គ.ជ.ប.ពន្យល់នីតិវិធីចុះឈ្មោះបោះឆ្នោតទៅស្ថានទូត ខណៈមានការរិះគន់
កម្ពុជាកំពុងដំណើរការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោត។ នៅថ្ងៃពុធនេះ លោកស្រី ស៊ិន ជុំបូ អនុប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប. បានជួបជាមួយបណ្តាមន្ត្រីស្ថានទូតប្រចាំនៅកម្ពុជា ដើម្បីពន្យល់បង្ហាញពួកគេអំពីនីតិវិធីបោះឆ្នោត និងលទ្ធផលនៃការរៀបចំការបោះឆ្នោតកន្លងមក។ កិច្ចប្រជុំនេះធ្វើឡើង ខណៈពេលដែលអង្គការក្រៅរដ្ឋាភិបាលមួយចំនួន និងគណបក្សប្រឆាំងកំពុងរិះគន់ភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត និងការអំពាវនាវរបស់គណបក្សប្រឆាំង ដើម្បីរុះរើថ្នាក់ដឹកនាំគ.ជ.ប.។
ចុះផ្សាយនៅថ្ងៃ៖
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប. បានរៀបចំជំនួបមួយជាមួយមន្ត្រីទូតចំនួន១៣ប្រចាំនៅកម្ពុជា នៅព្រឹកថ្ងៃទី២៦កញ្ញានេះ។ គោលបំណងនៃកិច្ចប្រជុំនេះគឺដើម្បីពន្យល់ និងបង្ហាញដល់មន្ត្រីទូតទាំងអស់នូវនីតិវិធីនៃដំណើរការបោះឆ្នោតនៅកម្ពុជា រួមទាំងលទ្ធផលនៃការរៀបចំការបោះឆ្នោតនៅកម្ពុជាក្នុងពេលកន្លងមកផងដែរ។
ជាការពិត ដោយសារតែកម្ពុជាកំពុងស្ថិតនៅក្នុងដំណើរការនៃការចុះឈ្មោះបោះឆ្នោត និងការធ្វើបច្ចុប្បន្នភាពបញ្ជីឈ្មោះបោះឆ្នោតផងនោះ លោកស្រីស៊ិន ជុំបូ អនុប្រធាននៃគ.ជ.ប. ក៏មិនបានភ្លេចនិយាយអំពីបញ្ហានេះដែរ។ ថ្លែងប្រាប់អ្នកកាសែត លោកស្រីស៊ិន ជុំបូបានបញ្ជាក់ថា គ.ជ.ប.ត្រូវរៀបចំជំនួបនេះដើម្បីពន្យល់ឲ្យមន្ត្រីអង្គទូតយល់ច្បាស់ អំពីដំណើរការកសាងបញ្ជីឈ្មោះបោះឆ្នោត និងនីតិវិធីនៃបោះឆ្នោតនៅកម្ពុជា ខណៈមន្ត្រីទូតមួយចំនួនទើបមកដល់កម្ពុជាថ្មី។ ហើយនៅក្នុងជំនួបនោះ លោកស្រីតំណាងគ.ជ.ប. ក៏បានស្នើអោយមន្ត្រីទូតចែករំលែកយោបល់ និងពិសោធន៍របស់ប្រទេសពួកគេជាមួយនឹងគ.ជ.ប.ផងដែរ។
ការរៀបចំវេទិកាពន្យល់ និងបង្ហាញអំពីនីតិវិធីនៃការបោះឆ្នោតរបស់កម្ពុជាដល់មន្ត្រីស្ថានទូតនៅពេលនេះ ធ្វើឡើងនៅពេលដែលគណបក្សប្រឆាំងកំពុងព្យាយាមអំពាវនាវអោយរដ្ឋាភិបាលផ្លាស់ប្តូររូបមន្តនៃការជ្រើសរើសមេដឹកនាំគ.ជ.ប. ហើយអង្គការក្រៅរដ្ឋាភិបាលមួយចំនួនបានរិះគន់ភាពមិនប្រក្រតីនៃការចុះឈ្មោះបោះឆ្នោត។
សង្រ្គាមប៉ាកាកំពុងកើតឡើងយ៉ាងខ្លាំងក្នុងសំណុំរឿងបោះឆ្នោត ខណៈដែលកម្ពុជានឹងត្រូវរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៅខែកក្កដាឆ្នាំ២០១៣ក្រោយនេះ។ ជាការបោះឆ្នោតដែលសំដៅដល់ការជ្រើសរើសនាយករដ្ឋមន្ត្រីផង។
នៅថ្ងៃនេះដែរ គណបក្សប្រឆាំងទាំងពីរ គឺគណបក្សសម រង្ស៊ី និងគណបក្សសិទ្ធិមនុស្សដែលបានរួមគ្នាបង្កើតគណបក្សថ្មីនោះ នៅតែបន្តអំពាវនាវជាថ្មីទៀត អោយរដ្ឋាភិបាលពិចារណាលើនីតិវិធីនៃការជ្រើសរើសសមាសភាពនៃគ.ជ.ប. និងគណៈកម្មាធិការរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់។ សំណូមពរបែបនេះត្រូវបានគណបក្សប្រឆាំងទាំងពីរពន្យល់ថា គឺដើម្បីអោយការបោះឆ្នោតឆ្នាំក្រោយនេះ មានយុត្តិធម៌ និងអាចទទួលយកបានពីគ្រប់គណបក្សនយោបាយ។ ប៉ុន្តែ សូមរំលឹកថា សំណូមពរនេះ ត្រូវបានរដ្ឋាភិបាលជំទាស់២ដងមកហើយដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ