ខួបគម្រប់១០ឆ្នាំថ្ងៃព្រះមហាក្សត្រឡើងគ្រងរាជ្យ៖ រំលេចនូវព្រះរាជសកម្មភាព និងបន្ទូលអំពាវនាវ
ចុះផ្សាយនៅថ្ងៃ៖
អង្គមីទ្ទិញសាទរខួបគម្រប់១០ឆ្នាំ ថ្ងៃព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ឡើងគ្រងព្រះបរមសិរីរាជ្យសម្បត្តិ ថ្ងៃ២៩តុលា ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម មុខព្រះបរមរាជវាំង។ ក្នុងព្រះរាជពិធីបុណ្យគ្រងរាជ្យសម្បត្តិ តំណាងរាជរដ្ឋាភិបាល មេដឹកនាំគណបក្សប្រឆាំង និងអ្នកតាមដានសង្គមនយោបាយ បានលើកឡើងពីព្រះរាជសកម្មភាពរបស់ព្រះអង្គក្នុងរជ្ជកាល១ទសវត្សរ៍។ នោះគឺព្រះករុណា ព្រះមហាក្សត្រ បានបន្តព្រះរាជបូជនីយកិច្ចពីព្រះរាជបិតា និងព្រះរាជមាតារបស់ព្រះអង្គ ក្នុងវិស័យសង្គមកិច្ច សុខុមាលភាព អប់រំ សិក្សាធិការ ព្រះពុទ្ធសាសនា និងកិច្ចការបរទេស ដើម្បីស្តារ និងអភិវឌ្ឍន៍មាតុភូមិកម្ពុជា។ ចំណែកព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានយកវេទិកា កាលពីថ្ងៃពុធ អំពាវនាវជាថ្មីឲ្យជនរួមជាតិកម្ពុជាគ្រប់មជ្ឈដ្នាន រួបរួមសាមគ្គីគ្នាជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋ ដើម្បីចូលរួមកសាងមាតុភូមិកម្ពុជា។