អ្នកមានជម្លោះដីធ្លីនៅបុរីកីឡាតវ៉ាឲ្យអភិបាលរាជធានីគោរពការសន្យា
ប្រជាពលរដ្ឋប្រមាណជាង១០០នាក់ ដែលមកពីសហគមន៍អតីតអ្នកបុរីកីឡា និងមានការចូលរួមពីសហគមន៍បឹងកក់ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ប្រមូលផ្តុំគ្នាតវ៉ានៅខាងមុខសាលារាជធានីភ្នំពេញ ដើម្បីទាមទាររកដំណោះស្រាយដីធ្លី ។ ជាការតវ៉ា ដើម្បីឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ ធ្វើតាមការសន្យាដែលថា លោកនឹងដោះស្រាយបញ្ហាដីធ្លី ក្រោយលោកជាប់ជាអភិបាលរាជធានី។ យ៉ាងណា ក្រុមអ្នកភូមិតវ៉ាបានថ្លែង រហូតមកដល់ពេលបច្ចុប្បន្ននេះ គ្មានដំណោះស្រាយណាមួយឡើយចំពោះបញ្ហាដីធ្លីនៅក្នុងទីក្រុងភ្នំពេញ គឺមានតែការសន្យាប៉ុណ្ណោះ។
ចុះផ្សាយនៅថ្ងៃ៖
វាមិនមែនជាលើកទីមួយទេ ដែលប្រជាសហគមន៏បុរីកីឡា អ្នកភូមិបឹងកក់ និងសហគមន៏ដីធ្លីផ្សេងៗទៀតនៅក្នុងរាជធានីភ្នំពេញបាននាំគ្នាមកតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីឲ្យថ្នាក់ដឹកនាំស្ថាប័នមួយនេះរកដំណោះស្រាយដល់ពួកគាត់នោះ។
ក្រុមអ្នកតវ៉ាមកពីអតីតសហគមន៏បុរីកីឡា និងបឹកកក់ ដែលមានបញ្ហាដោយសារទំនាស់ដីធ្លីអស់ជាច្រើនឆ្នាំមកហើយនោះ បានបន្តការតវ៉ារបស់ខ្លួនជាថ្មីទៀតនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ នៅមុខសាលារាជធានីភ្នំពេញ ដោយទាមទារឲ្យលោក ប៉ា សុជាតិវង្ស អភិបាលរាជធានីចេញមុខរកដំណោះស្រាយពិតប្រាកដមួយជូនពួកគាត់តាមការសន្យា។
លោក ពេជ្រ លឹមឃុន តំណាងសហគមន៏បុរីកីឡាបានថ្លែងថា លោក ប៉ា សុជាតិវង្ស ដែលបានសន្យាក្រោយការឡើងកាន់តំណែងជាអភិបាលក្រុងតាំងពីដើមខែឧសភា ថា ស្វែងរកដំណោះស្រាយដល់អ្នកបុរីឡាដែលមានបញ្ហាដីជាមួយក្រុមហ៊ុនផានអ៊ីម៉ិច គឺលោកមិនបានធ្វើតាមការសន្យានោះទេ ដែលជាហេតុធ្វើឲ្យអ្នកភូមិបន្តរស់នៅគំនរសម្រាម និងក្រោមដំបូលតង់ធ្លុះធ្លាយយ៉ាងវេទនា។
លោកបញ្ជាក់ថា ការសន្យារបស់លោកអភិបាលក្រុងបានធ្វើឡើងតាំងពីមុនពេលបោះឆ្នោត ប៉ុន្តែរហូតដល់ក្រោយការបោះឆ្នោតនេះទៀត ដំណោះស្រាយក៏នៅតែមិនមាន។ លោកបន្តថា ប្រជាពលរដ្ឋរងគ្រោះអស់ជំនឿលើការសន្យារបស់លោកអភិបាល ដោយទាមទារឲ្យមានដំណោះស្រាយជាក់លាក់មួយជាបន្ទាន់។
តំណាងសហគមន៍បុរីកីឡាបានបន្តរអោយដឹងទៀតថា កាលពីមុនៗ ក្រុមសហគមន៍ធ្លាប់ស្វែងរកឲ្យមានការធ្វើអន្តរាគមន៍ពីគ្រប់ស្ថាប័ន ទាំងរដ្ឋ ទាំងសង្គមស៊ីវិល ប៉ុន្តែមិនទាន់ទទួលបានដំណោះស្រាយអ្វីឡើយ។ ហេតុដូច្នេះក្តីសង្ឃឹមតែមួយចុងក្រោយរបស់អ្នកភូមិបុរីកីឡា គឺ ធ្វើការតវ៉ានៅមុខសាលារាជធានីភ្នំពេញ ដើម្បីសុំដំណោះស្រាយច្បាស់លាស់មួយពីលោកអភិបាលរាជធានីភ្នំពេញ។
លោក ឡុង ឌីម៉ង អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចទាក់ទងសុំការពន្យល់បានទេនៅព្រឹកថ្ងៃព្រហស្បត្តិ៍នេះ។
អតីតអ្នកបុរីកីឡា អះអាងថា ពួកគេ៤៥គ្រួសារក្នុងចំណោម ១០៧គ្រួសារ មិនទាន់បានទទួលសំណងពីក្រុមហ៊ុនផានអ៊ីម៉ិច ហើយកំពុងរស់នៅកន្លែងចាស់ ដែលពួកគាត់ធ្លាប់រស់នៅមុនពេលក្រុមហ៊ុន បានបណ្ដេញចេញកាលពីដើមឆ្នាំ២០១២។
គួរបញ្ជាក់ថា ការតវ៉ារបស់អ្នកភូមិបុរីកីឡា និងបឹកក់កាលពីព្រឹកមិញនេះ មានកម្លាំងសមត្ថកិច្ចចម្រុះប្រដាប់ដោយខែល និងដំបងឆក់ប្រមាណជាង១០០នាក់ បានរារាំក្រុមអ្នកតវ៉ាផងដែរ ប៉ុន្តែមិនមានការប៉ះទង្គិចគ្នានោះទេ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ