គណៈអចិន្ត្រៃយ៍លើករបៀបវារៈបោះឆ្នោតសមាជិកគណៈកម្មការជំនាញសភាថ្ងៃទី៨តុលា
ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំដើម្បី លើករបៀបវារៈស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកក្នុងគណៈកម្មការជំនាញទាំង៩របស់រដ្ឋសភា។ លោកជាម យៀបតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជាបានអះអាងថា រដ្ឋសភានឹងផ្តើមដំណើរការ ភារកិច្ចរបស់ខ្លួនបានពេញលេញ បន្ទាប់ពីការជ្រើសតាំងសមាជិកគណៈកម្មការជំនាញហើយនោះ។
ចុះផ្សាយនៅថ្ងៃ៖
នៅរសៀលថ្ងៃអង្គារទី៨តុលាសប្តាហ៍ក្រោយនេះ គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងបើកកិច្ចប្រជុំ ដើម្បីលើករបៀបវារៈដាក់ក្នុងកិច្ចប្រជុំពេញអង្គស្តីពីការបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មការជំនាញទាំង៩។ នេះបើតាមការបញ្ជាក់របស់លោកជាម យៀប ដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា។
តំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជារូបនេះបានបន្តថា ស្ថានប័នីតិបញ្ញត្តិមួយនេះនឹងអាចដំណើរការការងាររបស់ខ្លួនបានពេញលេញ បន្ទាប់ពីមានសមាជិកនៅតាមគណៈកម្មការជំនាញហើយនោះ។
បើតាមការបញ្ជាក់របស់លោកជាម យៀបដដែល ដោយសារតែពិធីបុណ្យភ្ជុំបិណ្ឌ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាមិនបានកោះប្រជុំលើករបៀបវារៈស្តីពីការបោះឆ្នោតរើសសមាជិកគណៈកម្មការជំនាញ ភា្លមៗបន្ទាប់ពីរដ្ឋសភាបានបោះឆ្នោតជ្រើសតាំងក្បាលម៉ាស៊ីនកាលពីថ្ងៃទី២៤កញ្ញាកន្លងទៅនោះ។
ការបោះឆ្នោតរើសក្បាលម៉ាស៊ីនរដ្ឋសភាមិនមានការចូលរួមពីគណបក្សជំទាស់នោះឡើយ ដែលធ្វើអោយស្ថាប័នកំពូលរបស់ប្រទេសកម្ពុជាត្រូវដឹកនាំដោយគណបក្សប្រជាជនកម្ពុជាតែម្នាក់ឯង។
នៅសប្តាហ៍ក្រោយនេះទៀត ប្រសិនបើគ្មានការវិវត្តផ្នែកនយោបាយណានោះទេ សមាជិកគណៈកម្មការជំនាញទាំង៩នោះ ក៏សុទ្ធតែជាតំណាងរាស្ត្ររបស់គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែរ។
គួររម្លឹកថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ីធ្លាប់បានប្រកាសទាមទារតំណែងរដ្ឋសភាដើម្បីអោយគណបក្សសង្គ្រោះជាតិរបស់លោកដឹកនាំ ដើម្បីបង្កើតអោយមានតុល្យភាពអំណាច ទល់នឹងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រីហ៊ុន សែនដែលដឹកនាំរដ្ឋាភិបាល។ ហើយថា ការបង្កើតតុល្យភាពអំណាចនេះ ត្រូវធ្វើឡើងក្នុងរយៈពេលអន្តរកាលមួយនៃការស្វែងរកភាពយុត្តិធម៌ជូនម្ចាស់ឆ្នោត តែប៉ុណ្ណោះ នេះបើតាមបញ្ជាក់របស់លោកសម រង្ស៊ីដដែល។
ប៉ុន្តែត្រង់ចំនុចនេះ គណបក្សប្រជាជនកម្ពុជាមិនបានយល់ព្រមឡើយ។ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនធ្លាប់បានប្រកាសជាសាធារណៈហើយ ដោយយោងតាមមូលដ្ឋាននៃលទ្ធផលនៃការបោះឆ្នោតដែលប្រកាសដោយ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតនោះ គណបក្សប្រជាជនកម្ពុជាព្រមប្រគល់តំណែងអនុប្រធានរដ្ឋសភាមួយ តំណែងប្រធានគណៈកម្មការជំនាញចំនួន៤ និងអនុប្រធានគណៈកម្មការចំនួន៥៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ