កម្ពុជា-នយោបាយ

លោក កឹម សុខា បង្កើន​វោហាសាស៍​វាយ​ប្រហារ​រដ្ឋាភិបាល​ពេល​ដាក់​ជើង​ជាន់​ដី​អាមេរិក

លោកកឹម សុខា​បាន​ជួប​សំណេះ​សំណាល ជា​មួយ​សមាគម​ខ្មែរ នៅ​វត្ត​ពុទ្ធ​រង្សី នៃ​ទីក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ដ្រា​លី​
លោកកឹម សុខា​បាន​ជួប​សំណេះ​សំណាល ជា​មួយ​សមាគម​ខ្មែរ នៅ​វត្ត​ពុទ្ធ​រង្សី នៃ​ទីក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ដ្រា​លី​ @FB Kem Sokha

លោក កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះជាតិ បន្ទាប់​ពី​ដាក់​ជើង​ជាន់​ទឹក​ដី​អាមេរិកសម្រាប់​ថ្ងៃ​ដំបូង​នៃ​ដំណើ​ទស្សន​កិច្ច​រយៈ​ពេល​យូរ បាន​បង្កើន​វោហាសាស៍ ដ៏​កម្រ​វាយប្រហារ​មក​លើ​រាជរដ្ឋាភិបាល​កម្ពុជា ប្រាប់​អ្នក​គាំទ្រ​របស់​ខ្លួន ដែល​ជា​អណិក​ជន​ខ្មែរ​រស់នៅ​សហរដ្ឋ​អាមេរិក។ សម្រាប់​អ្នក​ឃ្លាំ​មើល​បាន​កត់​សម្គាល់​ថា នៅ​អាមេរិក លោក កឹម សុខា បាន​ដំឡើង​​សំឡេង​រិះ​គន់​គូរ ប្រជែង​ខ្លាំង​ជាង​មាន​វត្ត​មាន​នៅ​ក្នុង​ស្រុក​។  

ផ្សាយពាណិជ្ជកម្ម

នៅ​ចំពោះ​មុខ អ្នក​គាំទ្រ​របស់​ខ្លួន ដែល​ជា​អណិកជន​ខ្មែរ​រស់​នៅ​សហរដ្ឋ​អាមេរិក លោក កឹម សុខា បាន​អះអាង​ថា គណបក្ស​សង្គ្រោះជាតិ​មាន​អ្នក​គាំទ្រ​ស្ទើរ​តែ​ពាសពេញ​ប្រទេស។ តាម​រយៈ​ការ​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នេះ លោក កឹម សុខា បានធ្វើ​ការ​សន្និដ្ឋាន​ថា ប្រជាពល​រដ្ឋ​សឹង​តែ​គ្រប់​ទី​កន្លែង​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​ជាវិជ្ជ​មាន តាម​រយៈ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០១៧ និង​២០១៨។

បន្ទាប់​ពី​លើក​សសើរ​ប្រជាប្រិយ​ភាព​របស់​គណបក្ស​សង្គ្រោះជាតិ​លោក កឹម សុខា បាន​គូស​បញ្ជាក់​ថា គណបក្ស​សង្គ្រោះជាតិ​រង​ការ​ធ្វើ​ទុក​បុក​ម្នេញ​យ៉ាង​ខ្លាំង ជា​ពិសេសគឺ​រូប​លោក​ផ្ទាល់​តែ​ម្ដង​តាម​រយៈ​សំណុំ​រឿង​តុលាការ​នានា​ដែល​បង្ខាំង​រូប​លោក​នៅ​ទីស្នាក់​ការ​បក្ស​៦​ខែ​៦​ថ្ងៃ។ ក្នុង​ន័យ​នេះលោក អះអាង​ថា ជា​ចេតនា​របស់​គូរ​ប្រកួត​ធ្វើ​ឲ្យរូប​លោក​ភ័យ​ខ្លាច​ដើម្បី​រត់​ចោល​ស្រុក។

លោក កឹម សុខា ក៏បាន​បង្វែរ​អារម្មណ៍​អ្នក​គាំទ្រ​របស់​ខ្លួន ឲ្យ​ក្រឡេក​មក​មើល​សេដ្ឋកិច្ចរបស់​កម្ពុជា​វិញ​ម្ដង ដោយ​បាន​អះអាង​ថា ផល​ចំណេញ​ពី​កំណើន​សេដ្ឋកិច្ច​មិន​បានចែក​ទៅ​ប្រជា​ពលរដ្ឋ​ទេ។ លោក​បាន​ចាត់​ទុក​សេដ្ឋកិច្ច​របស់​កម្ពុជា​សព្វ​ថ្ងៃ​គ្មាន​ចិរភាពសម្រាប់​អ្នក​ជំនាន់​ក្រោយទេ ព្រោះ​ធន​ធាន​ធម្មជាតិ​កំពុង​ត្រូវ​បាន​កាប់​បំផ្លាញ។

លោក កឹម សុខា ក៏​បាន​ហៅ​សន្តិភាព សព្វ​ថ្ងៃ​ដែល​រដ្ឋាភិបាល​តែង​តែ​ធ្វើ​ការ​អះអាងនោះ​ជា​សន្តិភាព មួយ​ជ្រុង​ដោយ​មាន​អ្នក​ខ្លះ​ជាប់​គុក អ្នក​ខ្លះ​សប្បាយ។  សម្រាប់លោក កឹម សុខា ប្រសិន​បើ​គណបក្ស​សង្គ្រោះជាតិ​ដឹក​នាំ​ប្រទេស​នឹង​នាំ​មក​នូវ​សន្តិភាព​ពេញ​លេញ។ ក៏​គ្មាន​ដែរ​សង្គ្រាម​ពេល​សង្គ្រោះជាតិ​ដឹក​នាំ​ប្រទេស។ លោកថា ការឃោសនា​ដែល​ថា នឹង​មាន​សង្គ្រាម​ពេល​សង្គ្រោះ​ជាតិ​ឈ្នះ​ឆ្នោត​គ្រាន់​ជា​ការ​បន្លាចប្រជាពលរដ្ឋ​តែ​ប៉ុណ្ណោះ។ បើ​តាម​លោក កឹម សុខា នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់លោក​នៅ​ក្រៅ​ប្រទេស​នា​ពេល​កន្លង​មក សូម្បី​តែ​ពិភព​លោក​ក៏​បាន​ទទួល​ស្គាល់​ថា ពលរដ្ឋ​ខ្មែរ​ចង់​បាន​ការ​ផ្លាស់​ប្ដូរ​ដែរ។

លោក មាស នី អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម និង​នយោបាយ​បាន​កត់​សម្គាក់​ថា ត្បិត​តែលោក​កឹម សុខា ដំឡើង​សំឡេង​ខ្លាំងៗ​នៅ​ក្រៅ​ប្រទេស​មែន​ពិត តែ​បញ្ហា​ដែល​លោក កឹម សុខា លើក​ឡើង​ទាំង​ប៉ុន្មាន​បាន​កើត​មាន​ពិត​ប្រាកដ​មែន។ លោក មាស នី ក៏ ចាត់ទុក​ដំណើរ​ទស្សនកិច្ច​លោក កឹម សុខា នៅ​ក្រៅ​ប្រទេស​គឺ​ជា​ការ​ផ្សារ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​អ្នក​គាំទ្រ និង​ស្វែង​រក​ប្រភព​ថវិកា​បន្ថែម។ 

បើតាមគម្រោង លោក កឹម សុខា ​នឹង​មាន​ជំនួប​ជាមួយ​មន្ដ្រី​សំខាន់​ៗ​នៃ​រដ្ឋបាល​លោក​ដូណា​ល់ត្រាំ ព្រម​ទាំង​សមាជិក​រដ្ឋសភា ព្រឹទ្ធសភា​អាមេរិក នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​។ ប្រធាន​បក្ស​ប្រឆាំង​រូប​នេះ ក៏​គ្រោង​ជួប​ជាមួយ​ពលរដ្ឋ​ខ្មែរ​នៅ​តាម​រដ្ឋ​នានា​នៅ​អាមេរិក​ចំនួន​១០​រដ្ឋ​ផង​ដែរ​៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI