កម្ពុជា-ច្បាប់

ក្រសួង​មហា​ផ្ទៃ អំពាវនាវ​ឲ្យ​អ្នក​ប្រើ​ហ្វេស​ប៊ុក​កុំ​ចែក​ចាយ​ព័ត៌មាន​មិន​ពិត​ពី​ករណី​បាត់​ក្មេង

ព័ត៌មានស្តីពីការចាប់ក្មេង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។
ព័ត៌មានស្តីពីការចាប់ក្មេង ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក កាលពីពេលថ្មីៗនេះ។ FB

បន្ទាប់​ពី​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ពី​ករណី​បាត់​ក្មេង​ជា​បន្ត​បន្ទាប់​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ក្រសួង​មហា​ផ្ទៃ នៅ​ថ្ងៃ​នេះ បាន​អំពាវ​នាវ​ដល់​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​កុំ​ឲ្យ​ចែក​ចាយព័ត៌មាន​ពី​ករណី​បាត់​ក្មេង​នេះ​ត​ទៅ​ទៀត​។ ជា​សកម្មភាព​ដែល​ត្រូវ​បាន​ក្រសួង​មហាផ្ទៃ​អះ​អាង​ថា អាចបង្ក​ភាព​ចលាចល និង​អស្ថេរភាព​ក្នុង​សង្គម ខណៈ​រហូត​មក​ទល់​ពេល​នេះ ក្រសួង​មហាផ្ទៃ​មិន​ទាន់ទទួល​បាន​សេចក្តី​រាយការណ៍​ពី​ករណី​ចាប់​ក្មេង​ណា​មួយ​កើត​ឡើង​ក្នុង​ប្រទេសកម្ពុជា​នោះ​ឡើយ។

ផ្សាយពាណិជ្ជកម្ម

លោក ខៀវ សុភ័ក្ត្រ អ្នក​នាំ​ពាក្យ​ក្រសួង​មហា​ផ្ទៃ បាន​កត់សម្គាល់​ថា នា​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មក​នេះ​ មាន​អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​ច្រើន ពី​ករណី​បាត់​ក្មេង​ជា​បន្ត​បន្ទាប់​នៅ​ប្រទេស​កម្ពុជា។ យ៉ាង​ណា​ក៏​ដោយ ក្រសួង​មហា​ផ្ទៃ អះ​អាង​ថា ព័ត៌មាន​ទាំង​នោះ​គឺ​ជា​ព័ត៌​មាន​មិន​ពិត ។ លោក ខៀវ សុភ័ក្រ្ត ចាត់​ទុក​ថា សកម្មភាព​បែប​នេះ​គឺ​ជា​ការ​បំផុស​បំផុល​ឲ្យ​មាន​ភាព​ចលាចល​ក្នុង​សង្គម​។ ធ្ងន់​ធ្ងរ​ជាង​នេះ ការ​ចូល​រួម​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មិន​ពិត ក៏​ត្រូវ​បាន​ចាត់​ចូល​ថា​ជា​ការ​ចូល​រួម​ប្រព្រឹត្តិ​បទល្មើស​ដោយ​មិន​ដឹង​ខ្លួន​។

យ៉ាង​ណា​ក៏ដោយ ឆ្លើយ​តប​នឹង​ក្តី​បារម្ភ​ពី​សុខ​សុវត្ថិភាព​របស់​សិស្ស​សាលា​បឋម​សិក្សា​ពី​សំណាក់មាតា​បិតា អាណា​ព្យាបាល និង​សាធារណៈជន ក្រសួង​មហាផ្ទៃ សហការ​ជាមួយ​ក្រសួង​អប់រំ​យុវជន​និង​កីឡា កាល​ពី​ពេល​ថ្មី​ៗនះ បាន​ប្រកាស​លេខ​ទូរស័ព្ទ​ចំនួន​ពីរ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​រាយ​ការណ៍​ពីករណី​បាត់​ក្មេង​មក​សមត្ថកិច្ច​។ ទូរស័ព្ទ​២​ខ្សែលេខ 0៣១ ២០១ ២៣៤៥ , ០៣១ ៦០១ ២៣៤៥។

បន្ថែម​លើ​នេះ លោក​ស្រី ជូ ប៊ុនអេង អនុ​ប្រធាន​អចិន្ត្រៃយ៍​របស់​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​កម្ពុជា ក៏​បាន​អំពាវនាវ​ឲ្យ​មាតាបិតា​ អាណា​ព្យាបាល បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ ចំពោះ​ការ​មើល​ថែរក្សា​បុត្រ​ធីតា ជា​ពិសេស​នៅ​ពេល​ចេញ​ពី​សាលារៀន ឬ នៅ​តាម​ទី​សាធារណៈ​នានា​។

ជា​ការ​កត់​សម្គាល់​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​ការ​ផ្សព្វ​ផ្សាយ​តាម​រយៈ​បណ្តាញ​សង្គម ជា​បន្ត​បន្ទាប់​ថា មាន​ករណី​ចាប់​ក្មេង​ក្រោយ​ហេតុផល​ផ្សេង នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ដូច​ជា ខេត្ត​ព្រះសីហនុ ស្វាយ​រៀង និង​ប៉ៃលិន ជា​ដើម​។ យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​ការ​សិក្សា​ស៊ើប​អង្កេត មន្រ្តីជំនាញ​អះអាង​ថា ៣​ករណី​ខាង​លើ​នេះ គឺ​ជា​ការ​ភាន់​ច្រឡំ​ប៉ុណ្ណោះ ហើយ​មិនមែន​ជា​ករណី​ចាប់​ក្មេងដូច​ការ​ផ្សព្វ​ផ្សាយ​ឡើយ​។

ជុំវិញ​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នេះ​ដែរ អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌ លោក គឹម សន្តិភាព នៅ​ថ្ងៃ​ទី៣០ ខែ​កក្កដា បាន​អំពាវនាវ​ដល់​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ និង​អ្នក​លេង​បណ្តាញ​ទំនាក់​ទំនង​សង្គម​ទាំង​អស់ កុំ​ឲ្យ​បន្ត​ចែក​ចាយ ឬ​ផ្សព្វ​ផ្សាយ​នូវ​ដំណឹង​មិន​ពិត ឬ​ពាក្យ​ចចាម​អារ៉ាម ដែល​គ្មាន​ប្រភព​ច្បាស់​លាស់ ដែល​ធ្វើ​ឲ្យ​មាន​ភាព​ចលា​ចល​នៅ​ក្នុង​សង្គម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI