កម្ពុជា-នេប៉ាល់ចុះកិច្ចព្រមព្រៀងផ្តោតលើពាណិជ្ជកម្ម
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្នុងដំណើរទស្សនៈកិច្ចផ្លូវការរបស់នាយករដ្ឋមន្ត្រីនេប៉ាល់ កាលពីថ្ងៃទី១៣ ខែឧសភា កម្ពុជា និងនេប៉ាល់ បានចុះកិច្ចព្រមព្រៀងលើឯកសារចំនួន២ ដែលផ្តោតលើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀង ផ្តោតលើវិស័យពាណិជ្ជកម្ម ខណៈទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានមិនដល់កន្លះលានដុល្លារអាមេរិកក្នុងរយៈពេល៤ឆ្នាំចុងក្រោយ។
ឯកសារទាំងពីរនោះរួមមានៈ ក្របខណ្ឌកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្ម និងវិនិយោគ, និងអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសភាពាណិជ្ជកម្មនេប៉ាល់ និងសភាពាណិជ្ជកម្មកម្ពុជា។ ការចុះហត្ថលេខាលើឯកសារទាំងពីរនេះ ធ្វើឡើងដោយមានវត្តមាននាយករដ្ឋមន្ត្រីប្រទេសទាំងពីរជាអធិបតីភាព។ នេះបើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បន្ទាប់ពីជំនួបពិភាក្សាទ្វេភាគីរវាង លោក ខេ ភី សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ កាលពីថ្ងៃទី១៣ ខែឧសភា នៅឯវិមានសន្តិភាពក្រុងភ្នំពេញ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រីនេប៉ាល់ កាលពីថ្ងៃទី១៣ ខែឧសភា បញ្ជាក់ថាកម្ពុជា និងនេប៉ាល់ គួរតែខិតខំជំរុញ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ និងបានស្នើឲ្យបង្កើនល្បឿនថែមទៀតធ្វើយ៉ាងណាត្រូវកំណត់ទិសដៅក្នុងការជំរុញទៅលើកិច្ចសហប្រតិបត្តិការគ្រប់ផ្នែកទាំងអស់ ដែលជាផលប្រយោជន៍ទៅវិញទៅមក។
បើតាមក្រសួងការបរទេសកម្ពុជា លោកនាយករដ្ឋមន្រ្តីនេប៉ាល់ ខេ ភី សាម៉ា អូលី បំពេញទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែឧសភា។ ជាដំណើរទស្សនកិច្ចដើម្បីពង្រឹងឲ្យកាន់តែរឹងមាំថែមទៀតនូវចំណងមិត្តភាព និងលើកតម្កើងកិច្ចសហប្រតិបត្តិការលើវិស័យ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងវប្បធម៌ រវាងប្រទេសទាំងពីរ។
ទំនាក់ទំនងនៃប្រទេសទាំងពីរបានចាប់ផ្តើមនៅឆ្នាំ១៩៦៤ ហើយរហូតមកដល់ពេលនេះប្រទេសទាំងពីរមិនទាន់ដាក់អគ្គរដ្ឋទូតនៅក្នុងប្រទេសរៀងខ្លួននៅឡើយទេ។ លោកហ៊ុន សែន សង្ឃឹមថា កម្ពុជា និងនេប៉ាល់នឹងដាក់ឲ្យមានអគ្គរដ្ឋទូតក្នុងប្រទេសទាំងពីរទៅវិញទៅមក នៅពេលដែលប្រទេសទាំងពីរមានកំណើនសេដ្ឋកិច្ចដល់កម្រិតមួយ។
សួមជម្រាបជូនថាទំហំពាណិជ្ជកម្មរវាងកម្ពុជា និងនេប៉ាល់ ក្នុងរយៈពេល៤ឆ្នាំចុងក្រោយ គិតចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧ មានប្រមាណ១៥ម៉ឺនដុល្លារអាមេរិក។ នេះបើតាមរបាយការណ៍ស្ថិតិពាណិជ្ជកម្មពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៧របស់ក្រសួងពាណិជ្ជកម្ម។
ក្រៅពីកិច្ចព្រមព្រៀងទាំងពីរនេះលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានជំរុញអោយមានការអនុវត្តន៍នូវកិច្ចសហប្រតិបត្តិការគ្នាលើវិស័យវប្បធម៌ឲ្យកាន់តែទូលំទូលាយបន្ថែមទៀតស្របទៅតាមអនុស្សារណៈដែលបានចុះហត្ថលេខាកាលពីពេលកន្លងទៅ ។ ដោយ ឡែកកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិញលោកហ៊ុន សែន បានគូសបញ្ជាក់ ថាថ្វីត្បិតតែកម្ពុជា-នេប៉ាល់មិនទាន់មាននៅឡើយ ប៉ុន្តែអាចធ្វើយ៉ាងណាឲ្យមាននៅពេលអនាគតជាពិសេសក្នុងការផ្លាស់ប្ដូរបញ្ញវន្ត និងនិស្សិតរវាងប្រទេសទាំងពីរ។
លោកហ៊ុន សែន បន្តថាការតភ្ជាប់វិស័យអាកាសចរណ៍គឺមានសារៈសំខាន់ជាពិសេសផ្ដោតទៅលើកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។ ជាការឆ្លើយតបលោកនាយករដ្ឋមន្ត្រីនេប៉ាល់បានបញ្ជាក់ថាអ្វីដែលលោកចង់ឃើញគឺការហោះហើរត្រង់ រវាងប្រទេសទាំងពីរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ