ក្រសួងពាណិជ្ជកម្ម អំពាវនាវឱ្យសហគ្រាសយកចិត្តទុកដាក់លើគុណភាពទំនិញ ដើម្បីបង្កើនការនាំចេញទៅបរទេស
ចុះផ្សាយនៅថ្ងៃ៖
លោក ប៉ាន សូស័ក្ត រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជំរុញឱ្យម្ចាស់សហគ្រាស ពាណិជ្ជករ និង អាជីវករខ្មែរ ផ្តោតការយកចិត្តទុកដាក់បន្ថែមទៀត ចំពោះ តម្លៃ គុណភាព ព្រមទាំង ការវេចខ្ចប់ទំនិញ ឱ្យស្របតាមស្តង់ដាបច្ចេកទេស ដើម្បីពង្រីកទីផ្សារទំនិញទៅក្រៅប្រទេស។ ការអំពាវនាវរបស់រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនាពេលនេះ ចំពេលដែល ទំហំនៃការនាំចេញទំនិញរបស់កម្ពុជា កំពុងកើនឡើងជាបន្តបន្ទាប់ ដោយបរិមាណទឹកប្រាក់នាំចេញទំនិញ គិតត្រឹម ៦ ខែ ដើមឆ្នាំ ២០១៦ នេះ មានចំនួន ៤,៦ លានដុល្លារមេរិក។
ការនាំទំនិញចេញរបស់កម្ពុជា បានកើនទ្បើងជាលំដាប់ ដោយក្នុងនោះទឹកប្រាក់នាំចេញទំនិញឆ្នាំ ២០១៣ មានចំនួន ៦,៩ពាន់លានដុល្លារ, ឆ្នាំ ២០១៤ ចំនួន ៧ពាន់លានដុល្លារ និងឆ្នាំ ២០១៥ ចំនួន ៨,៥ ពាន់លានដុល្លារ។សម្រាប់រយៈពេល ៦ខែ ដើមឆ្នាំ២០១៦ មានចំនួន ៤,៦ពាន់លានដុល្លារ គឺបានកើនទ្បើងចំនួន ០,៣៨ពាន់ លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៥។ នៅក្នុងនោះរួមមាន ការកើនឡើងនូវការនាំចេញទំនិញក្នុងវិស័យវាយនភណ្ឌកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង និងកសិ-ឧស្សាហកម្ម ជាដើម។
ស្របពេលទំហំទឹកបា្រក់នៃការនាំចេញទំនិញ កំពុងហក់ឡើងខ្ពស់ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ បានជំរុញឱ្យម្ចាស់សហគ្រាស ខិតខំប្រែងប្រែងធ្វើយ៉ាងណាឱ្យ ការរៀបចំផលិតផល ទាំងគុណភាព និង តម្លៃឲ្យស្របតាមស្តង់ដា ពិសេស ការវេចខ្ចប់ សោភណភាព កាន់តែមានលក្ខណៈល្អប្រសើរ ដើម្បីអាចប្រកួតប្រជែងជាមួយអន្តរជាតិបាន និង អាចជំនួសការនាំចូលទំនិញពីបរទេស។
បន្ថែមលើនេះ ដើម្បីសម្រួលដល់ការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់បរិយាកាសធុរកិច្ច ក្រសួងពាណិជ្ជកម្មបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្មសំខាន់ៗ និងការបង់ចំណាយលើសេវាតាមប្រព័ន្ធ e-payment នៅទូទាំងប្រទេស។ ក្រសួងពាណិជ្ជកម្ម កំពុងជំរុញការរៀបចំសេចក្តីព្រាងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់វិស័យពាណិជ្ជកម្ម ដើម្បីបង្កើនការទាក់ទាញវិនិយោគថែមទៀត។
រដ្ឋមន្រ្ដីក្រសួង ពាណិជ្ជកម្ម បានអះអាងថា ក្រសួងចាំជួយដោះស្រាយគ្រប់ពេលវេលាដល់កសិករ ពាណិជ្ជករ និងផលិតករទាក់ទងនឹងបញ្ហាទីផ្សារលក់ ផលិតផលក្នុងស្រុក និងការនាំចេញ ទៅក្រៅប្រទេស។
យ៉ាងណាមិញ លោក ក៏ចង់ឲ្យពាណិជ្ជករ សហគ្រិន និងវិនិយោគិនទាំងក្នុង ស្រុក និងក្រៅប្រទេស ពិចារណាវិនិយោគលើវិស័យអាទិភាពមួយចំនួនដូចជា កសិ-ឧស្សាហកម្ម ឧស្សាហកម្ម កែច្នៃ ទូរគមនាគមន៍ និងដឹកជញ្ជូន ឧស្សាហកម្ម និងថាមពល ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងទេសចរណ៍ ដើម្បីទទួលបានការអនុគ្រោះពន្ធរយៈពេល វែង និងការលើកទឹកចិត្តផ្សេងៗពីរដ្ឋាភិបាល។
ជាការកត់សម្គាល់ កាលពីខែ តុលា កន្លងទៅ វៀតណាម បានយល់ព្រមផ្តល់ភាពអនុគ្រោះពន្ធសូន្យភាគរយដូចគ្នានូវមុខទំនិញចំនួន ៣៩ ដល់ភាគីកម្ពុជាក្នុងនោះមានអង្ករចំនួន ៣០ ម៉ឺនតោនរៀងរាល់ឆ្នាំ និងសន្លឹកថ្នាំជក់ស្ងួត ៣ ០០០ តោនសម្រាប់ឆ្នាំ ២០១៦-២០១៧។
ដោយឡែក កាលពីដើមខែ កក្កដា វិញ ស.រ.អា.បានប្រកាសអំពីការអនុគ្រោះពន្ធលើទំនិញសម្រាប់ការធ្វើដំណើរដែលផលិតនៅកម្ពុជាជាច្រើនប្រភេទដូចជាវ៉ាលីស កាបូបស្ពាយ កាបូបដៃ និងកាបូបលុយដាក់ក្នុងហោប៉ៅនឹងអាចនាំរបស់ទាំងនេះទៅកាន់សហរដ្ឋអាមេរិក។
ចំណែក ប្រទេសចិន នឹងបង្កើនកម្រិតកូតានាំចេញសម្រាប់ស្រូវអង្ករកម្ពុជា ឲ្យបានរហូតដល់២០ម៉ឺនតោនបន្ថែមទៀតនៅក្នុងឆ្នាំ២០១៧។ ភាគីចិន នឹងពិគ្រោះយោបល់ជាមួយស្ថាប័នពាក់ព័ន្ធនានាដើម្បីផ្តល់ការអនុគ្រោះពន្ធគយក្នុងកម្រិតរហូតដល់ ៩៧ភាគរយ នៃខ្សែបន្ទាត់ពន្ធគយសរុបក្រោមក្របខ័ណ្ឌអនុគ្រោះដោយឲ្យរួចពន្ធគយ និងគ្មានកូតាកំណត់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ