លោក ហ៊ុន សែន ទារសំណងជំងឺចិត្ត៨០០លានរៀលពី លោក គឹម សុខ
ចុះផ្សាយនៅថ្ងៃ៖
លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៅថ្ងៃពុធនេះ បានប្រកាសទារសំណងជំងឺចិត្តពី លោក គឹម សុខ ក្នុងទំហំទឹកប្រាក់៨០០លានរៀល ប្រហែល២០ម៉ឺនដុល្លារ ក្រោយពីលោក គឹម សុខ ចេញពីពន្ធនាគារ ជិតពីរសប្ដាហ៍។ ជាការឆ្លើយតប លោក គឹម សុខ អះអាងថា ការកាត់សេចក្ដីរបស់តុលាការមកលើរូបលោកជារឿងអយុត្តិធម៌ណាស់ទៅហើយ។ ដូច្នេះលោកពុំមានលទ្ធភាពបង់ជំងឺចិត្តទៅកាន់លោកនាយករដ្ឋមន្ត្រីឡើយ។
ក្នុងសំណុំរឿងនេះ លោក ហ៊ុន សែន គូសបញ្ជាក់ថា ដ្បិតតែលោក គឹម សុខ អនុវត្តទោសចប់សព្វគ្រប់ តែសំណង់ជំងឺចិត្តមិនផុតរលត់ឡើយ។ ដូច្នេះមេធាវីគណបក្សប្រជាជនកម្ពុជា ត្រូវបន្តទារសំណងជំងឺចិត្ត៨០០លានរៀលពី លោក គឹម សុខ បើពុំដូច្នោះអ្នកវិភាគរូបនេះ អាចប្រឈមនឹងការជាប់ពន្ធនាគារសារជាថ្មី។ នេះបើតាមលោក ហ៊ុន សែន។ បើតាមលោកនាយករដ្ឋមន្ត្រី សំណុំរឿងសកម្មជនដីធ្លី អ្នកស្រី ទេព វន្នី លោក មាជ សុវណ្ណរ៉ា និង លោក អ៊ុំ សំអាន អតីតតំណាងរាស្ត្រនៃអតីបក្សប្រឆាំងគឺសំណងជំងឺចិត្ត និងកម្រិតនៃទោសបានផុតរលត់ទៅព្រមគ្នា។ នេះក៏ព្រោះតែអ្នកទាំងបី ទទួលបានការលើកលែងទោសពីព្រះមហាក្សត្រតាមសំណើរលោកនាយករដ្ឋមន្ត្រី។
គួររំឮកឡើងវិញបន្តិចថា លោក គឹម សុខ ត្រូវបានតុលាការក្រុងភ្នំពេញចោទប្រកាន់ពីបទញុះញង់ឲ្យមានបទឧក្រិដ្ឋជាអាទិ៍ និងបទបរិហាកេរ្តិ៍ ដោយបានផ្តន្ទាទោសដាក់ពន្ធនាគារ១៨ខែ និងពិន័យចូលរដ្ឋទឹកប្រាក់៨លានរៀល និងប្រាក់សំណងទៅដើមបណ្តឹង៨០០លានរៀលទៀត។ ការដោះលែងលោកគឹម សុខ នៅពេលនេះ គឺដោយសារលោកបានទទួលទោសរួចរាល់កំណត់១៨ខែនៅក្នុងពន្ធនាគារ។
ជាការកត់សម្គាល់ប្រតិកម្មរបស់ លោក ហ៊ុន សែន នៅថ្ងៃនេះ ធ្វើឡើងបន្ទាប់ពីលោក គឹម សុខ បានធ្វើអធិប្បាយថា កម្ពុជាជាប្រទេស«នីតិមាត់»ពោលគឺពុំមែនជានីតិរដ្ឋឡើយ។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃពុធនេះដែរ លោក គឹម សុខ បន្ថែមថា នីតិមាត់គឺសំដៅច្បាប់ស្ថិតតែនៅលើមាត់បុគ្គលម្នាក់ ។ ដែលចំណុចនេះ លោក គឹម សុខ អះអាងថា លោកធ្លាប់និយាយតាំងតែមុនពីលោកជាប់ពន្ធនាគារទៅទៀត។ ជុំវិញការទារថ្លៃសំណងជំងឺចិត្តក្នុងទំហំទឹកប្រាក់៨០០លានរៀល លោក គឹម សុខ ថា ប្រសិនបើលោកមានលុយប៉ុនណេះ នៅក្នុងដៃលោកនឹងជួយអ្នកក្រលំបាកនិងកុមារកំព្រា។ ដូច្នេះពុំមានហេតុផលអ្វីដែលលោកត្រូវខំរកលុយមកសងជំងឺចិត្តក្នុងសំណុំរឿងមួយដែលលោកយល់ថា ជាការកាត់សេចក្ដីដោយអយុត្តិធម៌នោះឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ