កម្ពុជា

មេធាវី​ការពារ​ នួន​ ជា​ សុំ​ឲ្យ​តុលាការ​ដោះ​លែង​កូន​ក្តី​របស់​ខ្លួន​

លោក នួន ជា អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម និង ជាបងធំទី២
លោក នួន ជា អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម និង ជាបងធំទី២ RFI/Siv Channa

នៅក្នុង​សវនាការ​បិទ​បញ្ចប់​ការដេញដោល​សំណុំរឿង ០០២ វគ្គ​ទី១ ក្រុម​មេធាវី​ការពារ​ឲ្យ​ជនជាប់ចោទ នួន ជា បានស្នើ​សុំ​ឲ្យ​តុលាការ​ដោះលែង​កូនក្តី​របស់ខ្លួន​ឲ្យ​រួច​ផុតពី​ការចោទប្រកាន់។ នេះ​ជា​សេចក្តីសន្និដ្ឋាន​ចុងក្រោយ​របស់​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ នួន ជា​បន្ទាប់ពី​ពួគគេ​បាន​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ព្រះរាជអាជ្ញា​រយៈពេល​ពីរ​ថ្ងៃ។

ផ្សាយពាណិជ្ជកម្ម

ទីបំផុត លោក សុន អរុណ សហ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក នួន ជា បាន​ស្នើសុំ​តុលាការ​ឲ្យ​ដោះលែង​កូនក្តី​របស់ខ្លួន។ ការសុំ​ឲ្យ​ដោះលែង​ជនជាប់ចោទ នួន ជា បាន​ធ្វើឡើង​បន្ទាប់ពី​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​ជនជាប់ចោទ​រូបនេះ​បាន​បដិសេធ​ជា​បន្តបន្ទាប់​ការចោទប្រកាន់​របស់​ស​ហ​ព្រះរាជអាជ្ញា។

សហ​មេធាវី​អន្តរជាតិ លោក វិចទ័រ កូ​ប៉េ និង​សហ​មេធាវី​ជាតិ លោក សុន អា​រុណ បាន​ចំណាយពេល​ពីរ​ថ្ងៃ​ដើម្បី​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់​របស់​ស​ហ​ព្រះរាជអាជ្ញា។លោក វិច ទ័​រ កូ​ប៉េ បាន​ប្រាប់​តុលាការ​ថា គ្មាន​ភស្តុតាង​គួរ​ឲ្យ​ជឿជាក់​ណាមួយ​ដែល​បញ្ជាក់ថា នួន ជា មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការកាប់សម្លាប់​ទា​ហ៊ាន លន់ នល់ និង​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​នេះ​នៅ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្តពោធិសាត់​ដូច​ការលើកឡើង​របស់​សហ​ព្រះរាជអាជ្ញា​ទេ។

សហ​មេធាវី​បរទេស​របស់ នួន ជា បាន​បដិសេធ​ភស្តុតាង​នានា​ដែល​សហ​ព្រះរាជអាជ្ញា​លើកឡើង​ដើម្បី​ដាក់​បន្ទុល​កលើ​កូនក្តី​របស់ខ្លួន។ បើ​យោងតាម​លោក កូ​ប៉េ ឯកសារ​ជា​សៀវភៅ​ដែល​សរសេរ​ដោយ​អ្នកជំនាញ និង​អ្នកកាសែត​បរទេស​គ្មាន​ទម្ងន់ និង​ភាពច្បាស់លាស់​ដែល​អាច​យកមក​ដាក់បន្ទុក​លើ​កូនក្តី​របស់ខ្លួន​បានឡើយ។

លោក​បាន​អះអាងថា បក្ស​កុំម្មុយនិស្ត​កម្ពុជា​គ្មាន​គោលការណ៍​សម្លាប់​ទាហាន​សាធារណរដ្ឋ​ខ្មែរ​ទេ។ ទីបំផុត មេធាវី​របស់ នួន ជា បាន​ទម្លាក់កំហុស​ទៅលើ​កម្មាភិបាល​ថ្នាក់ក្រោម​ថា​ជា​អ្នក​កាប់សម្លាប់​ដោយ​បំភ្លៃ​គោលនយោបាយ​របស់​បក្ស​កុំម្មុយនិស្ត​កម្ពុជា។

ចំណែក​សហ​មេធាវី​ជាតិ លោក សុន អា​រុណ ក៏បាន​លើក​ទឡ្ហីករណ៍​នានា​ដើម្បី​ដោះ​បន្ទុក​កូនក្តី​របស់ខ្លួន​ដែរ។ លោក​អះអាងថា កូនក្តី​របស់ខ្លួន​គឺ​លោក នួន ជា បងធំ​ទី២ក្នុង​របប​ខ្មែរក្រហម​មិនបាន​ពាក់​ព​ន្ធ័ និង​ដឹងលឺ​អំពី​ការកាប់សម្លាប់​មនុស្ស​ពេល​ជម្លៀស​ប្រជាជន​ទាំងពីរ​លើក​ដោយ​ពួក​ខ្មែរក្រហម​ទេ។ ក្រោយពី​បដិសេធ​ការចោទប្រកាន់ សហ​មេធាវី​ក៏បាន​ស្នើសុំ​ឲ្យ​តុលាការ​ដោះលែង​កូនក្តី​របស់ខ្លួន​តែម្តង។

សូមបញ្ជាក់ថា សហ​ព្រះរាជអាជ្ញា​ជាតិ លោកស្រី ជា លាង បានដាក់​បន្ទុក​ធ្ងន់ធ្ងរ​ទៅលើ​ជនជាប់ចោទ នួន ជា និង ខៀវ សំផន ទាក់ទង​នឹង​ការជម្លៀស​ប្រជាជន​ដោយ​បង្ខំ និង​ការកាប់សម្លាប់​ទាហាន លន់ នល់ និង​មេដឹកនាំ​នៃ​របប​នេះ​នៅឯ​ទួល​ពោធិ៍​ជ្រៃ​ក្នុង​ខេត្តពោធិសាត់។ សហ​ព្រះរាជអាជ្ញា​បាន​សុំ​ឲ្យ​តុលាការ​ផ្តន្ទាទោស​ដាក់ពន្ធនាគា​រ​ជនជាប់ចោទ​ទាំងពីរ​អស់​មួយជីវិត។

សវនាការ​នឹង​បន្តធ្វើ​នៅ​ថ្ងៃ​សុក្រ​ទៀត​ដោយ​ដល់​វេន​ក្រុម​មេធាវី​ការពារ​ក្តី​ឲ្យ​លោក ខៀវ សំផន​វិញ​ម្តង៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI