កម្ពុជា-ច្បាប់

ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់​វិធានការ​តឹងរឹង ដើម្បី​ទប់ស្កាត់​ករណី​ពពោះ​ជំនួស​មិន​ឲ្យ​កើត​មាន​ជា​ថ្មី

A eight months pregnant teenager in Bangkok
A eight months pregnant teenager in Bangkok Reuters/Chaiwat Subprasom

ក្រោយ​​សាលា​​ដំបូង​​រាជ​ធានី​​ភ្នំពេញ ប្រកាស​​លើក​​សវនាការ​​សំណុំ​​រឿង​​ពពោះ​​ជំនួស ដោយ​គ្មាន​​កាល​កំណត់​​នោះ គណៈកម្មាធិការ​​ប្រយុទ្ធ​​ប្រឆាំង​​អំពើ​​ជួញ​​ដូរ​​មនុស្ស បាន​​​អះ​​អាង​​​ថា​​​នឹង​​ចាត់​​​វិធានការ​តឹង​​រឹង ដើម្បី​​បង្ការ​​កុំ​ឲ្យ​​កើត​មាន​​ករណី​​នេះ​​ជា​​បន្ត​​ទៀត។ ជន​​ជាតិ​​អូស្ត្រាលី​​ម្នាក់ និង​​ជំនួយ​ការ​​ជន​​ជាតិ​​ខ្មែរ​​ពីរ​​នាក់​​ត្រូវ​​បាន​​ប៉ូលីស​​ប្រឆាំង​​ការ​​ជួញ​​ដូរ​​មនុស្ស​​របស់​​ក្រុង​ភ្នំ​ពេញ​​ចាប់​​ខ្លួន កាល​ពី​ខែ វិច្ឆិកា ឆ្នាំ ២០១៦ ក្រោយ​​ពី​​បាន​​ស៊ើប​​អង្កេត​​រក​​ឃើញ​​ថា​​ពួក​​គេ​​ជា​ខ្សែ​​បណ្តាញ​​ផ្តល់​​សេវា​ពពោះ​​ជំនួស​​នៅ​​ក្នុង​​ប្រទេស​​កម្ពុជា​​។​

ផ្សាយពាណិជ្ជកម្ម

សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី ១៨ ឧសភា កន្លង​ទៅ បាន​ប្រកាស​លើក​ពេល​ដោយ​មិនកំណត់ ជុំវិញ​សវការ​ស្រ្តី​ខ្មែរ​ពពោះ​ជំនួស​។ មូល​ហេតុ​នៃ​ការ​លើក​ពេលសវនាការ​នេះ ក្រោម​ហេតុផលអវត្តមាន​សាក្សី ​ជនរងគ្រោះ​ និងមេធាវី​ម្នាក់​ទៀត ។​

លោកស្រី ជូ ប៊ុអេង រដ្ឋលេខាធិការ​នៃ​ក្រសួង​មហាផ្ទៃ និង​ជា​អនុ​ប្រធាន​អចិន្រៃ្តយ៍​គណៈ​កម្មា​ធិការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានបញ្ជាក់ប្រាប់វិទ្យុបារាំងដឹងថា ​ រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ មាន​ករណី​ម្តាយ​នាំ​យក​កូន​ដែល​បង្កើត​រួច​យក​ចេញ​តាម​ច្រក​ព្រំដែន​មាន​ ១៨​ ​ករណី​ដែល​អាជ្ញាធរ​កំពុងធ្វើការ​តាមដាន​ ។

យ៉ាង​ណា​ក៏​ដោយ លោក​ស្រី បញ្ជាក់​ថា​អាជ្ញាធរ​កំពុង​ធ្វើ​ការ​ដុត​ដៃ​ដុត​ជើង ដើម្បី​ទប់​ស្កាត់​មិន​ឲ្យ​ករណីនេះ​កើត​ឡើង​និង​ធ្វើ​យ៉ាង​ណា​មិន​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅ​ក្នុង​អាជីវកម្ម​នេះ ។ លោក​ស្រី​ក៏​បាន​ព្រមានដែរ​ថា នឹង​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​តឹង​រឹង​ប្រសិន​បើ​មាន​ករណី​នេះ​កើត​ឡើង​ ក្រោយ​ថ្ងៃ​ប្រកាស​សេចក្តី​ជូន​ដំណឹង​របស់​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ កាលពី​ថ្ងៃ​ ២៨ ខែ​មីនា​ កន្លង​ទៅ​ ជុំវិញ​ករណី​ជួល​ស្ត្រី​ខ្មែរ​ពពោះ​ជំនួស​ដើម្បី​យក​ទារក​ចេញ​ទៅ​ចិញ្ចឹម​នៅ​ក្រៅ​ប្រទេស​។

សូម​បញ្ជាក់​ថា កាលពីឆ្នាំ២០១៦ ស្រ្តីចំនួនបី​នាក់ ដែល​ជា​អ្នក​ផ្តល់​សេវា​ពពោះ​ជំនួស ត្រូវ​បាន​សាលា​ដំបូង​រាជធានីចេញ​ដីការ​ចាប់​ខ្លួ​នពី​បទ​ធ្វើ​អន្តរការ​រវាង​អ្នក​សុំ​កូន និង​ស្ត្រី​ពពោះ​តាម​មាត្រា​៣៣២ និង​បទ​សុំ​ផ្ដល់​ឯកសារ​ដោយ​ទុច្ចរិត​តាម​មាត្រា​៦៦២ នៃ​ក្រម​ព្រហ្មទណ្ឌ។  ជា​ករណី​ទី​មួយ ដែល​ប៉ូលីស​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​របស់​ក្រុង​ភ្នំពេញ បាន​ចាប់​ផ្តើម​វិធាន​ការ​ក្តៅបង្រ្កាប​សេវា​ពពោះ​ជំនួស​នៅ​កម្ពុជា។

​ប្រតិបត្តិ​ការ​បង្ក្រាប​ការ​ផ្តល់​សេវា​ពពោះ​ជំនួស​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិបាល​ប្រកាស​មិន​ឲ្យ​មាន​ការ​ធ្វើ​អាជីវ​កម្ម​ពពោះ​ជំនួស​ក្នុង​​កម្ពុជា ដោយ​ចាត់​ទុក​ថា​នេះ​គឺ​ជា​ការ​ជួញដូរ​មនុស្ស​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI