កម្ពុជា-ច្បាប់

តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ចោទ​ប្រកាន់ លោក ញឹក ប៊ុនឆៃ ពីរ​បទ​ល្មើស និង​បញ្ជូន​ទៅ​មណ្ឌល​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​

លោក ញឹក ប៊ុនឆៃ ប្រមុខ​បក្ស​ខ្មែរ​រួបរួ​ម​ជាតិ។
លោក ញឹក ប៊ុនឆៃ ប្រមុខ​បក្ស​ខ្មែរ​រួបរួ​ម​ជាតិ។ @FB/Nhek Bunchhai

អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃ​នេះ បាន​សម្រេច​ចោទ​ប្រកាន់​លោក ញឹក ប៊ុនឆៃ អតីត​ទី​ប្រឹក្សា​រដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ចំនួនពីរ​ករណី។ ទីមួយ គឺ​បទ​សម​គំនិត​ក្នុង​បទ​ផលិត​គ្រឿង​ញៀន ​និង​ទីពីរ បទ​នាំ​ចូល​សារធាតុ​ផ្សំ​គ្រឿងញៀន​។ អយ្យការ​អម​សាលា​ដំបូង​រាជធានី បញ្ជាក់​ថា ការ​ចោទ​ប្រកាន់​ធ្វើ​ឡើង​ដោយ​ផ្អែក​លើ​ ឯកសារ ភស្តុតាង​នៅ​ក្នុង​សំណុំ​រឿង​ និង​ការ​ស្រាវជ្រាវ​របស់​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ​។ រហូតមក​ទល់​ល្ងាច​ថ្ងៃ​អាទិត្យ​នេះ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​នាំ​ខ្លួន​ពី​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ហើយបញ្ជូន​ទៅម​ណ្ឌល​ឃុំខ្លួន​ដើម្បី​ចាត់​ការ​បន្ត​តាម​នីតិវិធី​ ។ នេះ​បើ​តាម​លោក លី សុផាណា​ អ្នក​នាំ​ពាក្យសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​ ។  

ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​សម្រេច​ចោទ​ប្រកាន់ លោក ញឹក ប៊ុនឆៃ ចំនួន​ពីរ​បទ​ល្មើស​ខាង​លើ​ហើយ អយ្យការ​អមសាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​បញ្ជូន​សំណុំ​រឿង​របស់​លោក ទៅ​ចៅ​ក្រម​ស៊ើប​សួរ​នៃសាលា​ដំបូង​រាជ​ធានី​ភ្នំពេញ ដើម្បី​ចាត់​ការ​បន្ត​តាម​និតិ​វិធី​។ លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ចោទ​ប្រកាន់ថា បាន​សម​គំនិត​ក្នុង​ការ​ផលិត​គ្រឿង​ញៀន​ខុសច្បាប់ និង​នាំចូល​សារធាតុ​ផ្សំ​គ្រឿងញៀន ដែល​បាន​ប្រព្រឹត្ត​នៅ​ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពី​ថ្ងៃទី ១ ខែមេសា ឆ្នាំ២០០៧។ ជា​សំណុំរឿង​ចាស់​តាំងពី១០ឆ្នាំមុន តែ​​ទើប​ត្រូវបាន​តុលាការក្រុង​ភ្នំពេញ សម្រេច​នាំខ្លួន​លោក ញឹក ប៊ុនឆៃ ទៅ​សួរចម្លើយ​កាលពីថ្ងៃទី ៥ សីហា ។

សូម​រំឮក​ជូន​ថា កាល​ពី​ថ្ងៃទី​០១ ខែមេសា ឆ្នាំ​២០០៧ សមត្ថកិច្ច​បាន​ឆែកឆេរ​ទីតាំង​ចិញ្ចឹម​គោមួយ​កន្លែង ស្ថិតនៅ​ក្នុងភូមិ​ទី​១ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ និង​បាន​រកឃើញ​ឧបករណ៍​ផលិត​ និង​សារធាតុ​ផលិត​គ្រឿងញៀន រហូត​ឈាន​ទៅ​ដល់​ការ​ឃាត់​ខ្លួន​ជនជាតិខ្មែរ ចិន និង​ថៃ​។ ក្រោយមក​តុលាការ​បានសម្រេច​ផ្តន្ទាទោស​ទណ្ឌិត ជា ជុង;  ជិន ធាន​វិ​ន; ​ឆាយ ខាំង​ស៊ី; ​ឆះ ណាក់​ស៊ី; ​ស៊ីវ ទី; វ៉ាន់ យ៉ាន់ និង គួ​ង ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់ៗ​កំណត់​ទោសពី​២៥​ឆ្នាំ ដល់​មួយ​ជីវិត ពីបទ​ផលិត​គ្រឿងញៀន និង​នាំចូល​សារធាតុ​សម្រាប់​ផ្សំ​គ្រឿងញៀន តាម​មាត្រា​២.២​ថ្មី និង​មាត្រា ៣៨.១​ថ្មី នៃ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​ត្រួត​ពិនិត្យ​គ្រឿងញៀន​។​

រហូត​ដល់​ថ្ងៃ​ទី២៤ កក្កដា ឆ្នាំ ២០១៧ ទណ្ឌិត​ឈ្មោះ ជា ជុង តាម​រយៈ​លិខិត​មួយ​ច្បាប់ បាន​បរិហា​រៀប​រាប់​ឈ្មោះ​មេក្លោង​ផលិត​គ្រឿងញៀន​ជា​ជន​ជាតិចិន​មួយចំនួន ដែល​ក្នុងនោះ​មាន​ចំណុច​ពាក់ព័ន្ធ​នឹង​លោក ញឹក ប៊ុន​ឆៃ នៅក្នុង​សំណុំរឿងកាលពី​ឆ្នាំ​២០០៧​។ ទណ្ឌិត ជា ជុង ក៏បានស្នើ​សុំ​ឲ្យ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ជួយ​រក​យុត្តិធម៌ និង​បរិហារ​ឡើងវិញ​អំពី​សំណុំរឿង​គ្រឿងញៀន ។

យ៉ាង​ណា​ក៏​ដោយ រហូត​មក​ទល់​ពេល​នេះ មាន​តែទណ្ឌិត ជា ជុង​,​ឆាយ ខាំង​ស៊ី ,​ឆះ ណាក់​ស៊ី និង វ៉ាន់ យ៉ាន់ កំពុង​អនុវត្ត​ទោស​នៅ​ពន្ធនាគារ ។ ចំណែក​ជនល្មើស​ឈ្មោះ គួ​ង និង​ជនជាតិ​ចិន​ផ្សេងទៀត ដែល​បានគេច​ខ្លួន​នោះ សមត្ថកិច្ច​កំពុង​តាម​ចាប់ខ្លួន​មក​ផ្តន្ទាទោស​តាមច្បាប់​។ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍​របស់​តុលាការ​ក្រុងភ្នំពេញ។

សូម​បញ្ជាក់​ថា មុន​ការ​សម្រេចចោទ​ប្រកាន់​នេះ​ដែរ លោក ញឹក ប៊ុនឆៃ ក៏​ត្រូវ​បាន​ព្រះ​មហាក្សត្រ​ដក​តួនាទី​ជា​ទី​ប្រឹក្សា​រាជ​រដ្ឋាភិបាល មាន​ឋានៈ​ស្មើ ឧបនា​យករដ្ឋមន្ត្រី បន្ទាប់​ពី​លេច​ធ្លាយ​ដំណឹង​ថា លោក​ចង់​បង្កើត​សម្ព័ន្ធ​ភាព​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI