ព្រះមហាក្សត្រយាងតាមព្រះទីនាំងរថភ្លើងជាលើកទី១ ទៅខេត្តព្រះសីហនុ
ចុះផ្សាយនៅថ្ងៃ៖
ព្រះករុណាព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចម៉ែ រួមទាំងប្រមុខរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី៣០ ធ្នូនេះ បានយាង និងធ្វើដំណើរតាមព្រះទីនាំងរថភ្លើងពីរាជាយស្ម័យយានក្នុងរាជធានីភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ។ ជាព្រះរាជដំណើរដើម្បីប្រារព្ឋពិធីឆ្លងឆ្នាំថ្មី ប៉ុន្តែទន្ទឹមនឹងនោះព្រះមហាក្សត្របានឈាងចុះសួរសុខទុកប្រជាពលរដ្ឋ នៅតាមស្ថានីយរថភ្លើងចំនួនបីកន្លែងផ្សេងគ្នាគឺស្ថានីយខេត្តតាកែវ កំពត និងព្រះសីហនុ។
នេះគឺជាយាងព្រះរាជដំណើររបស់ព្រះមហាក្សត្រ និងសម្តេចម៉ែ តាមព្រះទីនាំងរថភ្លើងលើកទី១តាំងពីក្រោយដាក់ឱ្យដំណើរការនៅខែមេសា។ តាំងពីម៉ោងប្រមាណ៧និង៣០នាទី ព្រះមហាក្សត្រដោយមានការហែហមពីមន្ត្រីរដ្ឋាភិបាលបានធ្វើដំណើរតាមព្រះទីនាំងរថភ្លើងពណ៌ទឹកក្រូចដែលបានដោតទង់ជាតិនៃព្រះរាជាណាចក្រកម្ពុជា និងទង់ព្រះបរមរាជវាំង។
នៅម៉ោងប្រមាណ១០ និង៣០នាទីព្រះទីនាំងរថភ្លើងបានទៅដល់ស្ថានីយរថភ្លើងខេត្តតាកែវ ដោយមានការរងចាំទទួលព្រះរាជដំណើរពីប្រជានុរាស្ត្រក្មេងចាស់ប្រុសស្រី មន្ត្រីរាជកាជាច្រើនរយនាក់ដែលនៅក្នុងនោះក៏មានព្រះសង្ឃផងដែរ។ នៅទីនោះហើយដែលព្រះករុណាព្រះមហាក្សត្រទ្រង់មានព្រះរាជឱង្ការទៅកាន់ប្រជានុរាស្ត្រព្រះអង្គប្រមាណ២នាទីមុននឹងបន្តព្រះរាជដំណើរទៅកាន់ស្ថានីយខេត្តកំពត និងមុននឹងឆ្លងចូលខេត្តព្រះសីហនុ។ ខេត្តព្រះសីហនុដែលព្រះអង្គនិងអ្នកចូលរួមនឹងប្រារព្ឋពិធីឆ្លងឆ្នាំថ្មី ឆ្នាំ២០១៧នៅទីនោះ។
លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការយាងព្រះរាជដំណើររបស់ព្រះមហាក្សត្រតាមផ្លូវរថភ្លើងនេះ គឺជាការចង់ឱ្យព្រះមហាក្សត្របានទតឃើញនូវស្នាព្រះហស្តរបស់អតីតព្រះមហាក្សត្រព្រះបរមរតនៈកោដ្ឋដែលបានកសាងខ្សែរថភ្លើងនេះក្នុងទសវត្សរ៍ទី៦០។
បន្ថែមពីនេះ ការយាងព្រះរាជដំណើរនេះត្រូវបានគេមើលឃើញថាជាការលើកទឹកចិត្តប្រជាពលរដ្ឋទាំងអស់ឱ្យធ្វើដំណើរតាមផ្លូវរថភ្លើង។ លោក ស៊ុន ចាន់ថុល បានលើកឡើងថាការធ្វើដំណើរតាមផ្លូវរថភ្លើងគឺមានតម្លៃថោក សុវត្ថិភាព និងជាការលំហែកាយផងដែរ បើទោះបីជាត្រូវធ្វើដំណើរច្រើនម៉ោងបន្តិចក៏ដោយ។ ខ្សែរថភ្លើងទេសចរណ៍ពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុដែលមានចំងាយ២៦៦គីឡូម៉ែត្រ ត្រូវបានដាក់ឱ្យដំណើរការឡើងវិញកាលពីខែមេសាឆ្នាំ២០១៦ ។
ក្រៅពីខ្សែរថភ្លើងនេះ កម្ពុជាមានខ្សែរថភ្លើងមួយទៀតពីភ្នំពេញទៅកាន់ក្រុងប៉ោយប៉ែត ដែលមានចំងាយប្រមាណ៣៨៥គីឡូម៉ែត្រដែលត្រូវបានកសាងនៅឆ្នាំ១៩២៩ ។ រថភ្លើងទាំងពីរខ្សែត្រូវបានផ្អាកដំណើរការអស់រយៈពេលជាង៣០ឆ្នាំនៅក្នុងសង្គ្រាមស៊ីវិលរ៉ាំរ៉ៃនៅកម្ពុជា។
យ៉ាងណាក៏ដោយ ឆ្នាំ២០០៩ ធនាគារអភិវឌ្ឍន៍អាស៊ី និងដៃគូរអភិវឌ្ឍន៍នានា បានបញ្ចេញកញ្ចប់ថវិកាប្រមាណ១៤១លានដុល្លារ ដើម្បីស្ថាបនាផ្លូវរថភ្លើងទាំងពីរនេះឡើងវិញ។ ជាមួយ ព្រះរាជវត្តមានរបស់អង្គព្រះមហាក្សត្រតាមព្រះទីនាំងរថភ្លើងនាពេលនេះ គេរំពឹងថាខ្សែរថភ្លើងទេសចរណ៍នេះ នឹងអាចសកម្មភាពមមាញឹកឡើងវិញផងដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ