កម្ពុជា

សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀប​ចំ​ទិវា​ពិភព​លោក​ស្តី​ពី​ជនជាតិ​ដើម នៅ​ថ្ងៃ​ទី៩ សីហា

ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម។
ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម។ រូបភាពឯកសារ

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ចំនួន ១១ ស្ថាប័ន នៅ​ថ្ងៃ​ទី ៩ សីហា ខាង​មុខ​នេះ នឹង​រៀប​ចំ​ពិធី​អប​អរ​សាទរខួប​ទី​ ១០ នៃ​ទិវា​ពិភព​លោក​ស្តី​ពី​ជនជាតិ​ដើម​ នៅ​កម្ពុជា​ជា​លើក​ទី​មួយ។ លោក សឺន ជុំជួន នាយក​កម្ម​វិធីសមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និងអភិវឌ្ឍន៍ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា ពិធី​នេះ​រៀប​ចំ​ឡើង ក្នុងគោល​បំណង​ទាញ​ការ​ចាប់​អារម្មណ៍​ពី​សហគមន៍​អន្តរជាតិ​ ពិសេស​រដ្ឋាភិបាល​វៀតណាម​ឲ្យ​យក​ចិត្ត​ទុក​ដាក់បន្ថែម​ចំពោះ​ពល​រដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម និង​ចាត់​ទុក​ពលរដ្ឋ​ខ្មែរ​កម្ពុជា​ក្រោម​ថា ជនជាតិដើម មិន​មែន​ជា​ជន​ជាតិភាគ​តិច​នោះ​ទេ​។

ផ្សាយពាណិជ្ជកម្ម

បើតាមគម្រោង អង្គការសមាគមខ្មែរកម្ពុជាក្រោម នឹងប្រារព្ធទិវានៅនៅ​ទីស្នាក់ការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម​ដើម្បី​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍ នៅ​ភូមិ​គោកឃ្លាំង សង្កាត់​ភ្នំពេញថ្មី ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ ដោយមានការចូលរួមពីសំណាក់ព្រះសង្ឃ ប្រជាពលរដ្ឋខ្មែរកម្ពុជាក្រោម តំណាងអង្គការ​ក្រៅ​រដ្ឋាភិបាល​ផ្នែក​សិទ្ធិមនុស្ស និង​ការិយាល័យ​នៃ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិមនុស្ស​ប្រចាំ​កម្ពុជា ប្រមាណជា ១២០ នាក់។

បើ​តាម លោក សឺន ជុំជួន នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ពិធី​នេះ​ធ្វើ​ឡើងក៏​ដើម្បី​ចូលរួម​អបអរសាទរ​ទិវា​ពិភពលោក​ស្ដីពី​សិទ្ធិ​ជនជាតិ​ដើម​របស់​អង្គការ​សហប្រជាជាតិ​។ មិនត្រឹមតែប៉ុណ្ណោះ ពិធីនេះ ក៏នឹងក្លាយជាវេទិកាមួយ ដើម្បី​ចែក​រំលែក​ព័ត៌មាន ​ចំណេះ​ដឹង​ដល់​ខ្មែរ​ក្រោម និង​ពលរដ្ឋ​ទូទៅ​ពី​ស្ថានភាព​រស់​នៅ និង​សិទ្ធិ សេរីភាព​របស់​ខ្មែរ​ក្រោម​ដែល​កំពុង​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​រដ្ឋាភិបាលវៀតណាម។

នាយក​កម្មវិធី​សមាគម​ខ្មែរ​កម្ពុជា​ក្រោម រូប​នេះ បាន​វាយ​តម្លៃ​ថា បើ​ទោះ​បី​ជា​ស្ថានភាព​របស់​ពល​រដ្ឋ​ខ្មែរ​កម្ពុជាក្រោម​ មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន ក្នុង​រយៈ​ពេល ១០ ឆ្នាំ​ចុង​ក្រោយ ក៏ដោយ តែ​លោក​នៅ​តែ​ទទូច​ឲ្យ​រដ្ឋាភិបាល​វៀត​ណាម បញ្ឈប់​រាល់​ការ​ធ្វើ​ទុក​បុក​ម្នេញ​និង​គាប​សង្កត់​ពល​រដ្ឋ​គ្រប់​រូប​ភាព​។

សូម​បញ្ជាក់​ថា ជនជាតិ​ដើម​លើ​ពិភពលោក​មាន​ប្រមាណ ៣៧០​លាន​នាក់ រស់​នៅ​ក្នុង​ប្រទេស​ជា​សមាជិក​អង្គការ​សហ​ប្រជា​ជាតិ។ យ៉ាង​ណា​ក៏​ដោយ អង្គការ​សហ​ប្រជា​ជាតិ បាន​វាយ​តម្លៃថា ពួកគេ​ទាំង​នោះ កំពុង​ប្រឈម​នឹង​បញ្ហា​ជា​ច្រើន ជាពិសេស​ពាក់ព័ន្ធ​នឹង​សិទ្ធិ​សេរីភាព ក្នុងកាន់​កាប់​ដីធ្លី វប្បធម៌ ជំនឿ សាសនា និង​ភាសា​ជា​ដើម។ សិទ្ធិ​ជន​ជាតិ​ដើម និង​សិទ្ធិ​ជន​ជាតិ​ភាគ​តិច ត្រូវ​បាន​អង្គការ​សហ​ប្រជា​ជាតិ បើក​កិច្ច​ប្រជុំ កាល​ពី​ថ្ងៃ​ទី ១៣ កញ្ញា ឆ្នាំ ២០០៧ ដោយ​ទទួល​ស្គាល់ និង​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ដែល​ជា​ជន​ជាតិ​ដើម និង​ជន​ជាតិ​ភាគ​តិច ទទួលបាន​សិទ្ធិ​ពេញ​លេញ​ក្នុង​ការ​រស់​នៅ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI