ជនរងគ្រោះដោយការបណ្ដេញចេញពីលំនៅដ្ឋាន និង ដីធ្លី ប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ប្រជាជនរងគ្រោះដោយការបណ្ដេញចេញពីលំនៅដ្ឋាន និង ដីធ្លី និង ព្រះសង្ឃជាច្រើននាក់ និង អង្គ បានប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកលើកទី២៨ នៅកន្លែងរូបសំណាកលោកយាយពេញ ក្បែរវត្តភ្នំ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ តុលា នេះ។ ការប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោក មានគោលបំណងជុំរុញរដ្ឋភាគីនីមួយៗធានាបាននូវសិទ្ធិលំនៅដ្ឋានជូនប្រជាពលរដ្ឋដូចមានចែងក្នុងច្បាប់ជាតិ និង អន្តរជាតិ។
ប្រជាជនរងគ្រោះដោយការបណ្ដេញចេញពីលំនៅដ្ឋាន និង ដីធ្លី មកពី ៣៣ សហគមន៍ ដែលមានគ្នាប្រហែល៥០០ នាក់ ព្រមទាំងព្រះសង្ឃប្រមាណ៣០អង្គ បានចូលរួមប្រារព្ធទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១០ តុលានេះ។ ទិវាសិទ្ធិលំនៅដ្ឋានពិភពលោកត្រូវបានគេប្រារព្ធឡើងដើម្បីបង្ហាញពី ទុក្ខវេទនារបស់ជនរងគ្រោះដែលត្រូវគេបណ្ដេញចេញពីលំនៅដ្ឋាន ការតស៊ូស្វែងរកសិទ្ធិសេរីភាពលំនៅដ្ឋានរបស់សកម្មជនដីធ្លីទាំងឡាយ និង ដើម្បីដាក់ញាត្តិទៅកាន់អភិបាលរាជធានីភ្នំពេញស្នើសុំដំណោះស្រាយសមស្របមួយសម្រាប់ប្រជាជនរងគ្រោះដោយការបណ្ដេញចេញពីលំនៅដ្ឋាន និង ដីធ្លីទាំងអស់។ នេះបើតាម លោក វន ពៅ ប្រធានសមាគមន៍ប្រជាធិបតេយ្យឯករាជ្យសេដ្ឌកិច្ចក្រៅប្រព័ន្ធ។
ក្រៅពីការការចូលរួមរបស់ប្រជាជនទាំង៣៣ សហគមន៍រួមមាន សហគមន៏ថ្មគោល បឹងកក់ បុរីកីឡា បឹងឈូក ស្ទឹងមានជ័យ ភូមិអណ្ដូង និង សហគមន៍ជាច្រើនទៀត ក៏មានផងដែរនូវការចូលរួមពីអង្គការសង្គមស៊ីវិលចំនួន ២០ ផ្សេងទៀត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋប្រមាណ៤សែននាក់នៅតាមបណ្ដាខេត្ត និង ១ សែន ៥ ម៉ឺននាក់នៅរាជធានីភ្នំពេញ គ្មានទីជំរកដោយសារវិវាទដីធ្លីចាប់តាំងពីឆ្នាំ២០០៣ មក ហើយប្រជាពលរដ្ឋទាំងនោះទទួលការឈឺចាប់យ៉ាងខ្លាំងនៅពេលដែលលំនៅដ្ឋាន និង ទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ពួកគេត្រូវបានបផ្លាញដោយប្រើប្រាស់គ្រឿងចក្រត្រាក់ទ័រកម្ទេច និង បូមខ្សាច់ពន្លិច ហើយ ប្រជាពលរដ្ឋភាគច្រើនទទួលរងការវាយដំ ចាប់ខ្លួន និង រងការប្រើប្រាស់ប្រព័ន្ធតុលាការគាបសង្កត់។ នេះបើតាមខ្លឹមសារនៃញាត្តិដែលប្រជាជនដាក់ជូនអភិបាលរាជធានីភ្នំពេញ។ នៅក្នុងញាត្តិនេះដដែលប្រជាជនក៏បានអំពាវនាវសុំឲ្យមានការអភិវឌ្ឍន៍បែបសមធម៌នៅប្រទេសកម្ពុជា បញ្ឈប់ការរំលោភយកដីធ្លីទូទាំងប្រទេស និង គិតគូរដល់មនុស្សជាតិមុនគិតពីផលប្រយោជន៍ផ្សេងៗ។
ក្នុងពេលដង្ហើរញាត្តិពីកន្លែងរូបសំណាកយាយពេញ ទៅកាន់សាលារាជធានីប្រជាពលរដ្ឋមានការប៉ះទង្គិចបន្តិចបន្តួចជាមួយសមត្ថកិច្ចនៅចំនុចមុខក្លោងទ្វាសាលារាជធានី។ ការប៉ះទង្គិចដែលបង្កឲ្យមានស្ដ្រីពីរនាក់រងរបួសជើង និង ព្រះសង្ឃមួយអង្គរបួសលើផ្ទៃមុខ។ មូលហេតនៃការប៉ះទង្គិចបណ្ដាលមកពីប្រជាជនមួយចំនួនបានគប់ដបទឹកសុទ្ធទៅកាន់ក្រុមសមត្ថកិច្ច នៅពេលដែលសមត្ថកិច្ចព្យាយាមរុញប្រជាជនកុំឲ្យសម្រុកចូលសាលារាជធានី។
ជនរងគ្រោះដែលប្រឈមនឹងការបណ្ដេញចេញម្នាក់មកពីសហគមន៍បឹងឈូក ដែលមានឈ្មោះថា ច្រាម ណឹម រពឹងថាអាជ្ញានឹងផ្ដល់ដំណោះស្រាយសមស្របមួយជូនជនរងគ្រោះទាំងអស់ និង សូមឲ្យប្រជាពលរដ្ឋកម្ពុជាទាំងអស់បានដឹងពី ទុក្ខវេទនារបស់ប្រជាពលរដ្ឋដែលត្រូវគេបណ្ដេញចេញ និង ប្រជាពលរដ្ឋដែលប្រឈមនឹងការបណ្ដេញចេញពីលំនៅដ្ខាន ព្រមទាំងយល់ពីសារសំខាន់នៃទិវាសិទ្ធិលំនៅដ្ឋានពិភពលោកនេះ។
គួររម្លឹកថាប្រជាពលរដ្ឋទាំងបានរំសាយចេញពីមុខសាលារាជធានីភ្នំពេញនៅម៉ោងប្រមាណ ១១ និង ៣០ នាទីបន្ទាប់ពីមន្ត្រីសាលារាជធានីយល់ព្រមទទួលញាត្តិ។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ