សំណុំរឿងរបស់លោក សម រង្ស៊ី ចំនួនពីរទៀតត្រូវបានបិទបញ្ចប់ការស៊ើបសួរ
ចុះផ្សាយនៅថ្ងៃ៖
សមត្ថកិច្ចក្រុងភ្នំពេញ កាលពីម្សិលមិញ បានយកដីការបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ទៅបិទនៅស្នាក់ការអតីតគណបក្សសង្គ្រោះជាតិនៅចាក់អង្រែលើ។ ជាដីកាបិទការស៊ើបសួរសំណុំរឿងចំនួន ២ របស់លោក សម រង្ស៊ី ដែលត្រូវបានប្តឹងដោយរដ្ឋាភិបាលកម្ពុជា ក្រោមការចោទប្រកាន់ថា«ញុះញង់កុំឲ្យកងទ័ពស្ដាប់បង្គាប់ និងការប្រមាថចំពោះអង្គព្រះមហាក្សត្រ»។ ប៉ុន្តែតុលាការនៅមិនទាន់កំណត់ថ្ងៃបើកសវនាការជំនុំជម្រះនៅឡើយ។
ជាបឋមសូមរំឭកជូនថា លោក សម រង្ស៊ី បានជាប់បណ្តឹងនៅតុលាការយ៉ាងហោចចំនួន៩ករណីហើយ ដែលបណ្តឹងភាគច្រើនត្រូវបានតុលាការជំនុំជម្រៈរួចហើយ នៅឡើយបណ្តឹងចំនួន២ចុងក្រោយគេ។ គឺជាបណ្តឹងរបស់មេទ័ពដែលប្តឹង លោក សម រង្ស៊ី ថាញុះញង់កុំឲ្យយោធាស្ដាប់បង្គាប់និងធ្វើឲ្យខូចទឹកចិត្តកងទ័ព ប្រព្រឹត្តកាលពីថ្ងៃទី ៥ ខែធ្នូ ឆ្នាំ ២០១៧ និងបណ្តឹងរបស់រដ្ឋាភិបាលពីបទប្រមាថអង្គព្រះមហាក្សត្រ ប្រព្រឹត្តកាលពីខែមិថុនា ២០១៨។
បណ្តឹងចំនួន២ចុងក្រោយនេះ នៅមិនទាន់បើកសវនាការនៅឡើយទេ ខណៈចៅក្រមស៊ើបសួរបានបិទបញ្ចប់ការស៊ើបសួររួចរាល់អស់ហើយ។
គួរជម្រាបថា ដើមចមដែលលោក សម រង្ស៊ី រងបណ្តឹងបន្ថែមចំនួន២ករណីទៀតនេះ គឺ បន្ទាប់ពី លោក សម រង្ស៊ី កាលពីថ្ងៃទី ៥ ធ្នូ ឆ្នាំ ២០១៧ បានអំពាវនាវតាមហ្វេសប៊ុករបស់លោកឲ្យកងកម្លាំងប្រដាប់អាវុធកុំស្ដាប់បង្គាប់ឬធ្វើតាមបញ្ជារបស់មេដឹកនាំឲ្យបាញ់ប្រហារពលរដ្ឋស្លូតត្រង់នៅពេលមានការតវ៉ា។
រីឯបណ្តឹងប្រមាថអង្គព្រះមហាក្សត្រវិញ ក្រសួងយុត្តិធម៌បានចេញអធិបញ្ជាឲ្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់វិធានការផ្លូវច្បាប់ ប្រឆាំង លោក សម រង្ស៊ី បន្ទាប់ពីអតីតប្រធានគណបក្សប្រឆាំងរូបនេះបានអះអាងថា សារលិខិតរបស់ព្រះមហាក្សត្រដែលឲ្យពលរដ្ឋទៅបោះឆ្នោតនោះ ថាជាលិខិតក្លែងក្លាយ ដែលតាក់តែងដោយរដ្ឋាភិបាលកម្ពុជា។
តុល្យការចុងក្រោយ លោក សម រង្ស៊ី ដែលកំពុងនៅក្រៅប្រទេសត្រូវបានហ៊ុំព័ទ្ធដោយបណ្តឹងយ៉ាងហោចណាស់ចំនួន៩ករណី។ បណ្ដឹងទាំងនោះរួមមាន បណ្ដឹងបរិហារកេរ្តិ៍ លោក ហោ ណាំហុង និង លោក ហេង សំរិន បណ្ដឹងបរិហារកេរ្តិ៍ពាក់ព័ន្ធការចោទប្រកាន់ថា លោក ហ៊ុន សែន បានទិញចំនួនLike ហ្វេសប៊ុក បណ្តឹងបរិហារកេរ្តិ៍លោក ហ៊ុន សែន ក្នុងករណីឃាតកម្មលោកបណ្ឌិត កែម ឡី និងបណ្តឹងបរិហារកេរ្តិ៍ ធី សុវណ្ណ ជាដើម។ យ៉ាងណាក៏ដោយ លោក សម រង្ស៊ី ធ្លាប់បានអះអាងថាលោកមិនខ្វល់នឹងបណ្តឹងទាំងអស់នោះទេ ដោយចាត់ទុកថាជារឿងនយោបាយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ