អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

កម្ពុជា​ខ្វះ​ធនធាន​មនុស្ស​ដែល​ពូកែ​!​

សំឡេង ០៤:៥៨
និស្សិតទទួលសញ្ញាបត្របញ្ចប់ការសិក្សា​ នៅកម្ពុជា។​
និស្សិតទទួលសញ្ញាបត្របញ្ចប់ការសិក្សា​ នៅកម្ពុជា។​ រូបថតសហការី
ដោយ៖ ប៉ែន បូណា
២៧ នាទី

គុណភាព​ធនធាន​មនុស្ស គឺជាបញ្ហា​ប្រឈម​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។ និស្សិត​បញ្ចប់​ការ​សិក្សា​ភាគច្រើន​មិន​ត្រឹម​តែ​នៅ​ខ្សោយ​ខាង​ចំណេះដឹង​និង​ចំណេះ​ធ្វើ​ប៉ុណ្ណោះ​ទេ តែ​ពួកគេ​​ក៏​ខ្សោយ​ខាង​ការ​សរសេរ និង​ការ​ជជែក​ពិភាក្សា​ទៀត​ផង។ សាស្ត្រាចារ្យ​ថ្នាក់​ឧត្តម​សិក្សា​​ជា​ច្រើន​បាន​រអ៊ូ​រទាំ​ដូច​ៗ​គ្នា​អំពី​បញ្ហា​នេះ ខណៈ​ដែល​និយោជក​ជា​ច្រើន​ដែល​រើស​បុគ្គលិក​ទៅ​ធ្វើការ​ក៏​ជួប​នឹង​បញ្ហា​ដូច​គ្នា​ដែរ។ បន្តិច​ទៀត​នេះ ​កម្ពុជា​ត្រូវ​ធ្វើ​សមាហរណកម្ម​​ក្នុង​សហគមន៍​អាស៊ាន​តែ​មួយ ដែល​ត្រូវ​ប្រណាំង​ប្រជែង​កាន់​តែ​ខ្លាំង ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​។ ដូច្នេះ កម្ពុជា​ត្រូវ​ការ​វិនិយោគ​ឲ្យ​បាន​ខ្លាំង​ទៅ​លើ​គុណភាព​អប់រំ ដោយ​ផ្តើម​ពី​ថ្នាក់​​បឋម​ឡើង​ទៅ។

ផ្សាយពាណិជ្ជកម្ម

វា​ពិតជា​មិនមែនជា​រឿង​គួរ​ឲ្យ​មើលស្រាល​ឡើយ​នៅពេលដែល​សាស្ត្រាចារ្យ​ថ្នាក់​ឧ​ត្ត​មសិ​ក្សា​ជាច្រើន​បាន​ត្អូញត្អែរថានិស្សិត​ថ្នាក់​បរិញ្ញាបត្រ​ភាគច្រើន ឬ​​រហូតដល់​​ថ្នាក់​​បរិញ្ញា​បត្រ​​ជាន់​ខ្ពស់​មួយចំនួន​ផង​ខ្សោយខាងការសរសេរ។ មិនតែប៉ុណ្ណោះ ពួកគេ​បញ្ចេញមតិ​យ៉ាង​លំបាក​នៅ​ពេល​ដែលត្រូវ​ឡើង​បកស្រាយ​មេរៀនឬក៏ត្រូវជជែកពិភាក្សាអំពីបញ្ហាអ្វីមួយ។

មិនមែន​តែ​សាស្ត្រាចារ្យ​ទេ សូម្បីតែ​និយោជក​ដែល​ជ្រើសរើស​បុគ្គលិក​ទៅ​បម្រើ​ការងារ​ក៏​ជួប​បញ្ហា​ដូចគ្នាដែរ។ ពួកគេ​ត្អូញត្អែរស្រដៀងៗគ្នាថា ​បុគ្គលិក​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រឬ​បរិញ្ញាបត្រ​​ជាន់ខ្ពស់​មួយចំនួន​មាន​សមត្ថភាព​ទាប​ជាង​សញ្ញាបត្រ​ឆ្ងាយ​ណាស់។ នេះ​គឺជា​បញ្ហាគួរឲ្យ​ព្រួយ​បារម្ភសម្រាប់​អនាគត​ប្រទេស​កម្ពុជា។ ព្រួយបារម្ភ​ដោយហេតុថា កម្ពុជាមិន​អាចស្គាល់​ការអភិវឌ្ឍពិតប្រាកដដោយ​បាន​ឡើយ ប្រសិន​បើ​គ្មាន​ធនធាន​មនុស្ស​ប្រកប​ដោយ​​គុណភាព​ទេនោះ។

មាន​មូលហេតុ​ជាច្រើន​ដែល​បណ្តាល​ឲ្យ​ការបណ្តុះបណ្តាល​ធនធាន​មនុស្ស​នៅ​កម្ពុជា​មិន​សូវ​មាន​គុណភាព។ មូលហេតុ​សំខាន់​ជាងគេមួយ​គឺ​ប្រព​ន្ធ័​អប់រំ​ដែល​មិនអាច​ផ្តល់​គ្រឹះ​រឹងមាំ​ដល់​សិស្ស​។ ទម្លាប់​នៃ​ការបង្រៀន​និង​ការរៀន​តាំងពីថ្នាក់ក្រោមទៅមិន​អំណោយ​ផល​ទាល់​តែ​​សោះ​ដល់​ការសរសេរនិង​ការជជែក​វែកញែក​រប​ស់កុមារនិងយុវជន។ ជាទូទៅ​សិស្ស​អង្គុយ​ចាំតែ​ស្តាប់​គ្រូ ចំណែកឯ​គ្រូ​វិញ​ចូលចិត្ត​និយាយ​ឲ្យ​សិស្ស​ស្តាប់​ច្រើនជាងឲ្យ​សិស្ស​បង្កើត​គំនិត ជជែក​ពិភាក្សាគ្នា និង​សរសេរ​ឲ្យ​បាន​ច្រើន។ ទម្លាប់​នេះ​បានធ្វើ​ឲ្យ​សិស្ស​បាត់បង់​​ឱកាស​ក្នុង​ការ​សរសេរ ឬ​ក្នុងការ​ពិចារណា និង​ស្រាវជ្រាវ​ដើម្បី​បង្កើន​ធនធាន​បញ្ញា​របស់ខ្លួន។ ចំណែក​នៅ​ថ្នាក់​ឧត្តម​សិក្សា ក៏​នៅ​មាន​ភាព​ធូរលុង​នៅ​ឡើយ សម្រាប់​ការ​ទទួល​បាន​សញ្ញាបត្រ។

ជាការពិត មាន​កត្តា​ច្រើនយ៉ាង​ប្រទាក់ក្រឡា​គ្នា​ដែល​ធ្វើ​ឲ្យ​ធនធានមនុស្ស​នៅ​ទន់ខ្សោយ។ កត្តា​គ្រូ កត្តា​សិស្ស កត្តា​ឳ​ពុក​ម្តាយ ទម្លាប់​មិន​ចូលចិត្ត​អាន រួមផ្សំ​នឹង​និន្នាការ​សង្គម​ដែល​ផ្តល់​តម្លៃ​លើ​ប្រាក់​និង​សម្ភារៈ​ជាង​មនសិការ​និង​ចំណេះវិជ្ជា សុទ្ធតែជា​ឧបសគ្គ​ដែល​ធ្វើ​ឲ្យ​ក្រិន​បញ្ញា​ស្មារតី​របស់​យុវវ័យ​ខ្មែរ។ ជីវភាព​ខ្វះខាត​មិន​អនុញ្ញាត​ឲ្យ​គ្រូបង្រៀន​បំពេញ​តួនាទី​របស់​ខ្លួន​បានល្អ​ឡើយ។ ចំណែកឯ​សិស្ស​វិញ​ក៏​ហាក់ដូចជា​មិនសូវ​មានការ​តាំងចិត្ត​ខំរៀន​ប៉ុន្មាន​ដែរ ។ និយាយជារួម អ្នករៀន​ច្រើន​ប្រាថ្នាចង់​បាន​សញ្ញាបត្រ​ខ្ពស់​ជាង​ចំណេះដឹង​និង​ចំណេះ​ធ្វើ។

នៅឯ​ផ្ទះ ឪពុកម្តាយ ឬ​អាណាព្យាបាល​ភាគច្រើន​មិនសូវ​ជាមាន​ពេល​តាមដាន​កូន, បង្រៀន​កូន និង​ធ្វើជា​គំរូ​ដល់​កូន​ក្នុងការ​សិក្សា​រៀនសូត្រ​ឡើយ។ កុំថាឡើយ​តែ​អ្នក​ដែលមាន​ជីវភាព​ទ័លក្រ សូម្បីតែ​អ្នកមាន​ជីវភាព​ធូរធា​ខ្លះក៏​មិនទាន់​ឲ្យ​តម្លៃ​ទៅលើ​សៀវភៅអាន​សម្រាប់​​កូន​នៅឡើយ​ដែរ។ មានគ្រួសារ​ខ្មែរ​តិចតួច​ណាស់​ដែល​ចំណាយពេល​និង​ចំណាយ​ប្រាក់​ទិញ​សៀវភៅ​ឲ្យ​កូន​អាន​ឬ​មាន​ទម្លាប់​នាំ​កូន​ទៅ​កន្លែង​លក់​សៀវភៅ។ ការផ្តល់​អំណោយ​សៀវភៅ​​ដល់​កុមារ​នៅតែ​ជា​រឿង​គួរ​ឲ្យ​ខ្មាសអៀន​មួយ​នៅក្នុង​សង្គម​ខ្មែរ។ កត្តា​ទាំងនេះ​ហើយ​​ដែល​​ធ្វើ​គ្រឹះ​នៃ​ការសិក្សា​របស់​កុមារ​មិន​រឹងមាំ​តាំងពី​ថ្នាក់ក្រោម​មកម្ល៉េះ។

ដើម្បី​ស្រាយ​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ ​ការគិតគូរ​ដល់​ជីវភាព​គ្រូបង្រៀន​គឺជា​គន្លឹះ​ចាំបាច់​ទី១។ ចំណែកឯការកែប្រែ​របៀបសិក្សា​ដោយផ្តោតឲ្យបានខ្លាំងទៅលើការស្រាជ្រាវ សរសេរ​ និងការជជែកពិភាក្សាឲ្យបានច្រើនជាងការអង្គុយកត់មេរៀនតាមគ្រូគឺជា​បញ្ហាសំខាន់ទី២ ។ តាមពិត ក្រសួង​អប់រំ​បាន​ដើរ​មួយ​ជំហាន​រួចទៅហើយ​តាមរយៈ​ការជំរុញ​ប្រព​ន្ធ័«សិស្ស​មជ្ឈមណ្ឌល» ប៉ុន្តែ វា​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​ជាទូទៅនៅឡើយ​ទេ។ នៅមាន​កិច្ចការ​ច្រើន​ទៀត​ដែល​ក្រសួង​ត្រូវ​ពុះពារ​ធ្វើ​ឲ្យ​បាន។ ទន្ទឹមនឹង​នោះដែរ ឳ​ពុក​ម្តាយ​ក៏មាន​ចំណែក​យ៉ាងសំខាន់​ក្នុងការជួយ​ចូលរួមចំណែក​​លើកកម្ពស់​ការសិក្សា​រប​ស់​កូន​ដែរ។

បន្តិចទៀតនេះ កម្ពុជា​នឹងត្រូវ​ប្រកួតប្រជែង​ជាមួយ​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន។​ ប្រសិន​បើ​​ធនធានមនុស្ស​នៅ​ខ្សោយ​បែបនេះ កម្ពុជា​នឹងមិន​អាច​ទាញ​ផលប្រយោជន៍​ពី​សហគមន៍​អាស៊ាន​តែមួយ​បានទេ ហើយ​អនាគត​ប្រទេសជាតិ​ក៏​មិនដឹង​ពឹងពាក់​លើ​អ្វី​ដែរ។ ដូច្នេះ ដល់​ពេល​ហើយ​ដែល​កម្ពុជា​ត្រូវ​រៀបចំថ្នាល​បណ្តុះធនធានមនុស្សឲ្យបានល្អ​តាំងពីថ្នាក់​ក្រោម​ឡើង​ទៅ ​ពីព្រោះ​ប្រទេសមួយ​អាច​អភិវឌ្ឍ​ន៍ជឿនលឿនបាន​​ត្រូវ​ពឹងផ្អែក​​ទៅលើ​ធនធាន​មនុស្សដែលពូកែ គឺមិនមែនពឹងលើសញ្ញាបត្រដែលមិនឆ្លុះបញ្ចាំងពីសមត្ថភាពនោះឡើយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ