ទស្សនៈព្រឹត្តិការណ៍ខ្មែរ

របប​រាជា​និយម​កម្ពុជា​ក្នុង​បរិបទ​ដែល​គណបក្ស​រាជា​និយម​ចុះ​ខ្សោយ​ !​

សំឡេង ០៤:៥៦
ព្រះមហាវីរក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហនុ។
ព្រះមហាវីរក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ នរោត្តម សីហនុ។ RFI/Im Navin

នៅ​ថ្ងៃទី១៤និង១៥ ឧសភា​នេះ ប្រទេស​កម្ពុជា​កំពុង​ប្រារព្ធ​ព្រះរាជ​ពិធី​ចម្រើន​ព្រះ​ជន្ម ព្រះ​មហា​ក្សត្រ​សម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី​គ្រប់៦១ព្រះ​វស្សា​និង​យាង​ចូល​៦២​ព្រះ​វស្សា។ គឺជា​ពេលវេលា​ដែល​ប្រជារាស្ត្រ​ខ្មែរ​ទូទាំង​នគរ​បាន​រម្លឹក​អំពីរ​បប​រាជានិយម​ផងដែរ។ ទោះបីជា​ចុងក្រោយ​នេះ គណបក្ស​រាជានិយម​បាន​ស្រុតចុះ​ប្រជាប្រិយភាព​រហូត​បាត់បង់​ទី​តាំង​​ឈរជើង​ទាំងស្រុង​ពី​ក្នុង​រដ្ឋសភា ប៉ុន្តែ របបរាជានិយម​នៅតែ​ជា​សេចក្តីត្រូវការ​ចាំបាច់​ស​ម្រា​ប់​ប្រទេស​និង​ប្រជាពលរដ្ឋ​ខ្មែរ។ ក្នុង​បរិបទ​នេះ ការពង្រឹង​របបរាជានិយម​ឲ្យ​បាន​រឹងមាំ​ទាំង​រូបភាព​និង​ខ្លឹមសារ ​គឺជា​ការចាំបាច់។

ផ្សាយពាណិជ្ជកម្ម

ការបាត់បង់​ទីតាំង​ឈរជើង​ទាំងស្រុង​របស់​គណបក្ស​រាជានិយម​ពី​ក្នុង​រដ្ឋសភា​ក្នុងការ​បោះឆ្នោត​ចុងក្រោយ​នេះ​អាចធ្វើ​ឲ្យ​អ្នកខ្លះ​គិតថា​ពលរដ្ឋ​ខ្មែរ​លែង​ផ្តល់​តម្លៃ​ដល់​របបរាជានិយម​ទៀតហើយ។ ប៉ុន្តែ ប្រសិនបើ​មានការ​គិត​ដូច្នោះ​មែន​វា​គឺជា​ការភាន់ច្រឡំ​មួយ​តែប៉ុណ្ណោះ។

តាមពិត របបរាជានិយម​គ្មានអ្វី​ជាប់ទាក់ទង​នឹង​គណបក្ស​រាជានិយម​ទេ​ពោលគឺ​ពលរដ្ឋ​ខ្មែរ នៅតែមាន​ភក្តីភាព​ជាមួយ​របបរាជានិយម​ឬ​ជាមួយ​ព្រះមហាក្សត្រ​បើទោះជា​គណបក្ស​រាជានិយម​អស់​ប្រជាប្រិយភាព​យ៉ាងណាក៏ដោយ។

 
ពិតណាស់ថា ក្នុងការ​បោះឆ្នោត​លើកដំបូង​កាលពី​ឆ្នាំ១៩៩៣ គណបក្ស​រាជានិយម​និង​របបរាជានិយម​អាចធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ជាច្រើន​យល់ច្រឡំ​មែន។ យល់ច្រឡំ​ដោយសារ កាលណោះ អ្នកបោះឆ្នោត​មិនបាន​បែងចែក​រវាង​គណបក្ស​និង​របបរាជានិយម​ទេ។ ពួកគេ​គិតតែ​ម្យ៉ាង​គត់​ប៉ុណ្ណោះ​គឺ បោះឆ្នោត​ឲ្យ ហ្វ៊ុនស៊ិនប៉ិច មានន័យ​ស្មើនឹង​បោះឆ្នោត​ឲ្យ​រាជានិយម​ដែល​តំណាង​ដោយ​សម្តេចឪ នរោត្តម សីហនុ បើទោះបីជា​កាលណោះ​ព្រះអង្គ​លែង​គង់​ជា​ប្រធាន ហ្វ៊ុនស៊ិនប៉ិច ទៀតហើយ​ក៏ដោយ។

ប៉ុន្តែ ការចាប់​កំណើត​ឡើងវិញ​នៃ​របបរាជានិយម​ទី២ដែល​អនុញ្ញាត​ឲ្យ​តួអង្គ​ក្សត្រ​ដ៏​ល្បីល្បាញ​របស់​កម្ពុជា​គឺ សម្តេចព្រះ នរោត្តម សីហនុ បាន​ឡើង​សោយរាជ​សម្បត្តិ​សារជាថ្មី គឺជា​ពេលវេលា​ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​ខ្មែរ​ផ្តើម​យល់ថា​របបរាជានិយម​គឺជា​តំណាង​ប្រទេស​កម្ពុជា​ទាំងមូល តែ​មិនមែនជា​កម្មសិទ្ធិ​ផ្តាច់មុខ​របស់​គណបក្សនយោបាយ​ណាមួយ​ទេ។ ហេតុផល​នេះហើយ​ដែល​ធ្វើ​ឲ្យ​អ្នកបោះឆ្នោត​ចាត់ទុក​គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច ថា​គ្រាន់តែ​ជា​បក្សនយោបាយ​មួយ​ដូច​គណបក្ស​ដទៃទៀត​ដែរ។

ជាក់ស្តែង បើទោះបីជា គណបក្ស​រាជានិយម ហ្វ៊ុនស៊ិនប៉ិច ស្រុតចុះ​ប្រជាប្រិយភាព​រហូត​បាត់​មុខ​ទាំងស្រុង​ពី​រដ្ឋសភា​ក៏ដោយ ក៏​នៅក្នុង​ផ្នត់គំនិត​ពលរដ្ឋ​ខ្មែរ​ជាទូទៅ របបរាជានិយម​នៅតែ​ជា«ដួងព្រលឹង» ជាទី​ពឹង ទី​កក់ក្តៅ មិនអាច​ខ្វះ​បាន។ ម្យ៉ាងទៀត ការធ្លាក់ចុះ​ជា​បន្តបន្ទាប់​នៃ​ប្រទេស​កម្ពុជា​រហូត​ក្លាយជា​វាលពិឃាត​ខ្មែរក្រហម បន្ទាប់ពី​រដ្ឋប្រហារ​ទ​ម្លា​ក់​សម្តេចព្រះ នរោត្តម សីហនុ កាលពីដើម​ទសវត្សរ៍ ១៩៧០ គឺជា​សក្ខីកម្ម​ដែល​ធ្វើ​ឲ្យ​ពលរដ្ឋ​ខ្មែរ​ផ្តល់​ទំនុកចិត្ត​កាន់តែ​មុតមាំ​ថែមទៀត​ទៅលើ​របបរាជានិយម។ រដ្ឋធម្មនុញ្ញ​កម្ពុជា​ឆ្នាំ ១៩៩៣ ក៏បាន​ចង​របបរាជានិយម​ក​ម្ពុ​ជា​ថា​ជា​របប​ដែល​មិនអាច​កែប្រែ​បានឡើយ។

យ៉ាងណា​ក៏ដោយចុះ ភាពរឹងមាំ​នៃ​របបរាជានិយម​កម្ពុ​ជា​មិន​អាស្រ័យ​លើ​ការចែង​ក្នុង​រដ្ឋធម្មនុញ្ញ​តែមួយ​មុខ​ទេ តែ​វា​ក៏​អាស្រ័យ​ជាសំខាន់​ទៅលើ​ការអនុវត្ត​ជាក់ស្តែង​ផងដែរ។ មាន​កត្តា​សំខាន់​ពីរ​ដែល​គេ​អាច​ចាត់ទុកថា​ជា​គន្លឹះ​ក្នុង​ការពង្រឹង​របបរាជានិយម​កម្ពុជា៖ ទី១គឺ​អាស្រ័យ​លើ​សកម្មភាព​និង​តួនាទី​របស់​ព្រះបរមរាជវាំង​ចំពោះ​ប្រជារាស្ត្រ និង​ទី២គឺ​អាស្រ័យ​លើ​តម្លៃ​ដែល​អ្នកនយោបាយ​ត្រូវ​ផ្តល់ជូន​ស្ថាប័ន​ព្រះមហាក្សត្រ។

បច្ចុប្បន្ន តួអង្គ​ក្សត្រ​ដ៏​ឆ្នើម​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ​គឺ​ព្រះមហាវីរក្សត្រ ព្រះ​បរម​រតនៈ​កោដ្ឋ​បាន​សោយ​ទីវ​ង្គ​តទៅ​ហើយ។ ប៉ុន្តែ ទស្សនៈវិជ្ជា​នយោបាយ​និង​ព្រះ​រា​កាយវិការ​ជា​គំរូ​របស់​ព្រះអង្គ​ស្ថិតនៅ​ជានិច្ច​ជាមួយ​កូនចៅ។ ទន្ទឹមនឹងនោះ អង្គ​មហាក្សត្រ​ថ្មី​ដែល​គេ​ស្គាល់​ជាទូទៅ​ថា​ជា​បុគ្គល«ស្អាតស្អំ» ស័ក្តិសម​នឹង​ស្នង​ព្រះរាជ​បល្ល័ង្ក​ជា​ព្រះមហាក្សត្រ​ខ្មែរ​នោះ ក៏​កំពុងតែ​បន្តវេន​តាម​គំរូ​ព្រះរាជ​បិតា​របស់​ព្រះអង្គ​ដែរ។

ដូច្នេះ អ្វីដែល​នៅ​សេសសល់​គឺ​សំណួរ​ថា តើ​អ្នកនយោបាយ​គ្រប់​និន្នាការ​មាន​ភក្តីភាព​និង​ការផ្តល់​តម្លៃពិត​ប្រាកដ​កម្រិតណា​ដល់​របបរាជានិយម(និយាយ​ជារួម)និង​ដល់​អង្គ​ព្រះមហាក្សត្រ​ផ្ទាល់ (និយាយ​ដោយឡែក)? សំណួរ​នេះ​មាន​សារសំខាន់​ពីព្រោះ​វា​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ថា​តើ​រាជានិយម​កម្ពុ​ជាមាន​តួនាទី​ពិតប្រាកដ​មួយ​ក្នុងសង្គម​ឬ​គ្រាន់តែ​ជា​និមិត្តរូប​តែប៉ុណ្ណោះ?

ពិត​ហើយ​ថា របបរាជានិយម​ក្នុង​ព្រះរាជាណាចក្រ​ទី២ ព្រះមហាក្សត្រ​សោយរាជ​តែ​មិន​កាន់អំណាច ប៉ុន្តែ ដើម្បី​ឲ្យ​រាជានិយម​មាន​អត្ថន័យ​ពិតប្រាកដ វា​ទាមទារ​ឲ្យ​អ្នកនយោបាយ​ផ្តល់​ការគាំទ្រ​ពេញទំហឹង​និង​មាន​ភក្តីភាព​ពិតប្រាកដ​ជាមួយ​ព្រះមហាក្សត្រ។ បច្ចុប្បន្ន គ្រប់​អ្នកនយោបាយ​ខ្មែរ​សុទ្ធតែ​បាន​អះអាងថា​ស្រឡាញ់​របបរាជានិយម​និង​ដង្ហែ​តាម​ព្រះមហាក្សត្រ ប៉ុន្តែ មាន​ទង្វើ​ខ្លះ​ហាក់ដូចជា​មិនទាន់បាន​ឆ្លុះបញ្ចាំង​ពី​ការប្តេជ្ញាចិត្ត​របស់​ពួកគេ​នៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI