កម្ពុជា-ច្បាប់

វិសោធន​កម្ម​ច្បាប់​ថ្មី៖ បក្ស​ទាំង​ពីរ​ខ្វែង​គំនិត​គ្នា ប៉ុន្តែ​លោក​កឹម សុខា​ចេញ​មុខ​សម្រប​សម្រួល

រដ្ឋ​សភា​ជាតិ​នៅ​ថ្ងៃ​ទី​២៦​ធ្នូ​នេះ បាន​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​ដើម្បី​វិសោធនកម្ម​លើច្បាប់​ ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ចំនួន​៩​មាត្រា​ក្រោយ​ការ​តវ៉ា​ពី​ប្រជាពលរដ្ឋ​។ ក្នុង​ការ​ពិភាក្សា​ពេញមួយ​ព្រឹក​នេះ គណបក្ស​ទាំង​ពីរ​បាន​ជជែក​គ្នា​បក​ស្រាយ​យ៉ាង​ច្រើន រហូត​ឈាន​ដ​ល់​ការ​បបួលយក​ជំហរ​រៀង​ខ្លួន​ជា​គោល​នយោបាយ​របស់​បក្ស​ក្នុង​ ការ​បោះ​ឆ្នោ​ត។ ជា​ចុង​ក្រោយ​មុន​ការអនុម័ត​ដោយ​សំឡេង​៩៣ លើ១០០ លោក​កឹម សុខា បាន​ចេញ​មុខ​សម្រប​សម្រួល​។

នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។
នគរបាល​ចរាចរណ៍​ផ្លូវ​គោក ​ចាប់​ផ្តើម​ត្រួត​ពិនិត្យ ​យាន​យន្ត​នៅ​តាម​ដង​វិថី។ @siv channa
ផ្សាយពាណិជ្ជកម្ម

លោក​កឹម សុខា ប្រធាន​ក្រុម​តំណាង​រាស្ត្រ​ភាគ​តិច បាន​ចេញ​មុខ​សម្រប​សម្រួល​ការ​ខ្វែងគំនិត​រវាង​សមាជិក​សភា​គណបក្ស​ប្រជាជន​កម្ពុជា និង​សង្គ្រោះ​ជាតិ​ក្នុង​ការ​ជជែក​ពិភាក្សា​ស្តី​ពី​វិសោធនកម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ដែល​មាន​ចំនួន​៩​មាត្រា។ ការ​ចេញ​មុខ​សម្របសម្រួល​ពី​ប្រធាន​ស្តី​ទី​គណបក្ស​នេះ​ គឺ​បន្ទាប់​ពី​ការ​ខ្វែង​គំនិត​គ្នា​រវាង​សមាជិក​សភា​ទាំង​ពីរ​គណ​បក្ស ស្តី​ពី​ការ​ធ្វើ​បណ្ណ​បើក​បរ​យាន​យន្ត​ដែល​រដ្ឋាភិបាល​ប្រកាស​លុប​ចោល​មិន​មានសម្រាប់​យាន​យន្ត​ចាប់​ពី​កម្លាំង​១២៥ សេ​សេ​ចុះ​ក្រោម​។

ជំហរ​របស់​សមាជិក​សភា​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​មាន​លោក ម៉ៅមុន្នីវណ្ណ និង​លោក ជៀម ចន្នី​ជា​ដើម គឺ​ទាម​ទារ​ឱ្យ​ធ្វើ​បណ្ណ​បើក​បរ​គ្រប់​កម្រិត​ទាំង​អស់ ប៉ុន្តែ​ភាគី​បក្ស​កាន់​អំណាច​គឺ​មិន​ព្រម​។ ការ​ខ្វែង​គំនិត​គ្នា​ដែល​ជជែក​ទៅ​វិញ​ទៅ​មក​នេះ បាន​ឈាន​ដល់​ការ​ចេញ​មុខអន្តរាគមន៍​ពី​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន។ ក្នុង​តំណែង​ជា​បក្ស​កាន់​អំណាច​លោក​នាយករដ្ឋ​មន្ត្រី បាន​បបួល​គណបក្ស​សង្គ្រោះ​ជាតិ​យក​ចំណុច​នេះ ធ្វើ​ជា​គោល​នយោ​បាយ​បក្សសម្រាប់​ការ​ឃោស​នា​ក្នុង​ពេល​បោះ​ឆ្នោត​។ ​គឺ​បក្ស​កាន់​អំណាច​មិន​តម្រូវ​ឱ្យ​មាន​ការ​ធ្វើ​បណ្ណ​សម្រាប់​យាន​យន្ត​ពី​១២៥​ចុះ​ក្រោម ឯ​បក្ស​ប្រឆាំង​តម្រូវ​ឱ្យ​ពលរដ្ឋ​ត្រូវ​ធ្វើ​បណ្ណ​ទាំង​អស់​។

ក្រោយ​អន្តរាគមន៍​ដោយ​សម្តី​ខ្លាំង​ៗ​ពី​លោក​នាយក​រដ្ឋ​មន្ត្រី លោក កឹម សុខា បាន​សម្របសម្រួល​ដោយ​អះ​អាង​ថា​អ្វី​ដែល​សមា​ជិក​សភា​ទាំង​បី​បាន​លើក​ឡើង​នោះ​គឺ​គ្រាន់​តែ​ជា​ទស្សនៈ​តែ​ប៉ុណ្ណោះ​។ ក្នុង​នាម​ជា​ប្រធាន​ស្តី​ទី​បក្ស លោក​កឹម សុខា អះ​អាង​ថា​គណបក្ស​នៅ​មិន​ទាន់មាន​គោល​នយោបាយ គាំទ្រ ឬ​ក៏​ប្រឆាំង​ចំពោះ​វិសោធន​កម្ម​នេះ​ទេ​។

ប៉ុន្តែ​សម្រេច​សម្រួល​ទៅ​លោក​ កឹម សុខា បាន​ប្រកាស​នៅ​ក្នុង​សភា​ថា​គាំទ្រ​ទាំង​ស្រុង​ចំពោះ ​វិសោធន​កម្ម​នេះ។ គួរ​បញ្ជាក់​ថា ក្រោយ​អន្តរាគមន៍​សម្រប​សម្រួល​លោក កឹម សុខា វិសោធន​កម្ម​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ថ្មី​ទាំង​៩​មាត្រា ត្រូវ​បាន​សភា​អនុម័ត ដោយ​សម្លេង​៩៣ លើ​១០០៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI