នួន ជា ទទួលខុសត្រូវខាងសីលធម៌និងសុំទោសជនរងគ្រោះ តែសុំឲ្យតុលាការដោះលែងរូបគាត់
ថ្លែងនៅក្នុងអង្គសវការបិទបញ្ចប់ការសួរដេញដោលសំណុំរឿង ០០២ វគ្គទី ១ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោក នួន ជា បងធំទី២នៃរបបខ្មែរក្រហមបានប្រកាសទទួលខុសត្រូវខាងសីលធម៌ ចំពោះអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហម ។ លោក បានសុំទោសចំពោះជនរងគ្រោះព្រមទាំងប្រជាជនកម្ពុជាទូទាំងប្រទេស និងបានគោរពវិញ្ញាណក្ខន្ធអ្នកស្លាប់ក្នុងរបបខ្មែរក្រហម ប៉ុន្តែ លោក នួន ជា បានអះអាងថា លោកមិនបានជាប់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋកម្មទាំងនោះទេ។លោកបានសុំឲ្យតុលាការលើកលែងការចោទប្រកាន់ និងដោះលែងឲ្យមានសេរីភាព។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ថ្លែងទៅកាន់អង្គសវនាការនៅព្រឹកនេះ លោក នួន ជា អតីតប្រធានសភាប្រជាជន និងដែលគេហៅថា ជាបងធំទី២ក្នុងរបបខ្មែរក្រហម បានច្រាលចោលទាំងស្រុងរាល់ការចោទប្រកាន់របស់សហព្រះរាជអាជ្ញា។ ជាបឋម លោក នួន ជា បានបញ្ជាក់ឡើងវិញថា លោកគ្មានតួនាទីជាអ្នកសម្រេចកិច្ចការអ្វីទេ ហើយក៏មិនបានជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់មនុស្សក្នុងរបបខ្មែរក្រហមដែរ។
ក្រៅពីបង្ហាញអំពីតួនាទីដែលមិនជាប់ពាក់ព័ន្ធនឹងការកាប់សម្លាប់ លោក នួន ជា ក៏បានការពារខ្លួនចេញពីការចោទប្រកាន់ផ្សេងៗរបស់សហព្រះរាជអាជ្ញាដោយលើកអំណះអំណាងថា នៅគ្រប់សម័យកាលដឹកនាំរបស់កម្ពុជាសុទ្ធតែមានអំពើហិង្សា កាប់សម្លាប់មនុស្សរាប់ចាប់តាំងពីសម័យអាណានិគមន៍បារាំង រហូតមក។
ការទម្លាក់គ្រាប់បែករបស់សហរដ្ឋអាមេរិកមកលើប្រទេសកម្ពុជាដែលសម្លាប់មនុស្សជាច្រើនក៏ត្រូវបានលោក នួន ជា បានលើកឡើងដែរ។ ក្នុងន័យនេះ បងធំទី២ក្នុងរបបខ្មែរក្រហម អះអាងថា ការចាប់រូបលោកឲ្យទទួលខុសត្រូវតែម្នាក់ឯង និងទុកឲ្យអ្នកផ្សេងទៀតដូចជាសហរដ្ឋអាមេរិក វៀតណាម និងមេដឹកនាំខ្មែរមួយចំនួនទៀតរួចខ្លួនគឺជាអំពើអយុត្តិធម៌។ លោកបានហៅតុលាការដែលកំពុងកាត់ទោសរូបលោកនេះថា ជារកយុត្តិធម៌សម្រាប់អ្នកឈ្នះតែប៉ុណ្ណោះ។
ក្រៅពីថ្លែងការពារខ្លួនឯង លោក នួន ជា ក៏បានការពារគោលនយោបាយបក្សកុំម្មុយនិស្តកម្ពុជាដែរថា គ្មានបំណងកាប់សម្លាប់ប្រជាជន និងដាក់ប្រជាជនឲ្យទៅជាទាសករទេ។ ផ្ទុយទៅវិញបក្សកុំម្មុយនិស្តកម្ពុជាបានមានគោលនយោបាយរំដោះប្រជាជនចេញពីរបបទាសភាព និងពីការឈ្លានពានរបស់បរទេស។
បើតាមលោក នួន ជា អំពើវិនាសកម្មកាប់សម្លាប់ក្នុងរបបខ្មែរក្រហមគឺបណ្តាលមកពីថ្នាក់ដឹកនាំរបស់បក្សកុំម្មុយនិស្តកម្ពុជារើសកម្មាភិបាលថ្នាក់ក្រោមមិនបានល្អដោយអ្នកខ្លះមិនស្មោះត្រង់ និងអ្នកខ្លះទៀតក្តាប់មិនបានគោនយោបាយរបស់ថ្នាក់លើ។ ចំណែកឯថ្នាក់លើរវល់តែកិច្ចការនៅភ្នំពេញមិនបានចុះទៅពិនិត្យឲ្យបានដិតដល់នូវការងាររបស់ថ្នាក់ក្រោម។
ក្រៅពីនោះ លោក នួន ជា ក៏បានលើកហេតុផលមួយទៀតថា មកពីមានភ្នាក់ងាររបស់អាមេរិក និងវៀតណាមបង្កប់នៅក្នុងជួរបក្សកុំម្មុយនិស្តកម្ពុជា។ ពួកគេបានព្យាយាមលាក់បាំង និងរាយការណ៍ភូតកុហកទៅថ្នាក់លើ។
យ៉ាងណាក៏ដោយ នួន ជា បានប្រកាសទទួលខុសត្រូវខាងសីលធម៌ចំពោះអ្វីដែលបានកើតឡើងក្នុងរបបខ្មែរក្រហមដោយសារតែការគ្រប់គ្រងមិនបានល្អរបស់បក្សកុំម្មុយនិស្តកម្ពុជា។ លោកក៏បានប្រកាសសុំទោសជាសាធារណៈចំពោះជនរងគ្រោះនិងប្រជាជនខ្មែរទូទាំងប្រទេស។ នួន ជា ក៏បានថ្លែងគោរពវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ផងដែរ។ ប៉ុន្តែ ជាចុងក្រោយ លោកបានស្នើសុំឲ្យតុលាការលើកលែងការចោទប្រកាន់ និងដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ