ជំនួបរវាងអ្នកសហជីពនិងនាយកក្រុមហ៊ុនបញ្ជាទិញនឹងផ្តោតលើវិវាទរោងចក្រ SL ជាចំបង
ចុះផ្សាយនៅថ្ងៃ៖
ប្រធានសហជីពឯករាជ្យ ស៊ីខាវឌូ នឹងស្នើឲ្យនាយក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់ពីប្រទេសកម្ពុជាH & M ទទួលយកសំណើរចំនួន ៥ចំណុចទាក់ទងទៅនឹងលក្ខខន្តការងារ ដើម្បីឲ្យក្រុមហ៊ុនលំដាប់ពិភពលោក របស់ប្រទេស ស៊ុយអែដ មួយនេះ អន្តរាគមន៍ដល់រដ្ឋាភិបាលកម្ពុជា។ការស្នើរនេះនឹងត្រូវធ្វើឡើងនៅក្នុងជំនួបជាមួយនាយកប្រតិបត្តិក្រុមហ៊ុននៅល្ងាចថ្ងៃ ព្រហស្បតិ៍នេះនៅទីក្រុងភ្នំពេញ ខណៈដែលមានដំណើរទស្សនកិច្ចមួយរបស់នាយកក្រុមហ៊ុន H&M នៅប្រទេសកម្ពុជា។
មេដឹកនាំសហជីពដែលមានជំហរឯករាជ្យនៅក្នុងប្រទេសកម្ពុជា បានថ្លែងថាលោកនឹងចាត់ទុកជំនួបរវាងសហជីពលោក ជាមួយនឹងតំណាងក្រុមហ៊ុន H & M ជាជំនួបដ៏សំខាន់បំផុតខណៈដែលសភាពការណ៍តានតឹងនៃវិវាទនៅតាមរោងចក្រកាត់ដេរនៅក្នុងទីក្រុងភ្នំពេញមួយចំនួន មិនត្រូវបានដោះស្រាយនៅឡើយ។
លោក អាត់ ធន, ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាCCAWDU និងជាប្រធានសហភាពការងារកម្ពុជាបានបញ្ជាក់ថា លោកមាន៥ចំណុចត្រៀមលើកឡើងចំពោះមុខលោក karl Johw Persson នាយកប្រតិបត្តិនៃក្រុមហ៊ុន H & M នៅក្នុងជំនួបគ្នានារសៀលថ្ងៃព្រហស្បតិ៍ ទី ១៧ តុលានេះ។ ចំណុចទាំង៥នោះគឺទាក់ទងទៅហ្នឹងបច្ចុប្បន្នភាពនៃវិស័យ វាយនភ័ណ្ឌនៅប្រទេសកម្ពុជា ដូចជាការស្នើសុំតម្លើងប្រាក់ឈ្នួល១៥០ ប្រាក់ថ្ងៃបាយ៣ពេលស្នើឲ្យនិយោជកមានការដាក់ប្រាក់តម្លល់អតីតភាពដើម្បីទូទាត់ដល់កម្មករនៅពេលដែលរោងចក្របិទ។ កិច្ចសន្យាខ្លីដែលរោងចក្របានធ្វើជាមួយកម្មករក៏ត្រូវបានលើកឡើងផងដែរ ហើយចំណុចទី៥ ដែលអ្នកសហជីពរូបនេះយល់ថាជាការរំខានដល់ទំនាក់ទំនងល្អនៃវិស័យកាត់ដេររវាងនិយោជកនិងនិយោជិកនោះគឺអ្នកកាងនៅពីក្រោយថៅកែរោងចក្រ។
លោក អាត់ ធន់ បន្តថាបញ្ហាដែលត្រូវលើកឡើងជាចំបងនោះគឺបញ្ហាវិវាទដ៏ក្តៅគគុកនៃ
រោងចក្រកាត់ដេរ SL ដែលបច្ចុប្បន្ននៅមិនទាន់មានដំណោះស្រាយនៅឡើយ គឺអ្វីដែលកម្មករទាមទារត្រូវនិយោជកច្រានចោលបើទោះណាជាមានការសម្របសម្រួលពីអាជ្ញាធរពាក់ព័ន្ធក៏ដោយ។
កាលពីថ្ងៃទី១៦ម្សិលមិញ នៅក្នុងជំនួបមួយជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅវិមានសន្តិភាព លោក karl Johw Persson, នាយកប្រតិបត្តិក្រុមហ៊ុន H &M របស់ប្រទេស
ស៊ុយអែត ដែលមានមានឥទ្ធិពលលើទីផ្សាសំលៀកបំពាក់នៅជាង ៤០ប្រទេស ហើយមានបុគ្គលិកជិត ១០ម៉ឺននាក់បានឲ្យដឹងថា H&M គឺជាក្រុមហ៊ុនបញ្ជាទិញសម្លៀកបំពាក់និងគ្រឿងវាយនភ័ណ្ឌដ៏ធំជាងគេនៅអាស៊ីបានចាប់អារម្មណ៍និងសម្តែងសុទិដ្ឋិនិយមចំពោះអនាគតទីផ្សារវាយនភ័ណ្ឌនៅប្រទេសកម្ពុជា,នេះបើតាមលោក អៀង សុផល្លែត ជំនួយការផ្ទាល់លោកនាយករដ្ឋមន្ត្រី ដែលបានថ្លែងប្រាប់កាសែតបន្ទាប់ពីជំនួប។
តាមរយៈលោក អៀង សុផ្លែតដដែល លោកនាយករដ្ឋមន្ត្រីបានហៅការប្រមូលទិញផលិតផលវាយនភ័ណ្ឌរបស់ប្រទេសកម្ពុជាពីក្រុមហ៊ុនដ៏ល្បីឈ្មោះនេះ គឺជាការលើកទឹកចិត្តដល់កម្មករខ្មែរ និងជាការលើកទឹកចិត្តដល់ ក្រុមហ៊ុនរោងចក្រកាត់ដេរទាំងអស់ផងដែរ។
សូមបញ្ជាក់ថា រោងចក្រកាត់ដេរនៅប្រទេសកម្ពុជាបច្ចុប្បន្នទាំងតូចទាំងធំបានកើនរហូតដល់៨០០រោងចក្រ ហើយកម្មករកើនដល់ ៧សែននាក់។វិស័យកាត់ដេរនៅប្រទេសកម្ពុជាត្រូវគេចាត់ទុកថាជាវិស័យឆ្អឹងខ្នងមួយរបស់សេដ្ឋកិច្ចប្រទេស ដែលមានទំនាក់ទំនងជាមួយទីផ្សារធំកម្មង់ទិញធំៗនៅលើពិភពលោក ក្នុងនោះមាន Nike Gap Puma H&M ។ល។និង។ល។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ