កម្ពុជា

នួន​ ជា​ ​និង​ ខៀវ​ សំផន​ ​ត្រូវ​បាន​តុលាការ​ផ្តន្ទាទោស​​ដាក់​ពន្ធនាគារ​មួយជីវិត​

អតីត​មេដឹក​នាំ​កំពូល​ខ្មែរ​ក្រហម​ពីរ​រូប​គឺ​ នួន​ ជា​ និង​ ខៀវ​ សំផន​ ត្រូវ​បាន​សាលា​ក្តី​ខ្មែរ​ក្រហម​សម្រេច​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​អស់​មួយ​ជីវិត​ក្នុង​សំណុំរឿង​ ០០២​ វគ្គ​ទី១​ ។​ សាល​ក្រម​ផ្តន្ទា​ទោស​ជន​ជាប់​ចោទ​ទាំង​ពីរ​ត្រូវ​បាន​ប្រកាស​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ទី​ ៧​សីហា​នេះ​។​ សាល​ក្រម​សំ​ណុំ​រឿង​ ០០២​ វគ្គ​ទី១​ ជាប់​ពាក់​ព័ន្ធ​នឹង​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ​ក្នុង​ពេល​ជម្លៀស​ប្រជាជន​ដោយ​បង្ខំ​ចេញ​ពី​ទីក្រុង​ និង​ការ​សម្លាប់​រង្គាល​ទៅ​លើ​ទា​ហាន​ លន់​ នល់​​ នៅ​​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្ត​ពោធិ​សាត់​។​

លោក នួន ជា (ពាក់វែនតាខ្មៅ) និងលោក ខៀវ សំផន ។
លោក នួន ជា (ពាក់វែនតាខ្មៅ) និងលោក ខៀវ សំផន ។ RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

សាល​​​ក្រម​​ផ្តន្ទា​ទោស​​ជន​​ជាប់​​ចោទ​​ទាំង​​ពីរ​​ត្រូវ​​បាន​​ប្រកាស​​ នៅ​​ព្រឹក​​ថ្ងៃ​​ព្រហស្បតិ៍​​ទី៧​​សីហា​​នេះ​​ ដោយ​​លោក​​ចៅ​ក្រម​​ និល​​ ណុន​​ ប្រធាន​​អង្គ​​ជំ​នុំ​​ជម្រះ​សាលា​ដំបូង​នៃសាលា​ក្តី​ខ្មែរ​ក្រហម​​នៅ​ចំពោះ​មុខ​ជន​ជាប់​ចោទ​​និង​អ្នក​ចូលរួម​​ស្តាប់​​យ៉ាង​ច្រើន​​កុះ​ករ​​។ «អង្គ​​​ជំ​នុំ​​ជម្រះ​​​​សម្រេច​​ផ្តន្ទា​ទោស​​នួន​​ ជា​​ ឲ្យ​​ជាប់​​ពន្ធនា​​គារ​​អស់​​មួយ​​ជីវិត​​។​ អង្គ​​ជំនុំ​​ជម្រះ​​សម្រេច​​ផ្តន្ទា​ទោស​​ ខៀវ​​ សំផន​​ ឲ្យ​​ជាប់​​ពន្ធនា​​គារ​​អស់​មួយ​ជីវិត​»

នួន ជា អតីតអនុលេខាបក្សកុំក្មុយនិស្តកម្ពុជា អាយុ ៨៨ ឆ្នាំ និងខៀវ សំផន អតីត​ប្រមុខ​រដ្ឋ​កម្ពុជា​​ប្រជាធិបតេយ្យ​អាយុ​ ៨៣​ ឆ្នាំ​ ត្រូវបានតុលាការ​រកឃើញថា​ជាអ្នកទទួល​ខុស​ត្រូវចំពោះ​បទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការសម្លាប់រង្គាលទៅលើទាហាន លន់ នល់ ក្នុង​អំឡុង​ពេល​ដែលខ្មែរក្រហមឡើងកាន់អំណាច។

សូមបញ្ជាក់ថា នេះគឺជាសាលក្រមផ្តន្ទោទោសនៃសំណុំរឿង ០០២វគ្គទី១​ដែល​ជាប់​ពាក់​ព័ន្ធ​នឹងបទចោទប្រកាន់អំពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនៅពេលជម្លៀសប្រជាជនចេញពីទី​ក្រុងកាលពីខែមេសាឆ្នាំ ​១៩៧៥ និង​ការ​ជម្លៀស​ប្រជាជន​ចេញ​ពី​តំបន់​ផ្សេងៗ​ទៀត​ក្នុង​អំឡុង​ពេលដែលខ្មែរក្រហមកាន់អំណាច និងបទចោទប្រកាន់ស្តីពីការសម្លាប់រង្គាលទៅលើទាហាន លន់ នល់ នៅទួលពោធិជ្រៃខេត្តពោធិសាត់។

ការបំបែកសំណុំរឿង០០២ ជាពីរផ្នែកត្រូវ​បានធ្វើ​ឡើង​ក្រោមហេតុផល​ថាជនជាប់ចោទ​ក្នុង​សំណុំ​រឿងនេះសុទ្ធតែមានវ័យចាស់ជរានិងមានជំងឺប្រចាំកាយថែមទៀត។ ជាក់ស្តែង អៀង សារី អតីតរដ្ឋមន្ត្រីការបរទេសខ្មែរក្រហមបានទទួលមរណភាព ខណៈដែលលោកស្រី អៀង ធីរិទ្ធ អតីត​រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចមានជំងឺបាត់​ការចងចាំ​ដែលមិនអាច​ទទួលការ​កាត់​ទោស​បាន​។ សាលក្រមសំណុំរឿង ០០២ វគ្គទី១​នេះអាចចាត់ទុក​ថា​ជាការផ្តន្ទាទោស​ជនជាប់ចោទ​នៅពេលដែលពួកគេកំពុងមានជីវិតនិង​មាន​កាយសម្បទារគ្រប់គ្រាន់នៅឡើយ។

ភ្លាមៗក្រោយពីការប្រកាសសាលក្រមនេះ លោក សុខ អានរដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្ត្រី និងជាតំណាងភាគីរដ្ឋាភិបាលកម្ពុជានៃសាលាក្តីខ្មែរក្រហមបានប្រកាសពីជោគជ័យរបស់សាលាក្តីកូនកាត់មួយនេះ។ លោក សុខ អាន បានហៅការប្រកាសសាលក្រមសំណុំរឿង ០០២ វគ្គទី១​នេះ​ថា​ជា​ជោគជ័យ​ដ៏ធំធេង​ជាប្រវត្តិសាស្ត្រ និងបានហៅតុលាការខ្មែរក្រហម​ថាជាតុលាការ​ដែលមាន​កម្រិត​ស្តង់​ដារ​អន្តរជាតិ​។ តំណាងភាគីសហប្រជាជាតិ លោក ដេវីដ ឆេហ្វ័រ ក៏បានសាទរចំពោះ​សាល​ក្រម​នេះដែរ​។ លោកបានបញ្ជាក់ថា ជាមួយជោគជ័យថ្មីនេះ ប្រទេស​ជាមិត្ត​នឹងបន្ត​ជួយ​គាំ​ទ្រថវិកាដល់សាលាក្តីនេះរហូតដល់ទីបញ្ចប់។

ប៉ុន្តែ ​មេធាវី​ការពារ​ក្តីឲ្យ​ជន​ជាប់​ចោទ​មិ​ន​សប្បាយ​ចិត្ត​ចំពោះ​សាល​ក្រម​នេះ​ទេ ​។ ​ពួក​គេ​បាន​ហៅ​តុលាកា​រខ្មែរក្រហម​ថាបាន​បង្កើត​អំពើ​អយុត្តិធម៌​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​សារ​តែ​អ្នកប​ង្កើត​ចលនា​ខ្មែ​រ​ក្រហម​និង​អ្នក​គាំ​ទ្រ​របប​នេះ​ទាំង​ខ្មែរ​និង​បរទេស​មិន​ត្រូវ​បាន​នាំ​ខ្លួន​មក​កាត់​ទោស​ទេ​។

នេះ​ជា​សា​ល​ក្រម​លើក​ទី២​ហើយ​បន្ទាប់​ពី​ការ​ផ្តន្ទា​ទោស ​កាំង​ហ្គិច​អ៊ាវ​ ហៅ​ឌុច​ អតីត​ប្រធាន​គុក​ទួល​ស្លែង​ឲ្យ​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ក្នុង​សំណុំ​រឿង ​០០១ ​កាល​ពី​ខែ​កុម្ភៈ​ឆ្នាំ​ ២០១២​។​ បន្ទាប់​ពី​បិទ​បញ្ចប់​សំណុំ​រឿង ​០០២ ​វគ្គ​ទី១​ សាលា​ក្តី​ខ្មែរ​ក្រហម​កំពុង​ដំណើរ​ការ​សវនាការ​សំណុំ​រឿង​ ០០២ ​វគ្គ​ទី​២​ជា​បន្ត​ទៀត​ដែល​មាន​ជន​ជាប់​ចោទ​ពីរ​នាក់​ដដែល​គឺ ​នួន ​ជា ​និង​ ​ខៀវ ​សំផន​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI