នយោបាយប្រទេសថៃផ្តល់បច្ច័យមិនសូវល្អដល់កម្ពុជា
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
បរាជ័យរបស់ក្រុមអាវក្រហមថៃ ក្រោមទម្ងន់ដៃនៃវិធានការក្តៅរបស់រដ្ឋាភិបាលលោកអាប់ភីស៊ីតបាន ធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន ដែលបានតាមដានព្រឹត្តិការណ៍នយោបាយ នៅប្រទេសថៃ ជាច្រើនខែមកនេះ មានការរំជួលចិត្ត។ ជាទូទៅ គេបានសង្កេតឃើញថា ពលរដ្ឋខ្មែរជាច្រើនហាក់មានសមានចិត្តទៅលើក្រុមបាតុករអាវក្រហម ដែលទីបំផុតទទួលរងការបង្ក្រាបយ៉ាងហិង្សា។ តើមានមូលហេតុអ្វីខ្លះ ដែលនាំឲ្យពលរដ្ឋខ្មែរចាប់អារម្មណ៍លើព្រឹត្តិការណ៍នៅប្រទេសថៃ? តើស្ថានការណ៍នយោបាយក្នុងប្រទេសថៃផ្តល់ផលវិបាកអ្វីខ្លះដល់ ប្រទេសកម្ពុជា?
ទីក្រុងបាងកកកំពុងវិលទៅរកស្ថានភាពស្ងប់ស្ងាត់ជាបណ្តើរៗឡើងវិញហើយ បន្ទាប់ពីការបង្ក្រាបដោយអំពើហិង្សាទៅលើក្រុមបាតុករអាវក្រហម កាលពីថ្ងៃពុធ តែពលរដ្ឋខ្មែរជាច្រើន ដែលបានជក់ចិត្តនឹងការតាមដានព្រឹត្តិការណ៍នយោបាយ នៅប្រទេសថៃ រយៈពេលប៉ុន្មានខែចុងក្រោយនេះ ហាក់រំជួលចិត្តជាមួយនឹងព្រឹត្តិការណ៍នេះយ៉ាងខ្លាំង។
ជាការពិត មានពលរដ្ឋខ្មែរជាច្រើន រាប់ទាំងអ្នកនយោបាយ អ្នកសង្កេតការណ៍ អ្នកសារព័ត៌មាន និងពលរដ្ឋសាមញ្ញមួយចំនួនផង បានចាប់អារម្មណ៍ និងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើការវិវឌ្ឍន៍នៃព្រឹត្តិការណ៍នយោបាយក្នុងប្រទេសថៃ។ ការតាមដានគឺជារឿងមួយ ប៉ុន្តែការបង្ហាញសមានចិត្តទៅលើក្រុមបាតុករអាវក្រហម គឺជារឿងមួយទៀត ដែលគួរចាប់អារម្មណ៍។
សម្រាប់ក្រសែភ្នែកក្រុមអ្នកវិភាគ មានមូលហេតុច្រើនយ៉ាង ដែលគេអាចលើកយកមកពន្យល់ អំពីអារម្មណ៍របស់ពលរដ្ឋខ្មែរ ចំពោះបញ្ហានេះបាន។ ទី១ គឺបណ្តាលមកពីកត្តាភូមិសាស្រ្តនៃប្រទេសទាំងពីរ ដែលជាប្រទេសភូមិផងរបងជាមួយ។ ជាធម្មតា មនុស្សគ្រប់គ្នាតែងចាប់អារម្មណ៍ អំពីរឿងរ៉ាវដែលកើតឡើងនៅក្បែរផ្ទះរបស់ខ្លួន។ ដូច្នេះ ការចាប់អារម្មណ៍របស់ពលរដ្ឋខ្មែរទៅលើព្រឹត្តិការណ៍នយោបាយប្រទេសថៃ ដែលជាប្រទេសជិតខាងមិនមែនជារឿងចម្លែកឡើយ។ ទី២ មិនត្រឹមតែជាប្រទេសជិតខាងធម្មតាប៉ុណ្ណោះទេ កម្ពុជា និងថៃថែមទាំងមានទំនាស់ផ្នែកនយោបាយការទូតយ៉ាងស្រួចស្រាវទៀតផង ចាប់តាំងពីជិតពីរឆ្នាំមកហើយ។ ទី៣ ការឈ្លានពានរបស់ថៃមកលើព្រំដែនប្រាសាទព្រះវិហារ គឺជាព្រឹត្តិការណ៍សំខាន់មួយទៀត ដែលបានបំផុសឡើងនូវគំនិតជាតិនិយមដ៏ជ្រាលជ្រៅមួយ ក្នុងចំណោមពលរដ្ឋខ្មែរ។ គំនិតជាតិនិយមនេះឯង ដែលទាក់ទាញអារម្មណ៍របស់ពលរដ្ឋខ្មែរឲ្យផ្តោតទៅលើភាពវឹកវរក្នុងប្រទេសថៃ។
និយាយពីបញ្ហាព្រះវិហារ ពលរដ្ឋខ្មែរជាទូទៅប្រាកដជានឹកខឹងសម្បារជាមួយរដ្ឋាភិបាលរបស់លោកអាប់ភីស៊ីតវិចាជីវ៉ា ដែលជាអ្នកផ្តើមរឿងឈ្លានពានទឹកដីខ្មែរ។ ហេតុការណ៍នេះអាចឲ្យគេយល់បានថា ហេតុអ្វីបានជាខ្មែរច្រើនមានសមានចិត្តជាមួយក្រុមអាវក្រហម ដែលជាអ្នកតស៊ូប្រឆាំងរដ្ឋាភិបាលលោកអាប់ភីស៊ីត។ ដូច្នេះ ជាធម្មតាទេ នៅពេលដែលក្រុមអាវក្រហមចាញ់នៅក្នុងរឿងនេះ ទោះតិចឬច្រើន វានាំឲ្យពលរដ្ឋខ្មែរទាំងនោះរំជួលចិត្តដោយចៀសមិនផុត។
បរាជ័យរបស់ក្រុមអាវក្រហមមិនមែនត្រឹមតែធ្វើឲ្យប៉ះពាល់អារម្មណ៍របស់ពលរដ្ឋខ្មែរមួយចំនួនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាសញ្ញានៃការអូសបន្លាយវិបត្តិនយោបាយការទូតរវាងប្រទេសទាំងពីរផងដែរ។ ជាការពិត កម្ពុជាមិនបានលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់ថៃឡើយ។ ប៉ុន្តែ ការជាប់ពាក់ព័ន្ធគ្នារវាងប្រទេសទាំងពីរ អំពីបញ្ហាព្រំដែន ដែលថៃបានបំពានចុងក្រោយនេះ បានធ្វើឲ្យរដ្ឋាភិបាលកម្ពុជាអស់សង្ឃឹមរលីង ទៅលើការចរចារកដំណោះស្រាយជាមួយរដ្ឋាភិបាលថៃ។ ក្នុងបរិបទជាប់គាំងផ្នែកការទូតនេះ មានតែការទន្ទឹងរង់ចាំរដ្ឋាភិបាលថៃថ្មីមួយប៉ុណ្ណោះ ដើម្បីចាប់ផ្តើមដោះស្រាយបញ្ហាដោយសន្តិវិធីបាន។ ឥឡូវនេះ អ្វីៗមិនដូចជាការទន្ទឹងរង់ចាំនោះឡើយ។
យ៉ាងណាក៏ដោយ ព្រឹត្តិការណ៍នយោបាយនៅក្នុងប្រទេសថៃនៅតែជារឿងរបស់ថៃដដែល រីឯអារម្មណ៍របស់ខ្មែរយ៉ាងណានោះ វាជារឿងរបស់ខ្មែរ។ ប៉ុន្តែភាពពាក់ព័ន្ធរវាងប្រទេស និងពលរដ្ឋទាំងពីរ ពិតជាមានចំណងទាក់ទងគ្នា ដែលត្រូវដោះស្រាយ។ នៅលើទិដ្ឋភាពនយោបាយការទូត រដ្ឋាភិបាលកម្ពុជា និងថៃត្រូវតែប្រញាប់ដោះស្រាយបញ្ហាព្រំដែនឲ្យបានជ្រះស្រឡះ ដោយឈរលើច្បាប់អន្តរជាតិ ដែលនៅជាធរមាន។ ការអូសបន្លាយពេលយូរអាចនឹងធ្វើឲ្យបញ្ហានេះក្លាយទៅជាអធិករណ៍កាន់តែធំ ក្នុងការដុតកម្តៅកំហឹងជាតិសាសន៍ រវាងប្រជាជាតិខ្មែរ និងថៃ។ កំហឹងជាតិសាសន៍ ដែលបណ្តាលមកពីបញ្ហាព្រំដែន អាចក្លាយជាបញ្ហាដ៏គ្រោះថ្នាក់មួយទៅថ្ងៃអនាគត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ