កម្ពុជា

សាលាក្តី​ខ្មែរ​ក្រហម​អាច​ប្រឈម​មុខ​នឹង​វិបត្តិ​ថវិកា​ជា​ថ្មី​ចាប់ពី​ខែ​មេសា​តទៅ

សាលាក្ដីខ្មែរក្រហម។
សាលាក្ដីខ្មែរក្រហម។ RFI/Siv Channa

បុគ្គលិក​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​អាច​ទទួល​បាន​ប្រាក់ខែ​ត្រឹម​ខែ​មីនា​នេះ​ប៉ុណ្ណោះ។ ចាប់ពី​ខែ​មេសា​ទៅ​បញ្ហា​ថវិកា​នឹង​កើត​មាន​ជា​ថ្មី​ប្រសិន​បើ​គ្មាន​ប្រទេស​ម្ចាស់​ជំនួយ​ណា​សម្រេច​ចិត្ត​ផ្តល់​ថវិកា​បន្ថែម​ទេ​នោះ។ យ៉ាងណា​ក៏​ដោយ​ មន្ត្រី​សាលាក្តី​នេះ​អះអាង​ថា ភាគី​អង្គការ​សហ​ប្រជា​ជាតិ​សន្យា​ខិតខំ​ស្វះស្វែង​រក​ប្រភព​ហិរញ្ញ​វត្ថុ​ឲ្យ​បាន។ ទន្ទឹម​នឹង​នេះ ក្រុម​គ្រូ​ពេទ្យ​ជំនាញ​កំពុង​ត្រៀម​ត្រួត​ពិនិត្យ​សុខភាព​ជន​ជាប់​ចោទ​ទាំងពីរ​ដើម្បី​បញ្ជាក់​ថា តើ​ពួកគេ​អាច​ទទួល​ការកាត់​ទោស​បាន​ដែរ​ឬ​ទេ?

ផ្សាយពាណិជ្ជកម្ម

កញ្ចប់​ថវិកា​ជាង១លាន​ដុល្លារ​ដែលជា​ប្រាក់​បដិភាគ​របស់​រដ្ឋា​ភិ​បាល​កម្ពុជា​សម្រាប់​ផ្គត់ផ្គង់​បុគ្គលិក​ភាគី​ជាតិ​នៃ​សាលាក្តី​ខ្មែរក្រហម​អាច​ប្រើប្រាស់​បានត្រឹមតែ​ខែមីនា​នេះ​ប៉ុណ្ណោះ។ ចាប់ពី​ខែមេសា​តទៅ វិបត្តិ​ថវិកា​នឹង​វិល​មក​សារជាថ្មី។ នេះ​បើ​យោងតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាល​ក្តី​ខ្មែរក្រហម​ដែល​បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​នៅ​ថ្ងៃ​សៅរ៍​ទី ១មីនា​នេះ។

ដំណឹង​ស្តីពី​វិបត្តិ​ថវិកា​ជាថ្មី​របស់​សាលាក្តី​ខ្មែរក្រហម​បាន​កើតឡើង​ខណៈដែល​សាលាក្តី​កូនកាត់​នេះ​កំពុង​រៀបចំ​ដំណើរការ​សវនាការ​សំណុំរឿង ០០២ វគ្គ​ទី២ ។ សំណុំរឿង ០០២ នៅសល់​ជនជាប់ចោទ​តែ​ពីរ​នាក់​ប៉ុណ្ណោះ​គឺ បងធំ​ទី២  នួន ជា និង អតីត​ប្រមុខរដ្ឋ ខៀវ សំផន។ ក្នុង​វ័យចាស់​ជរា អាយុ ៨៧ ឆ្នាំ លោក នួន ជា​កំពុង​ធ្វើ​ឲ្យ​មានការ​ព្រួយបារម្ភ​អំពី​បញ្ហា​សុខភាព។

ក្រុមគ្រូពេទ្យ​អ្នកជំនាញ ៣នាក់​ក្នុងនោះ​មាន​ជនជាតិ​បរទេស​ពីរ​នាក់​និង​ខ្មែរ​ម្នាក់​ត្រូវបាន​តុលាការ​ចាត់តាំង​ឲ្យ​ត្រួតពិនិត្យ​សុខភាព​និង​កាយសម្បទារ​ជនជាប់ចោទ​ទាំងពីរ។ ការងារ​ត្រួតពិនិត្យ​សុខភាព​នឹង​ធ្វើឡើង​រយៈពេល​ពីរ​ថ្ងៃ​គឺ​នៅ​ថ្ងៃទី ២៤ និង ២៥ មីនា​នេះ​ដើម្បី​ឲ្យ​ដឹងថា តើ​ជនជាប់ចោទ​មាន​កាយសម្បទារ​និង​បញ្ញា​ស្មារតី​គ្រប់គ្រាន់​ដែល​អាច​ទទួល​ការកាត់ទោស​បាន​ទៀត​ឬទេ។

គួរ​កត់សម្គាល់ថា វិបត្តិ​ថវិកា​នៃ​សាលាក្តី​ខ្មែរក្រហម​បានក្លាយ​ជា​ចំណោទ​ធំធេង​មួយ​ដែល​អាច​នឹងធ្វើ​ឲ្យ​តុលាការ​នេះ​ប្រឈម​នឹង​ភាពយឺតយ៉ាវ​ឬ​មិនអាច​ដំណើរការ​ទៅមុខ​បាន​ក៏​មិនដឹង។ ទន្ទឹមគ្នា​នោះ វ័យចាស់​ជរា​រប​ស់ជ​ន​ជាប់ចោទ​ក៏​ជា​ក្តីបារម្ភ​យ៉ាងខ្លាំង​មួយ​ដែរ​ដែល​ធ្វើ​ឲ្យ​អនាគត​សាលាក្តី​នេះ​ប្រឈម​នឹង​ភាពមិនច្បាស់លាស់។

យ៉ាងណាក៏ដោយ បើ​យោងតាម​អ្នកនាំពាក្យ​សាលាក្តី បញ្ហា​ថវិកា​នៅមាន​សង្ឃឹម​ច្រើន​ដោយសារតែ​ភាគី​សហប្រជាជាតិ​សន្យាថា​នឹង​ស្វះ​ស្វែងរក​តាម​គ្រប់​លទ្ធភាព​ដើម្បី​បន្ត​ដំណើរការ​សវនាកា​រ​រហូតដល់​ចប់។ ទោះជា​យ៉ាងនេះ​ក្តី ក៏​ជំនួយ​ដ៏​ស្តួចស្តើង​មានតែ​សម្រាប់​ភាគី​អន្តរជាតិ​ប៉ុណ្ណោះ តែ​នៅ​មិនទាន់មាន​ប្រទេស​ណា​ផ្តល់ជំនួយ​បន្ថែម​សម្រាប់​ភាគី​កម្ពុជា​ទៀត​នៅឡើយ​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI