ក្រុមហ៊ុនទូរស័ព្ទចំនួនពីរចាប់ផ្តើមអនុវត្តសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍លើតម្លៃហៅប្រព័ន្ធទូរស័ព្ទ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
រហូតមកដល់ថ្ងៃព្រហស្បត្តិ៍នេះ ក្រុមហ៊ុនទូរស័ព្ទចល័ត០១២ សែលកាត បានធ្វើការផ្លាស់ប្តូរគម្រោងតម្លៃហៅទូរស័ព្ទចេញរបស់ខ្លួនសម្រាប់អតិថិជន ដោយផ្អែកទៅតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៏ ខណៈដែលក្រុមហ៊ុនប្រព័ន្ធទូរស័ព្ទស្មាត បានអនុវត្តសេចក្តីប្រកាសនេះរបស់ខ្លួនកាលពីថ្ងៃពុធម្សិលមិញដល់អតិថិជនរបស់ខ្លួន។
ក្រុមហ៊ុនទូរស័ទ្ទចល័តធំៗចំនួនពីរនៅក្នុងប្រទេសកម្ពុជាបានធ្វើសេចក្តីប្រកាសជូនដំណឹងដល់អតិថិជនរបស់ខ្លួនជាបន្តបន្ទាប់ អំពីការកែប្រែតម្លៃអត្រាហៅចេញក្នុងការប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ។ ការកែប្រែអត្រាហៅទូរស័ព្ទ របស់ក្រុមហ៊ុនទាំងនេះ ដោយយោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ស្តីអំពីការកំណត់អត្រាតម្លៃអប្បបរមាលើការហៅទូរស័ព្ទ ដែលបានដាក់ចេញឲ្យក្រុមហ៊ុនទូរស័ព្ទទាំងអស់អនុវត្តកាលពីថ្ងៃទី២៨ វិច្ឆិកាកន្លងទៅនេះ។
សេចក្តីប្រកាសបាន ដាក់កំណត់លើក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ចំពោះអត្រាតម្លៃអប្បបរមា សម្រាប់ការហៅចេញក្នុងប្រព័ន្ធត្រឹម៤.៥សេនក្នុងមួយនាទី និង៥.៩៥សែនក្នុងមួយនាទីសម្រាប់ការហៅទូរស័ព្ទចេញទៅក្រៅប្រព័ន្ធ។
សេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ លើកឡើងថា ការយកតម្លៃហៅទូរស័ព្ទចេញក្នុងមួយនាទីធម្មតាវិញ ដើម្បីជាការគោរពតាមបញ្ញត្តិរបស់ក្រសួង និងជាការការពារកុំឲ្យមានការបាត់បង់ក្រុមហ៊ុនវិនិយោគលើប្រព័ន្ធទូរស័ព្ទ។
នៅថ្ងៃនេះ តាមរយៈការផ្ញើសារតាមទូរស័ព្ទដៃ និងសេចក្តីជូនដំណឹ ទៅកាន់អតិថិជនរបស់ខ្លួន ក្រុមហ៊ុនទូរស័ព្ទសែលកាត បានប្រកាសថា ខ្លួនចាប់ផ្តើមធ្វើការកែតម្រូវលើគម្រោងតម្លៃ និងការផ្តល់ជូនកម្មវិធីពិសេសៗទាំងអស់ចាប់ពីថ្ងៃទី៥ ខែ ធ្នូនេះតទៅ។
ក្រុមហ៊ុនឲ្យដឹងថា អត្រាតម្លៃគម្រោងសែលកាតធម្មតាគឺតម្លៃ៧សេនក្នុងមួយនាទី និង៨សេន សម្រាប់ការហៅក្រៅប្រព័ន្ធ។ ចំពោះស៊ីមកាតថ្មី អតិថិជន នៅតែរីកករាយជាមួយទឹកប្រាក់មានស្រាប់ក្នុងគណនីព្រមទាំង អត្ថប្រយោជន៍បន្ថែមជាច្រើនទៀត។ ក្រុមហ៊ុនប្រកាសថា គម្រោងសែលកាតXG នឹងមិនអាចបន្តផ្តល់ជូនការហៅទូរស័ព្ទដោយឥតគិតថ្លៃក្នុងប្រព័ន្ធ បានទេ តែនឹងបន្ថែមការផ្តល់ជូនឥតគិតថ្លៃលើចំនួនទិន្នន័យអ៊ិនធើណេតកាន់តែ ច្រើនជាងមុន។
ចំណែកក្រុមហ៊ុនទូរស័ព្ទចល័តស្មាត (Smart) កាលពីថ្ងៃពុធ បានប្រកាសថា ក្រុមហ៊ុនខ្លួន នឹងផ្លាស់ប្តូរកម្មវិធីហៅទូរស័ព្ទមួយចំនួន ដោយយកតាមតម្លៃកំណត់របស់ក្រសួង ចាប់ពីថ្ងៃទី០៤ ខែ ធ្នូ។ ក្រុមហ៊ុន ទូរស័ព្ទស្មាតបានឲ្យដឹងថា សម្រាប់កម្មវិធីដូរលុយ អតិថិជនស្មាត នៅតែអាចបន្តដូរ បានដរដែល តែប្រើប្រាស់បានសម្រាប់ការផ្ញើសារក្នុងប្រព័ន្ធ និង ប្រើអ៊ិនធើណែតតែប៉ុណ្ណោះ។ សម្រាប់សេវាកម្មតេអស់ស្ទះ នឹងត្រូវបានផ្អាកជាបណ្តោះអាសន្ន។
យ៉ាងណាក៏ដោយ ការប្រកាសកែប្រែអត្រាតម្លៃហៅចេញទូរស័ព្ទរបស់ក្រុមហ៊ុនទូរស័ព្ទតាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងប្រៃសណីយ៍នេះ បានទទួលរងការរិះគន់យ៉ាងខ្លាំងពីអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកថា បានធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ខណៈដែលតម្លៃប្រព័ន្ធសេវាទូរស័ព្ទចល័តនៅក្នុងប្រទេសកម្ពុជាត្រូវបានក្រុមអ្នកវិភាគសេដ្ឋកិច្ចយល់ឃើញថា នៅមានតម្លៃថ្លៃជាងប្រទេសជិតខាងនោះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ