អានតួអត្ថបទ
កម្ពុជា

តំណាង​​អ្នក​ដឹក​នាំ​​កសិករ​​ជួប​ប្រជុំ​គ្នា​​នៅ​​ភ្នំពេញ​​រយៈ​ពេល​​ពីរ​​ថ្ងៃ​ រៀប​ចំ​​ផែនការ​​ក្លាយ​ជា​​សេដ្ឋី​​ស្រុក​ស្រែ​

លោក យ៉ង សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ផ្តល់​បទសម្ភាសដល់អ្នកកាសែត
លោក យ៉ង សាំងកុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុជា​ផ្តល់​បទសម្ភាសដល់អ្នកកាសែត RFI /សហការី
ដោយ៖ វ៉ា សំណព្វ
១២ នាទី

តំណាង​​អ្នក​ដឹក​នាំ​​កសិករ​​ថ្នាក់​ស្រុក​​ចំនួន​៦០​នាក់ ​មក​ពី​១៦​ខេត្ត ​ក្នុង​ប្រទេស​​កម្ពុជា ​បាន​មក​​ជួប​ប្រជុំ​គ្នា​រ​យៈ​​ពេល​២​ថ្ងៃ​នៅ​​ទី​ក្រុង​​ភ្នំ​ពេញ ​ដើម្បី​​រៀប​ចំ​​ផែន​ការ​​ធ្វើ​ឲ្យ​​ក្លាយ​ជា​​សេដ្ឋី​​ស្រុក​ស្រែ​។ ​កិច្ច​ប្រជុំ​​ដែល​​បាន​​ធ្វើ​ឡើង​​ចាប់​ពី​​ថ្ងៃ​ទី​២​តុលា​​នេះ ​និង​​បញ្ចប់​​នៅ​​​ថ្ងៃ​ទី​៣​តុលា​​ស្អែក ​ដើម្បី​​រៀប​ចំ​​ផែនការ​​ជាក់​លាក់​​ដែល​​គេ​​ហៅ​ថា ​សហគមន៍​​ដែល​មាន​​ការ​អភិវឌ្ឍន៍​​អាស្រ័យ​​ដោយ​​ខ្លួន​ឯង​ ហៅ​​កាត់​​ថា ​(ស២២)​ ។

ផ្សាយពាណិជ្ជកម្ម

កិច្ចប្រជុំ​ដែល​ដឹកនាំ​ដោយ​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា​ហៅ​កាត់​ថា សេ​ដាក(CEDAC)នេះ ធ្វើឡើង ដើម្បីឲ្យ​អ្នកដឹកនាំ​កសិករ​ថ្នាក់ស្រុក​ទាំង៦០ មកពី១៦ខេត្ត​នេះ រៀបចំ​ផែនការ​ជាក់លាក់​សម្រាប់​គម្រោង​ក្លាយជា​សេដ្ឋី​ស្រុកស្រែ ដែល​គេ​ហៅថា សហគមន៍​ដែលមាន​ការអភិវឌ្ឍន៍​អាស្រ័យ​ដោយ​ខ្លួនឯង ហៅ​កាត់​ថា (ស២២)។ ជា​ផែនការ​ជំហាន​ទី២របស់​អង្គការ​សេ​ដាក ក្រោយពី​បញ្ចប់​គម្រោង​ជំហាន​ទី១ ក្នុងការ​បង្រៀន និង​ផ្តល់​បច្ចេកទេស​កសិកម្ម​ដល់​កសិករ ចាប់តាំងពី​ឆ្នាំ១៩៩៧មក​នោះ។       

លោក យ៉ង សាំង​កុមារ ប្រធាន​មជ្ឈមណ្ឌល​សិក្សា​និង​អភិវឌ្ឍន៍​កសិកម្ម​កម្ពុ​ជា បាន​លើកឡើងថា សេ​ដាក និង​សហគមន៍​កសិករ​បាន​កំណត់​នូវ​ផែនការ​នេះ រហូតដល់​ឆ្នាំ២០២២ ពោលគឺ​ធ្វើយ៉ាងណា​ឲ្យ​កសិករ​ខ្មែរ​ដែល​ស្ថិតនៅក្រោម​ការគាំទ្រ​រប​ស់​សេ​ដាក ក្លាយជា​សេដ្ឋី​ស្រុកស្រែ ។ សេដ្ឋី​ស្រុកស្រែ បើតាម​ការពន្យល់​រប​ស់លោក យ៉ង សាំង​កុមារ គឺ​សំដៅ​ទៅលើ​កសិករ​ដែល​អាច​កំណត់​ជោគវាសនា​បាន​ដោយ​ខ្លួនឯង និង​មាន​ជីវភាព​ធូ​ធារ មាន​សុខ​ភាពល្អ មានចំណេះដឹង និង​មិត្ត​ភាពល្អ។ 

សូមបញ្ជាក់ថា នៅក្នុង​ជំហាន​ទី១ ចាប់តាំងពី​ឆ្នាំ១៩៩៧មក ទល់នឹង​ពេល​បច្ចុប្បន្ននេះ សេ​ដា​កបាន​ជួយ​គាំទ្រ​ផ្នែក​បច្ចេកទេស​កសិកម្ម​ដ​ល់​កសិករ​ខ្មែរ​បាន​ចំនួន​ជាង១សែន​គ្រួសារ។ ហើយ​នៅក្នុង​ជំហាន​ទី២នេះ សេ​ដាក​នឹង​ជ្រើសរើស​កសិករ​យ៉ាងតិច២ម៉ឺន​គ្រួសារ រឺ​អោយបាន១សែន​គ្រួសារ ដើម្បី​ទទួលយក​គម្រោង​ក្លាយជា​សេដ្ឋី​ស្រុកស្រែ​នេះ។ ហើយ​បើតាម​លោក យ៉ង សាំង​កុមារ​ដដែល គិត​ត្រឹម​ឆ្នាំ២០១៤នេះ កសិករ​ជាង២ពាន់​នាក់ នឹងដាក់​ពាក្យ​ចូលរួម​នៅក្នុង​គម្រោង​នេះ៕  
 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ