កម្ពុជា

គជប​ ទទួល​បាន​បណ្ដឹង​ចំនួន​៣ ​គិត​ត្រឹម​ថ្ងៃ​ទី​៨ ​នៃ​យុទ្ធ​នាការ​ឃោសនា​បោះឆ្នោត​ ក្រុម​ប្រឹក្សា​រាជធានី ​ខេត្ត​ ក្រុង ​ស្រុក​ ខណ្ឌ​

គជប បានរៀបចំកិច្ចប្រជុំ​នាពេលកន្លងមក។
គជប បានរៀបចំកិច្ចប្រជុំ​នាពេលកន្លងមក។ RFI/Siv Channa

គណៈ​កម្មា​ធិការ​​ជាតិ​​រៀប​ចំ​​ការ​បោះ​ឆ្នោត​ ហៅ​​កាត់​​ថា​ គជប​ ទទួល​បាន​​បណ្ដឹង​ចំនួន​៣ បើ​គិត​ត្រឹម​ថ្ងៃទី៩ឧសភា ត្រូវ​នឹង​ថ្ងៃទី៨ នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ក្រុម​ប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ។ បណ្ដឹង​ទាំង៣នោះ កំពុង​ត្រូវបាន​ដោះ​ស្រាយ​។ ខណៈដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុងដំណើរការ គជប នៅមាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ ស្រប​ពេលដែល​ការបោះឆ្នោត នឹង​ឈានចូល​មកដល់​នៅ​ថ្ងៃទី១៨ឧសភា​ខាងមុខនេះ។

ផ្សាយពាណិជ្ជកម្ម

នៅ​ទូទាំង២៥រាជធានី ខេត្ត មាន​បណ្ដឹង​ចំនួន៣ ដែល​គណៈកម្មាធិការ​ជាតិ​ទទួលបាន និង​កំពុងតែ​ដោះស្រាយ​នៅ​ថ្នាក់មូលដ្ឋាន។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​លោក ​ទេព នីថា អគ្គ​លេខា​ធិការ​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃ​សុក្រ​ទី៩ឧសភា​នេះ។

បើតាម​លោក​ទេព នីថា ១បណ្ដឹង​នៅ​រាជធានី​ភ្នំពេញ ជា​បណ្ដឹង​របស់​តំណាង​គណបក្ស​ប្រជាជន​កម្ពុជា ប្ដឹង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ។ ២បណ្ដឹង​នៅ​ខេត្តកំពង់ឆ្នាំង ក្នុងនោះ ១ជា​បណ្ដឹង​របស់​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ ប្ដឹង​អាជ្ញាធរខេត្ត​កំពង់ឆ្នាំង និង១ទៀត ជា​បណ្ដឹង​របស់​អាជ្ញាធ​រ​ខេត្តកំពង់ឆ្នាំង ប្ដឹង​តំណាង​គណបក្ស​សង្គ្រោះ​ជាតិ​វិញ។

ការឃោសនាបោះឆ្នោត​ក្រុមប្រឹក្សា​រាជធានី ខេត្ត​ក្រុង ស្រុក​ខណ្ឌ រយៈពេល៨ថ្ងៃ ត្រូវបាន​អគ្គលេខាធិការ គជប រូបនេះ​អះអាងថា មាន​សន្តិសុខ សុវត្ថិ​ភាពល្អ។ គណបក្សនយោបាយ​បានធ្វើ​សកម្មភាព​ឃោសនា​តាម​ការគ្រោងទុក ដែលមាន​ដូចជា ការជួបជុំ​អង្គ​បោះឆ្នោត និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ការចាក់​មេក្រូ​ផ្សាយ​គោលនយោបាយ​នៅតាម​ទីស្នាក់ការ​បក្ស និង​ចល័ត​ក្នុង​ខេត្ត​រាជធានី ព្រមទាំង ការហែក្បួន​ឃោសនា​នៅតាម​បណ្ដា​ខេត្ត​រាជធានី​មួយចំនួន។ ការហែក្បួន​ឃោសនា ដែល​ធ្វើឡើង​ដោយ​គណបក្ស​សង្គ្រោះ​ជាតិ​តែមួយគត់។

ខណៈដែល​យុទ្ធនាការ​ឃោសនាបោះឆ្នោត​កំពុងដំណើរការ គជប នៅមាន​ការងារ​ច្រើន​ទៀត​ដែល​ត្រូវធ្វើ។ មន្ដ្រីជាន់ខ្ពស់​គជប លោក​ទេព នីថា ឲ្យ​ដឹងថា គជប ពេលនេះ កំពុង​ផលិត​សម្ភារៈ​សម្រាប់​ការបោះឆ្នោត រួមមាន​សន្លឹកឆ្នោត និង​ទឹកខ្មៅ​លុបលាង​មិន​ជ្រះ​ជាដើម។ ក្រៅពីនោះ គជប បានជ្រើសរើស​មន្ដ្រី​ការិយាល័យ​បោះឆ្នោត​រួចហើយ មុននឹង​ឈានទៅ​បណ្ដុះបណ្ដាល​មន្ដ្រី​ទាំងនោះ នៅពេល​ដ៏​ឆាប់​ខាងមុខនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI