អានតួអត្ថបទ
កម្ពុជា

ក្បួន​ហែ​ញត្តិ​ទៅ​កាន់​ភូមិ​គ្រឹះ​នាយករដ្ឋ​មន្ដ្រី របស់​ប្រជាពលរដ្ឋ​សហគមន៍​ពាមប៉ោ ខេត្ត​ក្រចេះ ត្រូវ​រារាំង

ក្បួន​ហែ​ញត្តិ​របស់ព្រះសង្ឃ និង​អ្នក​ភូមិពាមប៉ោ នាពេល​កន្លង​មក
ក្បួន​ហែ​ញត្តិ​របស់ព្រះសង្ឃ និង​អ្នក​ភូមិពាមប៉ោ នាពេល​កន្លង​មក RFI/Siv Channa
ដោយ៖ អ៊ឹម រចនា
១២ នាទី

ក្បួន​ហែ​ញត្តិ​ទៅ​ភូមិ​គ្រឹះ​លោក​នាយក​រដ្ឋ​មន្ដ្រី​ហ៊ុនសែន របស់​ប្រជាពលរដ្ឋ​សហគមន៍ មក​ពី​ភូមិ​ពាមប៉ោ ឃុំ​ខ្សឹម ស្រុក​ស្នួល ខេត្ត​ក្រចេះ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦​ឧសភា​នេះ ត្រូវ​បាន​រារាំង​ដោយ​កង​កម្លាំង​មាន​សមត្ថកិច្ច​។ ជា​ញត្តិ​សុំ​អន្ដរាគមន៍​ពី​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា ជុំ​វិញ​រឿង​រ៉ាវ​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​ប៊ិនភឿក​២​ ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​ចោទ​ថា បាន​ចូល​មក​ឈូស​ឆាយ បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់។

ផ្សាយពាណិជ្ជកម្ម

ក្បួន​ហែ​ញត្តិ​របស់​ប្រជាពលរដ្ឋ​សហគមន៍​ពាមប៉ោ ខេត្ត​ក្រចេះ ចេញ​ពី​វត្ត​សាមគ្គី​រង្ស៊ី ស្ទឹង​មាន​ជ័យ នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៦​ឧសភា​នេះ ត្រូវ​បាន​រារាំង​ដោយ​​កង​កម្លាំង​មាន​សមត្ថកិច្ច និង​ក្រុម​សន្តិសុខ​។ សមត្ថកិច្ច និង​ក្រុម​សន្តិសុខ ដែល​ប្រដាប់​ទៅ​ដោយ​ដំបង ខែល និង​មួក​ការពារ បាន​ដាក់​ប៉ារ៉ាស់​ឃាត់ប្រជាពលរដ្ឋ និង​ព្រះ​សង្ឃ​ មិន​ឲ្យយក​ញត្តិ​ទៅ​ដាក់​នៅ​​ភូមិ​គ្រឹះ​លោក​នាយករដ្ឋ​មន្ដ្រីឡើយ​។

ប្រឈម​មុខ​នឹង​ការ​រារាំង​នេះ ប្រជាពលរដ្ឋ​ដែល​មាន​ជម្លោះ​ដី​ធ្លី បាន​ស្រែក​តវ៉ា ព្រម​ទាំង​បាន​លើក​បដា​ពាក្យ​ស្លោក និង​ផ្ទាំង​រូបភាព​ជា​ច្រើន បង្ហាញ​ពី​សកម្មភាព​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង​របស់​ពួក​គាត់​ទៀត​ផង​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ប្រឈម​មុខ​ដាក់​គ្នា​នេះ មិន​បាន​បង្ក​ជា​អំពើ​ហិង្សា​ឡើយ​។

អភិបាល​រង​ខណ្ឌ​មាន​ជ័យ លោក​ហៀក ចាន់លាង បាន​ចេញ​មក​ទទួល​ញត្តិ​ពី​ក្រុម​ប្រជាពលរដ្ឋ​សហគមន៍​ពាមប៉ោ ព្រម​ទាំង​បាន​សន្យា​ទៀត​ថា លោក​នឹង​យក​ញត្តិ​នេះ ទៅ​ប្រគល់​ជូន​លោក​នាយករដ្ឋ​មន្ដ្រី។ ក្រោយ​ពី​បាន​ប្រគល់​ញត្តិ​ជូន​អភិបាល​រង​ខណ្ឌ​មាន​ជ័យ ក្រុម​ប្រជាពលរដ្ឋ ព្រម​ទាំង​ព្រះ​សង្ឃ បាន​សម្រេច​​រំសាយ​ចោល​ក្បួនហែ​ញត្តិ ដោយ​ត្រឡប់​ទៅ​ស្នាក់​នៅ​ឯ​​វត្ត​សាមគ្គីរង្ស៊ី​វិញ​។

សូម​ជម្រាប​ថា ជម្លោះ​ដី​ធ្លី​របស់​អ្នក​ភូមិ​ពាមប៉ោ ខេត្ត​ក្រចេះ បាន​ផ្ទុះ​ឡើង​តាំង​ពី​ថ្ងៃ​ទី​៣០​មេសា ដោយ​ប្រជាពលរដ្ឋ​បាន​ចោទ​ក្រុមហ៊ុន​វៀតណាម​ប៊ិនភឿក​២ ថា​បាន​ឈូស​ឆាយ​បំផ្លាញ​ផ្ទះ​សម្បែង និង​ដី​ធ្លី​របស់​ពួក​គាត់​។ ជា​ច្រើន​ថ្ងៃ​មក​ហើយ ដែល​ប្រជាពលរដ្ឋ​សហគមន៍​ពាមប៉ោ ឡើង​មក​កាន់​រាជធានី​ភ្នំពេញ ដោយ​បាន​ដាក់ញត្តិ​នៅ​ស្ថាប័ន​រដ្ឋ ព្រម​ទាំង​ស្ថានទូត​បរទេស​នានា ដើម្បី​សុំ​អន្ដរាគមន៍​ជុំ​វិញរឿង​រ៉ាវ​ជម្លោះ​ដី​ធ្លី​ជាមួយ​ក្រុមហ៊ុន​វៀតណាម​ប៊ិនភឿក​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ