កម្ពុជា-ច្បាប់

លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​សង្ស័យ​ពាក់​ព័ន្ធ​ការ​ផលិត​គ្រឿង​ញៀន កាល​ពី​៥ឆ្នាំ​មុន

លោក ញឹក ប៊ុនឆៃ ប្រមុខ​បក្ស​ខ្មែរ​រួបរួ​ម​ជាតិ។
លោក ញឹក ប៊ុនឆៃ ប្រមុខ​បក្ស​ខ្មែរ​រួបរួ​ម​ជាតិ។ @FB/Nhek Bunchhai

អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ នៅ​ថ្ងៃទី០៣ សីហា នេះ បាន​ចាប់​ខ្លួន​ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​ជា​អតីត​ទីប្រឹក្សា​រដ្ឋាភិបាល​ លោក ញឹក ប៊ុនឆៃ ។ អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​បារាំង​ថា លោក ញឹក ប៊ុនឆៃ ត្រូវ​បាន​សង្ស័យ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​ករណី​ផលិត​គ្រឿង​ញៀន ដែល​បាន​ប្រព្រឹត្ត​កាល​ពី​ឆ្នាំ​២០១២​កន្លង​ទៅ​ នៅ​ខេត្ត​កំពង់​ស្ពឺ។   

ផ្សាយពាណិជ្ជកម្ម

ការ​ឈាន​ដល់​ការ​ចាប់​ខ្លួន លោក ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ និង​ជា​អតីត​ទីប្រឹក្សា​រដដ្ឋាភិបាល​មាន​ឋានៈ​ស្មើ​ឧបនាយក​រដ្ឋ​មន្រ្តី នា​ពេល​នេះ ធ្វើ​ឡើង​ក្រោយ​ពី​មាន​ដីកា​ចាប់​ខ្លួនពី​តុលាការ​រាជធានី​ភ្នំពេញ។ បើ​តាម​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គ​ស្នង​ការ​នគរបាល​ជាតិ​ រហូត​មក​ទល់ពេល​នេះ លោក ញឹក ប៊ុឆៃ កំពុង​ស្ថិត​ក្រោម​ការ​ស៊ើប​សួរ​របស់​មន្រ្តី​ជំនាញ​។ ​

សូម​បញ្ជាក់​ថា ការ​ចាប់​ខ្លួន​លោក​ញឹក ប៊ុនឆៃ ប្រធាន​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​នា​ពេល​នេះ ធ្វើ​ឡើងបន្ទាប់​ពី​កាល​ពី​ខែ​មិថុនា​កន្លង​ទៅ ព្រះ​មហា​ក្សត្រ​បាន​ឡាយ​ព្រះហស្ត​លេខា​លើ​ព្រះរាជ​ក្រឹត្យ ​ដក​តួនាទី​លោក ញឹក ប៊ុនឆៃ ​ជា​ទីប្រឹក្សា​រដ្ឋាភិបាល​ដែល​មាន​ឋានៈ​ស្មើ​ឧប​នាយក​រដ្ឋ​មន្ត្រី តាម​សំណើ​របស់លោក​នាយក​រដ្ឋ​មន្រ្តី​។

​​​ការ​ដក​ដំណែង​លោក​ញឹក ប៊ុនឆៃ​ពេល​នោះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ការ​សង្ស័យ​ថា មេ​ដឹក​នាំ​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ​រូប​នេះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​កិច្ច​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​មន្ត្រី​បក្ស​ប្រឆាំង​ក្នុង​អំឡុង​ពេល​មាន​ការ​បោះ​ឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ សង្កាត់​កន្លង​ទៅ ក៏​ប៉ុន្តែ​លោក ញឹក ប៊ុនឆៃ ធ្វើ​ការ​បដិសេធ​ថា​ជា​ព័ត៌មាន​ភ័ន្ត​ច្រឡំ។

មិនត្រឹមតែប៉ុណ្ណោះ រយៈពេលមិនបានប៉ុន្មាន ​ក្រោយពី​លោក ញឹក ប៊ុនឆៃ បាត់បង់​តួនាទី​ជាទី​ប្រឹក្សា មន្ត្រីជាន់ខ្ពស់​គណបក្ស​ខ្មែរ​រួបរួម​ជាតិ ចំនួន ១២ នាក់ មាន​តំណែង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល  ក៏ត្រូវបាន ​ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​បញ្ចប់​តួនាទី​ តាមការស្នើរបស់​លោកនាយករដ្ឋ​មន្រ្តី​ហ៊ុនសែនផងដែរ។

ជា​ការ​កត់​សម្គាល់ ផ្ទៃ​ក្នុង​របស់​គណបក្ស​ខ្មែរ​រួប​រួម​ជាតិ ចាប់​ផ្តើម​រង្គោះ​រង្គើរ​បន្តិច​ៗ​ម្តង ដោយ​សមាជិក​គណបក្ស​មួយ​ចំនួន​បាន​ចាក​ចេញ​ពី​គណបក្ស ហើយ​ទៅ​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជនវកាន់អំណាច​និង​គណបក្ស​ផ្សេង​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI