ទស្សនៈព្រឹត្តិការណ៍ខ្មែរ

សួន​សត្វ​ភ្នំតាម៉ៅ៖ តើ​ការ​សុំទាន​ក្លាយ​ជា​មុខរបរ​មួយ​ហើយឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពល​រដ្ឋ​ខ្មែរ​ដែល​បាន​ទៅ​កំសាន្ត​នៅ​ភ្នំតាម៉ៅ​ ពិត​ជា​បាន​ឃើញ​មនុស្ស​ចាស់​ក្មេង​ប្រុស​ស្រី​ជាច្រើន​រយ​នាក់ ឈ​រ​តំរៀប​គ្នា​ពី​ជើង​ជើង​ភ្នំ នៅ​ផ្លូវ​ច្រក​ចូល​ពី​ផ្លូវជាតិ​ ទៅ​ដល់​លើ​ភ្នំ ដើម្បី​សុំ​ប្រាក់​ពី​អ្នកទេសចរជាតិ ​​និង​អន្តរជាតិ ​ដែល​ទៅ​កំសាន្ត​នៅ​រមណីយដ្ឋាន​ ក្នុង​ខេត្ត​តាកែវ​នោះ។ សកម្មភាព​នៃ​ការ​សុំទាន​នេះ បាន​ក្លាយ​ទៅជា​អាជីព​មួយ​ទៅ​ហើយ បន្ទាប់​ពី​វា​បាន​កើត​មាន​ជិត​២០​ឆ្នាំ ជា​លក្ខណៈ​តកូន-​តចៅ​ទៀត​ផង​នោះ។

អ្នក​សុំ​ទាន​តាម​ផ្លូវ​ចូល​ទៅ​សួន​សត្វ​ភ្នំ​តាម៉ៅ
អ្នក​សុំ​ទាន​តាម​ផ្លូវ​ចូល​ទៅ​សួន​សត្វ​ភ្នំ​តាម៉ៅ RFI/Leang Delux
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​បាន​ចូល​ដល់​មាត់​ច្រក ​ឆ្ពោះ​ឡើង​​​ទៅ​សួន​សត្វ​ភ្នំតាម៉ៅ​ ពី​ផ្លូវ​ជាតិ​លេខ​២​មិន​បាន​ប៉ុន្មាន​ផង គេ​នឹង​ឃើញ​ពលរដ្ឋ​ក្រី​ក្រ ​ឈរ​តម្រៀបគ្នាលើក​ដៃ​សំពះ​សុំ​លុយ​ពី​អ្នក​ទេសចរ​ដែល​ជិះ​រថយន្ត និង​ម៉ូតូ​ជា​ហូរហែ។ អ្នកសុំ​ទាន​ទាំងនោះ​ មានចំនួន​ច្រើន​រយ​នាក់។ មាន​មនុស្ស​ចាស់​ជរា មាន​មនុស្ស​ចាស់​ពិការ មាន​មនុស្ស​វ័យ​កណ្តាល មាន​ទាំងកុមារ​ទៀត​ផង។

អ្នក​ខ្លះ​មក​ជា​ក្រុម​គ្រួសារ​តែ​ម្តង ហើយ​ពួកគេ​ពង្រាយ​សមាជិក​គ្រួសារ​ ឈរ​​បណ្តាក់​គ្នា មាន​យាយ​មានតា មាន​កូន មាន​ចៅ។ អ្នកខ្លះទៀត អោយ​កូន​ៗ​ ឈ​រ​សុំ​នៅ​លើ​គែម​ផ្លូវ រីឯ​ម្តាយ​នៅ​ដាំ​បាយ​សម្ល​នៅ​លើ​ដី​វាល​ ​ក្បែរ​ផ្លូវ​នោះ។ ដោយ​សារ​តែ​មេឃ​ក្តៅ​ផង និង​ជា​​សកម្មភាព​ជា​ប្រចាំ​ផង​នោះ អ្នកខ្លះ​ក៏​ធ្វើ​ជា​កូនរោង​តូច​ៗ ប្រក់​ស្លឹកត្នោត​ដើម្បី​ជ្រក​កំដៅ។ សកម្មភាព​នេះ​បាន​កើត​មាន​ជិត​២០​ឆ្នាំ​ហើយ ដែល​គេ​អាច​និយាយ​ថា វា​ជាអាជីព​មួយ​ទៅ​ហើយ។

អ្វី​ដែល​ត្រូវ​ពិភាក្សា​នៅ​ទីនេះ តើ​គេ​ត្រូវ​ដោះស្រាយ​​បញ្ហា​នេះ​ដែរឬទេ? ឬ​ក៏​ថា​ នេះ​គឺជា​​សិទ្ធិ​របស់​ពលរដ្ឋ ដោយ​សារ​វា​ជា​អាជីព​របស់​ពួកគេ​នោះ? គ្មាន​ទេ​អាជីព​អ្នកសុំទាន។ បើ​មិន​ដូច្នេះ ក៏​គេ​មិនចាំ​បាច់​បង្កើត​ស្ថាប័ន​សង្គម​កិច្ច​ដែរ។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ គេ​ត្រូវ​ពិចារណា​ទៅ​លើ​ផល​វិជ្ជមាន និង​អវិជ្ជមាន​ចេញពី​ទិដ្ឋភាព​នេះ។ និយាយ​អំពី​ផល​វិជ្ជមាន​មុន។ គេ​អាច​ទទួល​ស្គាល់​ថា ទឹកប្រាក់​ដែល​អ្នកសុំ​ទាន​បាន​មក​ពី​សប្បុរសជន​អ្នកទេសចរ​ អាច​​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ពួកគេ​បាន​ខ្លះ។ និយាយ​យ៉ាង​ដូច្នេះ​ ក៏​មិនមែន​ប្រាកដ​ជា​មាន​ន័យថា ពួកគេ​គ្រប់គ្នា​អាច​ទទួល​បានប្រាក់​ច្រើន​សមរម្យ​គ្រប់ៗ​គ្នា​ជា​រៀងរាល់​ថ្ងៃដែរ។

តើ​មាន​គុណ​សម្បត្តិ និង​សារៈ​ប្រយោជន៍​អ្វីផ្សេងទៀត​ដែរ​ឬទេ? គ្មាន​ឡើយ។ នៅ​សល់​ពី​នេះ គឺ​មាន​តែ​គុណវិបត្តិ និងបច្ច័យ​អវិជ្ជមានដល់​សង្គម​កម្ពុជា​ទាំងមូល​តែ​ប៉ុណ្ណោះ។

ទីមួយ ការ​ដែល​ក្រុម​ពលរដ្ឋ​អ្នកសុំទាន​ទាំងនេះ បាន​ឈរជើង​ធ្វើ​សកម្មភាពនេះ​ប្រមាណ​២០​ឆ្នាំ​ហើយ ដែល​បាន​ធ្វើ​គេ​មើល​ឃើញថា ការ​សុំទាន​ជាអាជីព​មួយ​ទៅ​ហើយ​នោះ វា​បាន​ធ្វើ​អោយ​មាន​ការ​ចោទ​ជា​សំណួរ​ថា តើ​រដ្ឋាភិបាល ពិសេស​អាជ្ញាធរ​មូលដ្ឋាន​​ មិន​បាន​អើពើ​ទាល់តែ​សោះ​ដល់​ពលរដ្ឋ​ទាំងនេះ​ទេ​ ឬយ៉ាងណា? ឬ​ក៏​ថា ​សុំទាន​គឺជា​មុខរបរ​មួយ​នោះ? ទន្ទឹម​គ្នា​នេះ វា​រឹត​តែ​ធ្វើ​អោយ​គេ​មើល​ឃើញ​ចំណុច​ខ្សោយ​នៃ​ការងារ​សង្គមកិច្ច​របស់​​រដ្ឋាភិបាល​ទៀត​ផង។

ទី២ អាជ្ញាធរ​​ពាក់ព័ន្ធ​មិន​ត្រូវ​មើល​រំលង​ទេថា ពលរដ្ឋ​អ្នក​ទីទ័លក្រ​ខ្លាំងទាំងនេះ ក្នុង​រយៈ​ពេល​ជិត​២០​ឆ្នាំ​មកនេះ បាន​ធ្វើ​សកម្មភាព​នេះ​ជា​លក្ខណៈគ្រួសារ។ បាន​ន័យថា កូនចៅ​របស់​ពួកគេ​មានជីវភាព​ធំធាត់​ជាមួយ​ការ​សុំទាន។ ជាការ​ពិត មាន​កុមារ​មួយ​ចំនួន​មិន​បាន​ទៅសាលារៀន​​ដោយសារ​តែ​ជីវភាព​ក្រីក្រ​ ហើយ​ពួកគេ​ត្រូវជួយ​ធ្វើ​ការ​ងារ​ឪពុកម្តាយ​ដើម្បី​ផ្គត់ផ្គង់​ជីវិត​មែន ដូច​គ្នា​មែន។ ប៉ុន្តែ ​កុមារ​ដែល​ស្ថិត​នៅ​ក្នុង​ក្រុម​ពលរដ្ឋ​សុំទាន ពិត​ជា​ស្ថិត​ក្នុង​លក្ខខណ្ឌ​អាក្រក់ជាង​​ ដោយ​មិនអាច​ប្រកែក​បាន ដោយសារ​តែ​ការ​សុំទាន។ ហើយ​គេ​មិន​អាច​ស្រមៃ​អំពី​អនាគត​របស់​កុមារ​ទាំងនោះ​ឡើយ ថា​ពួកគេ​នឹង​ក្លាយជា​អ្វី?

ទី៣ វា​គឺជា​រូបភាព​មិន​ល្អ​ និង​ធ្វើ​អោយ​ប៉ះពាល់​ដល់​កិត្តិយស​ប្រទេស​ជាតិ។ គេ​សឹង​តែ​រក​ប្រទេស​ណាមួយ​ដែល​គ្មាន​អ្នកក្រីក្រ និងអ្នកសុំទាន​នោះ​មិនបាន​ឡើយ។ តិច ឬ​ច្រើន​ ប្រទេស​ក្នុង​លោក​មាន​អ្នកសុំទាន​ដូច​គ្នា។ ប៉ុន្តែ សកម្មភាព​សុំទាន​ជា​ទ្រង់ទ្រាយ​សហគមន៍ នៅ​កន្លែង​មួយ​ជា​ប្រចាំ​ដែលមាន​រយៈពេល​​១០ ឬ​២០​ឆ្នាំ ដោយ​ក្លាយទៅជា​មុខរបរ ឬអាជីព​ហើយ​នោះ តើ​​ទិដ្ឋភាព​នេះ​មាន​នៅ​ប៉ុន្មា​នប្រទេស​ទៀត ​ក្រៅ​ពី​នៅ​រមណីយដ្ឋាន​សួនសត្វ​ភ្នំតាម៉ៅ​នៃ​ប្រទេស​​កម្ពុជា?

រដ្ឋាភិបាល​ពិត​ជា​បាន​ទទួល​ស្គាល់​អំពី​អសណ្តាប់ធ្នាប់ និង​ការ​អាប់អោន​មុខមាត់​ប្រទេស​កម្ពុជា​នៅ​ចំពោះ​មុខ​ជនបរទេស ដោយសារ​អ្នក​សុំទាន។ ហេតុដូច្នេះ​ហើយ​បាន​ជា​នៅពេល​ដែល​កម្ពុជា​ធ្វើជា​​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​អន្តរជាតិ​ម្តងៗ​នៅ​រាជធានីភ្នំពេញ ដូចជា​កិច្ចប្រជុំកំពូល​​អាស៊ាន​ជាដើម អាជ្ញាធរ​ពាក់ព័ន្ធ​បាន​ដើ​រប្រមូល​អ្នកសុំទាន​នៅ​តាម​ទីប្រជុំ​ជនសំខាន់ៗ ហើយ​បញ្ជូន​ពួកគេ​ទៅ​មជ្ឈមណ្ឌល​​នានា​របស់​រដ្ឋ​ នៅ​ជាយ​រាជធានីភ្នំពេញ។

សូម​កុំភ្លេច​ថា នៅ​ឯ​រមណីយដ្ឋាន​សួនសត្វ​ភ្នំតាម៉ៅ​នោះ ក៏​មាន​ទេសចរ​បរទេស​ទៅ​ទស្សនា​​ជា​រៀងរាល់​ថ្ងៃ​ដែរ។ ដូច្នេះ ​វា​មិន​ខុសអ្វី​​ពី​ការ​រៀបចំ​កិច្ច​ប្រជុំអន្តរជាតិ​នៅ​ទីរមណីយដ្ឋាន​ភ្នំតាម៉ៅ​ជា​រៀងរាល់​​ថ្ងៃ​នោះទេ។

នេះ​គឺជា​ការ​ទទួល​ខុសត្រូវ​ទាំងស្រុង​របស់​រដ្ឋាភិបាល​និយាយ​ជារួម និង​រដ្ឋបាល​របស់​ខេត្ត​និយាយ​ដោយឡែក។ បើ​ទោះជាបាន​ព្យាយាម​លុប​បំបាត់​សកម្មភាព​សុំទាន​ទាំងនេះ​មិន​បាន​ជោគជ័យ ដោយសារ​តែ​ពលរដ្ឋ​អ្នកក្រីក្រ​នោះ មិនព្រម​បញ្ឈប់​សកម្មភាព​នេះ​យ៉ាង​ក៏ដោយ​នោះ គេ​ក៏​នៅ​តែ​មិនអាច​ដាក់​កំហុស​ទៅ​លើ​ពលរដ្ឋ​ទាំងនោះ​ នោះឡើយ។ ដំណោះស្រាយ​សមរម្យ​មួយ​សម្រាប់​ពួកគេ ត្រូវ​តែ​រក​អោយ​ឃើញ និង​បញ្ចប់​មុខ​របរ​សុំទាន​នេះ​អោយ​ខាន​តែ​បាន។

នៅ​មាន​អ្នកទេសចរ ឬ​ពលរដ្ឋ​ខ្មែរ​ដែល​​មាន​ចិត្ត​សប្បុរស​ដែល​បាន​ដាក់ទាន​អោយ​ពលរដ្ឋ​ដែល​សុំទាន​ជាអាជីព​ទាំងនោះ​ទៀត។ ពួកគេ​ត្រូវ​ពិចារណា​រវាង​ចិត្តធម៌ ឬ​ចិត្ត​អាណិត​អាសូរ​​របស់​ពួកគេ និង​ការ​លើក​ទឹក​ចិត្ត​អោយ​អ្នកសុំទាន​ជាអាជីព​ទាំងនោះ​ បន្ត​សកម្មភាព​ពួកគេត​ទៅ​មុខទៀត។ គេ​អាច​ទាញ​សេចក្តី​សន្និដ្ឋាន​នៅ​ក្នុង​ជ្រុងណាមួយ​នោះថា ដោយសារ​តែ​ពួកគេ​កាក់កប និង​អាច​រស់​បាន​ជាមួយ​នឹង​ការ​សុំទាន​នេះហើយ បាន​ជា​ពួកគេ​នៅ​បន្ត​សុំទាន​បាន​ប្រមាណ​២០​ឆ្នាំ​មក​នេះ ហើយ​ក៏​បាន​ពង្រីក​ការ​សុំទាន​ជា​លក្ខណៈ​គ្រួសារ​ទៀតផង​នោះ។ ម្យ៉ាងទៀត គេ​អាច​មិន​រវល់​ដោះស្រាយ​បញ្ហា​នេះ​ក៏​បាន ប្រសិន​បើ​គ្រប់គ្នា​យល់ព្រម​ថា ការ​សុំទាន​ជា​មុខរបរ ឬជាអាជីព​មួយ ហើយ​ពលរដ្ឋ​ខ្មែរ​ព្រម​ចាត់ទុក​ការ​ដាក់ទាន​ដល់​អ្នក​សុំទាន​អាជីព ​គឺជា​​​​វប្បធម៌​នៃ​ការ​ចែក​រំលែក​របស់​កម្ពុជានោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត