កម្ពុជា

ក្រុម​មេធាវី​ការពារ​ នួន​ ជា​ បន្ត​ដោះ​បន្ទុក​កូន​ក្តី​ទល់​នឹង​ការ​ចោទ​ប្រកាន់​

លោក នួន ជា អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម
លោក នួន ជា អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម RFI/Siv Channa

សវនាការ​បិទ​បញ្ចប់​ការដេញដោល​សំណុំរឿង ០០២ វគ្គ​ទី១ បាន​បន្តធ្វើ​នៅ​ថ្ងៃ​ព្រ​ស្ប​តិ៍​នេះ​ដែលជា​វេន​របស់​ក្រុម​មេធាវី​ការពារ​ឲ្យ​ជនជាប់ចោទ នួន ជា។ នៅ​ព្រឹក​នេះ សហ​មេធាវី​អន្តរជាតិ​របស់លោក នួន ជា គឺ​លោក វិចទ័រ កូ​ប៉េ បានលើកឡើង​ភស្តុតាង​នានា​ដែល​បញ្ជាក់ថា កូនក្តី​របស់ខ្លួន​មិនបាន​ជាប់​ពាក់​ព​ន្ធ័​នឹង​ការកាប់សម្លាប់​ទាហាន​និង​មេដឹកនាំ​របប លន់ នល់។ នេះ​ជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ នួន ជា។

ផ្សាយពាណិជ្ជកម្ម

គ្មាន​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​ណាមួយ​ដែល​បញ្ជាក់ថា នួន ជា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់សម្លាប់​ទា​ហ៊ាន លន់ នល់ និង​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​នេះ​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្តពោធិសាត់​ដូច​ការលើកឡើង​របស់​សហ​ព្រះរាជអាជ្ញា​ទេ។ នេះ​គឺជា​ការអះអាង​របស់​ស​ហ​មេធាវី​បរទេស​របស់ នួន ជា ដែល​បាន​ឡើង​ធ្វើ​សេចក្តីសន្និដ្ឋាន​បិទ​បញ្ចប់​ការសួរដេញដោល​សវនាកា​រ​សំណុំរឿង ០០២ វគ្គ​ទី១ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

សហ​មេធាវី​របស់ នួន ជា លោក វិចទ័រ កូ​ប៉េ បាន​បន្ត​បដិសេធ​ភស្តុតាង​នានា​ដែល​សហ​ព្រះរាជអាជ្ញា​លើកឡើង​ដើម្បី​ដាក់​បន្ទុល​កលើ​កូនក្តី​របស់ខ្លួន។ បើ​យោងតាម​លោក កូ​ប៉េ ឯកសារ​ជា​សៀវភៅ​ដែល​សរសេរ​ដោយ​អ្នកជំនាញ និង​អ្នកកាសែត​បរទេស​គ្មាន​ទម្ងន់ និង​ភាពច្បាស់លាស់​ដែល​អាច​យកមក​ដាក់បន្ទុក​លើ​កូនក្តី​របស់ខ្លួន​បានទេ។ រីឯ​ឯកសារ​និង​សាស​ក្សី​ដែល​បង្ហាញ​ពី​ការកាប់សម្លាប់​ទាហាន លន់ នល់ នោះ​ក៏​មិន​ច្បាស់លាស់​ដែរ​ដោយ​ពួកគេ​ប្រើពាក្យ​ថា «អង្គការ» ឬ«បក្ស»។

លោក​មេធាវី វិចទ័រ កូ​ប៉េ ក៏បាន​អះអាងថា បក្ស​កុំម្មុយនិស្ត​កម្ពុជា​គ្មាន​គោលការណ៍​សម្លាប់​ទាហាន​សាធារណរដ្ឋ​ខ្មែរ​ទេ។ ចំណែក​ភស្តុតាង​នៅ​កន្លែងកើតហេតុ​ដូចជា​ក្បាល​ខ្សែក្រវ៉ាត់ បំណែក​សម្លៀកបំពាក់ និង​កម្ទេច​ឆ្អឹង​សាកសព​ផ្សេងទៀត​មិនអាច​ធ្វើជា​ភស្តុតាង​ដាក់បន្ទុក​តាមផ្លូវ​ច្បាប់​បានទេ​ពីព្រោះ​វា​សុទ្ធតែ​ស្ថិតក្នុង​វិមតិសង្ស័យ​ទាំងអស់។

នៅមាន​ទឡ្ហីករណ៍​ជាច្រើន​ទៀត​ដែល​សហ​មេធាវី​អន្តរជាតិ​របស់លោក នួន ជា បានលើកឡើង​ដើម្បី​ឆ្លើយ​បដិសេធ​ការចោទប្រកាន់​របស់​ស​ហ​ព្រះរាជអាជ្ញា។ ជា​ចុងក្រោយ លោក កូ​ប៉េ បាន​ទម្លាក់កំហុស​ទៅលើ​កម្មាភិបាល​ថ្នាក់ក្រោម​ជាពិសេស​មេបញ្ជាការ​ភូមិភាគ​ពាយ័ព្យ​ដែលជា​អ្នកអនុវត្ត​ដោយ​ស្វ័យភាព និង​បាន​បំភ្លៃ​គោលនយោបាយ​របស់​បក្ស​កុំម្មុយនិស្ត​កម្ពុជា។

សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ចន្ទ សហ​ព្រះរាជអាជ្ញា លោកស្រី ជា លាង បានស្នើ​សុំ​ឲ្យ​តុលាការ ផ្តន្ទាទោស​លោក នួន ជា និង​លោក ខៀវ សំផន ដាក់ពន្ធនាគារ​មួយជីវិត​ចំពោះ​ឧក្រិដ្ឋកម្ម ប្រឆាំង​មនុស្សជាតិ ពាក់ព័ន្ធ​នឹង​ការជម្លៀស និង​ការសម្លាប់​ទាហាន លន់ នល់។

សហ​មេធាវី​ការពារ​ក្តី​លោក នួន ជា មាន​ពេល​ពីរ​ថ្ងៃ ដើម្បី​ធ្វើ​សេចក្តីសន្និដ្ឋាន បិទ​បញ្ចប់​ការពិភាក្សា​ដេញដោល​តប​នឹង​សហ​ព្រះរាជអាជ្ញា។ ថ្ងៃ​ព្រហស្បតិ៍​នេះ​ជា​ថ្ងៃ​ចុងក្រោយ​សម្រាប់​ក្រុម​ការពារ​ក្តី​ជនជាប់ចោទ​នួន ជា។ អង្គ​សវនាការ​ព្រឹក​នេះ​បាន​បិទ​បញ្ចប់​នៅវេលា​ម៉ោង ១២ ថ្ងៃត្រង់ និង​បន្តធ្វើ​នៅ​ម៉ោង១៣ និង ៣០ នាទី​រសៀល​ទៀត៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI