ពិភពលោក​ប្រឆាំងនឹង​ជំងឺ​អេដស៍ AFP PHOTO / JUNI KRISWANTO
ដោយ៖ អៀង សុខម៉ិញ
៥២ នាទី

ថ្ងៃ​ទី ១ ធ្នូ ជា​ទិវាពិភព​លោក​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ! បច្ចុប្បន្ន​នេះ មនុស្ស​វ័យ​ក្នុង​ចំណោម​បី​នាក់ និង​ក្មេង​ម្នាក់​ក្នុង​ចំណោម​បួន​នាក់ ត្រូវ​ការ​​ប្រើ​ថ្នាំ​​ប្រឆាំង​នឹង​វីរ៉ុស​អេដស៍ នៅ​ក្នុង​ប្រទេស​​កំពុង​អភិវឌ្ឍន៍។ ត្រូវ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត ប្រសិន​បើ​​ពិភពលោកចង់​យកឈ្នះ​លើ​ការ​រាត​ត្បាត​នៃ​ជំងឺ​អេដស៍​ឱ្យ​បាន​នៅ​ឆ្នាំ​២០៣០​ ដូច​ដែល​អង្គការ​សហប្រជាជាតិ​បាន​កំណត់។ កម្មវិធី​សុខភាព​​សប្តាហ៍​នេះ សូម​ផ្តោត​​​ចំណាប់​អារម្មណ៍​ទៅ​លើ​ការ​ស្រាវជ្រាវ​ និង​ភាព​ជឿន​លឿន​នៃ​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​​ជំងឺ​អេដស៍ ដោយ​មាន​អន្តរាគមន៍​ពី​​វេជ្ជបណ្ឌិត តែង​គន្ធី អគ្គលេខា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​អេដស៍​នៅ​កម្ពុជា។

ផ្សាយពាណិជ្ជកម្ម

នៅ​លើ​ពិភពលោក មាន​មនុស្ស​ចំនួន​៣៥​លាន​នាក់​ ​ មាន​ផ្ទុក​មេរោគ​អេដស៍ ! ពាក់​កណ្តាល​មិន​បាន​ដឹង​ថា​ខ្លួន​មាន​ផ្ទុក​មេរោគ​ដ៏​កំណាច​មួយ​នេះ​ទេ​ ព្រោះ​មិន​បាន​ធ្វើ​តេស្ត​ស្វែង​រក​ជំងឺ។ ហេតុ​ដូច្នេះ​ហើយ​បា​ន​ជាយុទ្ធនាការ​សំខាន់​ដំបូង នៃ​ទប់​ស្កាត់​ជំងឺ​អេដស៍ គឺ​ការនាំ​បណ្តាជន​ដែល​ភាព​ប្រឈម​ខ្លាំង មក​​ធ្វើ​តេស្ត​រក​មើល​វីរ៉ុស​អេដស៍។

 
កម្មវត្ថុ​របស់​អង្គការ​សុខភាព​ពិភពលោក ពី​ពេល​នេះ​​ដល់​ឆ្នាំ​២០២០ មាន​ឈ្មោះ​ថា ៩០ កៅសិប កៅសិប។ ៩០%​នៃ​អ្នក​មាន​ផ្ទុក​មេរោគ​អេដស៍​ត្រូវ​​ដឹង​ខ្លួន​មាន​ផ្ទុក​មេរោគ- ៩០%​នៃ​អ្នក​មាន​ជំងឺ​អេដស៍​ត្រូវ​ទទួល​បាន​ការព្យាបាល-​៩០%​នៃ​អ្នក​ដែល​បាន​ទទួល​ការ​ព្យាបាល នឹង​មាន​​​មេរោគ​ចុះ​ខ្សោយ​ ឬបាត់​ចាប់​លែង​បាន ព្រោះផ្តល់​​ការ​ព្យាបាល​ ទើប​អាច​កាត់​បន្ថយ​ការ​ចម្លង​មេរោគ​អេដស៍​បាន។

កម្មវត្ថុ​នេះ​អាច​សម្រេច​បាន​ ព្រោះ​បើ​តាម​ផ្នែក​បច្ចេកទេស ពិភពលោក​បច្ចុប្បន្ន​មានឧបករណ៍​​ និង​មធ្យោបាយ​ស្ទើរ​គ្រប់​យ៉ាង​​ អាច​នាំ​ឱ្យ​សម្រេច​លទ្ធផល​​តាម​ការ​កំណត់។ ប៉ុន្តែ​អ្វី​ដែល​លំបាក គឺ​ការ​ប្រើប្រាស់​ឧបករណ៍​ទាំង​នោះ ប្រើប្រាស់​ឱ្យ​ចំ​ចំណុច ឱ្យ​អស់​ពី​លទ្ធភាព​ ធ្វើ​យ៉ាងណា​ឱ្យ​សមត្ថភាព​​ប្រសិទ្ធិភាព​នោះ​ក្លាយ​ជា​ការ​ពិត​ ជាក់ស្តែង។​ គេ​សង្កេត​ឃើញ​មាន​ឧសបគ្គ​​​រាំង​ស្ទះ​​​ខ្លាំង​ការ​បញ្ចេញ​សកម្មភាព​ពិត នោះ​គឺ​យុទ្ធសាស្ត្រ​នៃ​ការ​ធ្វើ​តេស្ត​ស្វែង​រក​​មេរោគ​អេដស៍ និង​ព្យាបាល។ បញ្ហា​ថវិកា វប្បធម៌សង្គម ច្បាប់​ ការរើស​អើង ជា​ឧបសគ្គ​ដ៏​ចម្បង​​ក្នុង​ការ​សម្រេច​បាន​នូវ​យុទ្ធសាស្ត្រ​ទប់​ស្កាត់​កម្ចាត់​ជំងឺ​អេដស៍។ ​ហេតុ​អ្វី ? ព្រោះ​ការ​រើស​អើង បាន​ធ្វើ​មនុស្ស​អល់អែក​ មិន​ចង់​ទៅ​ធ្វើ​តេស្ត មើល​ឃើញ​តែ​គុណវិបត្តិ​ច្រើន​ជាង​គុណសម្បត្តិ ដែល​រហូត​ដល់​ពេល​បច្ចុប្បន្ន​នេះ​ទៅ​ហើយ មនុស្ស​ទូទៅ​មិន​បានយល់​ពី​ប្រយោជន៍​នៃ​ការ​ទៅ​ធ្វើ​តេស្ត​វិភាគ​រក​មេរោគ និង​​ស្វែង​រក​ការព្យាបាល​ ដើម្បី​អាច​រស់​នៅ​បាន​ស្ទើរ​ដូច​ធម្មតា​ ឬ​ខ្លះ​មាន​អាយុ​វែង (វែង​ជាង​មនុស្ស​គ្មាន​​ផ្ទុក​វីរ៉ុស​អេដស៍​មួយ​ចំនួន​ផង) ដូចមនុស្ស​លោក​ផ្សេង​ទៀត​ផង។ ​មាន​មនុស្ស​ច្រើន​មិន​ព្រម​ជឿ​លើ​វេជ្ជសាស្ត្រ ការព្យាបាល​មាន​ប្រសិទ្ធិភាព​ខ្លាំង​មែន​ទេ​សព្វថ្ងៃ​នេះ​។ ផ្ទុយ​ទៅ​វិញ ពួក​គេ​មើល​ឃើញ​​តែ​ទិដ្ឋភាព ខ្លាច​គេ​ច្រាន​ចេញ​ពី​សង្គម បើ​ដឹង​ថា​ខ្លួន​មាន​ផ្ទុកមេរោគ​អេដស៍។ មិនថា​នៅ​អឺរ៉ុប អាស៊ី ប្រទេស​អ្នក​មាន ឬ​អ្នកក្រ​ទេ ភាព​យឺត​យ៉ាវ​នៃ​ការ​មក​ធ្វើ​តេស្ត​នៅ​តែ​បន្ត​កើត​មាន​គ្រប់​ទិសទី។ សូម​រំលឹក​ថា ៧០%​នៃ​អ្នក​ឆ្លង​វីរ៉ុស​អេដស៍ មិន​ដឹង​ថា​ខ្លួន​ឆ្លង​ទេ។ នេះ​ហើយ​ជា​បុព្វហេតុ​ដែល​នាំ​ឱ្យ​មាន​ការ​ចម្លង​ឥត​ឈប់។”

ចុះ​តើ​នៅ​ប្រទេស​កម្ពុជា​ ស្ថានភាព​​ប្រយុទ្ធ​ប្រឆាំង​នឹង​អេដស៍​មាន​ដំណើរ​​វិវឌ្ឍន៍​កំរិត​ណា? កម្ពុជា​ជាប់​ឈ្មោះ​ជា​សិស្ស​ល្អ សិស្ស​គំរូ តែង​តែ​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ​ (ថ្នាក់​ជាតិ និង​ថ្នាក់​ខេត្ត) ទិវាពិភពលោក​ប្រយុទ្ធ​ប្រឆាំង​​នឹង​ជំងឺ​អេដស៍​ ជាមួយ​អង្គការ​សុខភាព​ពិភពលោក​ ដើម្បី​​ធ្វើ​យ៉ាង​ណាឱ្យ​ព័ត៌មាន​ទាក់ទង​នឹង​ការ​ការពារ​ ព្យាបាល​ជំងឺ​មួយ​នេះ អាច​បញ្ចៀប​ចូល​ក្នុង​សង្គម​គ្រប់​ស្រទាប់​។ ឆ្នាំ​នេះ​កម្ពុជា​បាន​រៀប​ចំ​ទិវា ដោយ​មាន​ជា​កម្មវិធី​ពិភាក្សា​តុមូលផង។ បើ​តាម​​​លោក​វេជ្ជបណ្ឌិត តែង គន្ធី អគ្គលេខា​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​នឹងជំងឺ​អេដស៍​ នៅ​ឆ្នាំនេះកម្ពុជា​បាន​ផ្តោត​លើ​ប្រធានបទ​ពីរ​ធំៗ ៖ ទី​មួយ​ការ​ចូលរួម​របស់​សហគមន៍ និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ប្រមូល​អ្នកមាន​ផ្ទុក​មេរោគ​អេដស៍​ឱ្យ​ព្រម​ចូល​ព្យាបាល​ (នៅ​ក្រៅ​ប្រព័ន្ធ)  ​និង​ទីពីរ​លើក​កម្ពស់​ការ​ចូលរួម​របស់យុវជន ព្រោះ​យុវជន​យុវតី ដោយ​ភាព​ភ្លើតភ្លើន​ជឿន​លឿន​ជ្រុល​​ អាច​គ្រប់គ្រង​ខ្លួន​ឯង​លែង​បាន​ជ្រុលជ្រួស​ទៅ​ប្រព្រឹត្ត​ផ្លូវភេទ ដោយ​គ្មានការ​ការពារ។ ចំនួន​អ្នក​ឆ្លង​មេរោគ​ថ្មី​នៅ​បន្ត​មាន​ នៅ កម្ពុជា ក្នុង​កំរិត​ប្រមាណ​៧០០​នាក់​ក្នុង​មួយ​ឆ្នាំ។

បទ​សម្ភាសន៍​ជាមួយ​​វេជ្ជបណ្ឌិត តែង គន្ធី

 
ទាក់ទង​នឹង​ការ​ស្រាវជ្រាវ​ផ្នែក​វេជ្ជសាស្ត្រ​វិញ ​ការ​ជឿន​លឿន​មាន​ច្រើន និង​ខ្លាំង​គួរ​ឱ្យ​កត់​សម្គាល់។ ថ្នាំ​ប្រឆាំង​នឹង​ជំងឺ​អេដស៍ ប្រភេទ​ Retroantiveraux កាន់​តែ​មាន​ប្រសិទ្ធិភាព​ខ្លាំង​។ អ្នក​បាន​ទទួល​ការ​ព្យាបាល​ត្រឹម​ត្រូវ​ ពិត​ជា​អា​ចដឹកនាំ​ខ្សែជីវិត​ដូច​ជន​ទូទៅ​។ ប៉ុន្តែ​សូម​ចង​ចាំ​ថា រាល់​ការព្យាបាល​ ទោះ​ក្នុង​ជំងឺ​អ្វី​ក៏​ដោយ ទាមទារ​ការ​សហការ​ច្បាស់​លាស់​ពី​អ្នក​ជំងឺ​ផ្ទាល់។ យ៉ាង​ណា​មិញ ចំពោះ​ការ​ព្យាបាល​ពន្យារ​ជីវិត​ប្រឆាំង​នឹង​មេរោគ​ហ៊ីវ​ក៏​ដូច​គ្នា ​ប្រសិន​បើ​ ការព្យាបាល ការ​ទទួល​ទាន​ថ្នាំ មិន​ទៀង​ទាត់ ឬ​ក៏​មាន​ការ​អាក់​ខាន​ដោយ​ប្រការ​ណាមួយ អាច​ធ្វើ​បង្ក​ផលវិបាក​នឹង​អាច​កើត​មាន​ភ្លាម។ គ្រោះ​ថ្នាក់​ដែល​គេ​ជួប​ប្រទះ​ញឹក​ញាប់​ជាង​គេ គឺ​ការ​ស៊ាំថ្នាំ។
ថ្វី​បើ​រហូត​មក​ទល់​នឹង​ពេល​នេះ គេ​មិន​ទាន់​អាច​និយាយ​អំពី​ការ​រក​ឃើញ​ថ្នាំ​ព្យាបាល បាន​ជា​សះ​ស្បើយ​ ជា​ដាច់​ពី​ជំងឺ​អេដស៍​នេះ​​ក៏​ដោយ ក៏សិក្សា​លើ​ប្រធានបទ​មាន​កាន់​តែ​ច្រើនឡើងៗ។ នៅ​ប្រទេស​បារាំង​អ្នក​ស្រាវជ្រាវ​ បាន​សិក្សា​ និង​ធ្វើ​តេស្ត​សាក​ល្បង​ថ្នាំ​​ជា​ច្រើន​ប្រភេទ ដែល​នៅ​ថ្ងៃ​អនាគត​ ទំនង​ជា​នឹង​សម្រេច​ព្យាបាល​ជំងឺ​អេដស៍​បាន​ជា​សះ​ស្បើយ​ផង​​ក៏​ថា​បាន។ មន្ទីរ​ពិសោធន៍​បារាំង​មួយ​នេះ ទើប​បាន​ទទួល​ការ​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​សាកល្បង​ដំណាក់កាលទី​ពីរ​។ ក៏​ប៉ុន្តែ​សម្រាប់​ពេល​នេះ ម៉ោង​នេះ សូម​កុំ​លង់​ខ្លួន​ជឿ​ថា​មាន​ថ្នាំ​អាច​ព្យាបាល​ជំងឺ​អេដស៍​ឱ្យ​សោះ។

ការ​សាកល្បង​ស្វែង​រកវិធី​ព្យាបាល​​ឱ្យ​ជា​ដាច់ មាន​ច្រើន​មែន ប៉ុន្តែ​គ្មាន​វិធី​ណា​មួយ​អាចកំណត់​ដោយ​ច្បាស់​លាស់​អំពី​លទ្ធភាព​​ជា​សះស្បើយ​ ឬ ធ្វើ​ឱ្យ​វីរ៉ុសអេដស៍​អស់​សកម្មភាព​នោះ​ទេ។ ពេល​ឆ្លង​ចូលទៅ​ដល់​ក្នុង​ខ្លួន​មនុស្ស​ហើយ វីរ៉ុស​នេះ​មាន​សមត្ថភាព​ពិសេស ក្លាយ​ជា​ចំណែក​មួយ​សរីរាង្គ​របស់​យើង​។ វីរ៉ុស​ហ៊ីវ វា​បាន​ជ្រែក​បញ្ចូល​ខ្លួន​ ក្លាយ​ជា​ចំណែក​មួយ​នៃ​​ហ្សែន​របស់​កោសិកា​យើង​មួយ​ចំនួន។ ១០%​ហ្សែន​របស់​មនុស្ស​កើត​ចេញ​ពី​Retrovirus ដែល​អសកម្ម។ ការព្យាបាល​​បច្ចុប្បន្ន​នេះ បាន​ត្រឹម​ទៅ​ហាម​ឃាត់​វីរ៉ុស​កុំ​ឱ្យ​​ការ​​ពង្រីក​ខ្លួន​ បំបែក​ខ្លួន ចម្លង​គ្នា​ តែ​មិន​អាចធ្វើ​ឱ្យ​វីរ៉ុស​លែង​មាន​សកម្មភាព​ទាំងស្រុង​បាន​ទេ។ ការ​សិក្សា​មាន​ច្រើន​ណាស់​ ប៉ុន្តែ​ជា​ថ្មី​ម្តង​ទៀត ពុំ​ទាន់​មាន​មួយ​ណា​ហ៊ានអះអាង​នៅ ៥ ឬ​១០ឆ្នាំ​ទៀត​ បាន​សម្រេច​ មាន​ថ្នាំ​អាច​ធ្វើ​វីរ៉ុស​ហ៊ីវ អសកម្ម​បាន​ឡើយ។ ការ​សម្រៃ​ចង់​បាន​ការ​ព្យាបាល​ជា​សះស្បើយ​ ជាទស្សនវិស័យ​​ធម្មតារបស់​អ្នកស្រាវជ្រាវ​ តែ​សូម​ទាញ​យក​ប្រយោជន៍​ពី​អ្វី​ដែល​វិទ្យាសាស្ត្រ​បាន​រក​ឃើញ​និង​មាន​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​ពេល​នេះ​ ជាជាង​អង្គុយ​ចាំ​មើលស្តាប់​​អ្វី​ដែលស្ថិត​នៅ​ជា​ការ​បំប៉ោង​ព័ត៌មាន​នៅ​ឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ