អានតួអត្ថបទ
កម្ពុជា

អ្នក​ស្ម័គ្រ​ចិត្ត​ជាង​១៤០០នាក់​បាន​ចុះ​ឈ្មោះ​ចូល​រួម​សង្កេត​ការណ៍​ប្រឡង​បាក់​ឌុប​ជាមួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​

សិស្ស​កំពុង​ប្រឡង​បាក់ឌុបនាពេលកន្លងមក។
សិស្ស​កំពុង​ប្រឡង​បាក់ឌុបនាពេលកន្លងមក។ © សុវណ្ណារ៉ា/RFI
ដោយ៖ វណ្ណ សុគន្ធា
១៦ នាទី

គិត​មកដល់ពេលនេះ​មាន​អ្នកស្ម័គ្រចិត្ត​ដែល​រួមទាំង​សង្គម​ស៊ីវិល និង បុគ្គល​ឯកជន​ចំនួន​ប្រមាណ​ជាង១៤០០​នាក់​ហើយ​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ធ្វើជា​អ្នកសង្កេតការណ៍​ក្នុង​ដំណើរ​ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ឆ្នាំ២០១៤ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។នេះ​បើតាម​ការ​បញ្ជាក់​ឲ្យ​ដឹង​របស់​លោកស្រី ម៉ា សូ​យ៊ិន​ដា ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ និង ទប់ស្កាត់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ។

ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​RFIនៅ​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍ ទី ០៨ ឧសភា​នេះ លោកស្រី ម៉ា សូ​យ៊ិន​ដា បាន​ឲ្យ​ដឹងថា គិត​មកដល់ពេលនេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានទទួល​ចុះឈ្មោះ​អ្នកស្ម័គ្រចិត្ត​ប្រមាណ​ជាង១ពាន់៤រយ​នាក់​ហើយ​ដើម្បី​ចូលរួម​សង្កេតការណ៍​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ក្នុងឆ្នាំនេះ។ក្នុងនោះ​មាន​សង្គម​ស៊ីវិល​ចូលរួម​ប្រមាណ៥ឫ ៦ ផងដែរ។

ប្រធាន​នាយកដ្ឋាន​អប់រំ បង្ការ និង ទប់ស្កាត់​នៃ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រូបនេះ​បាន​បញ្ជាក់​បន្ថែមថា ចំពោះ​បុគ្គល​ឯកជន​ដែល​បានមក​ចុះឈ្មោះ​សង្កេតការណ៍​នេះ​ភាគច្រើន​ជា​និស្សិត។ចំណែក​សង្គម​ស៊ីវិល​វិញ​លោកស្រី​មិនបាន​ចាំ​ឈ្មោះ​នោះទេ។ការចុះឈ្មោះ​ធ្វើជា​អ្នក​សង្កេតការណ៍​ជា​ដៃគូ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ដើម្បី​សង្កេតមើល​ដំណើរការ​ប្រឡង​នេះ​បានធ្វើ​ឡើង​កាលពី​ថ្ងៃ ទី ៣០ មីនា និង ឈប់​ទទួល​ចុះឈ្មោះ​នៅ​ថ្ងៃទី០១ កក្កដា ឆ្នាំ២០។នេះ​បើតាម​ការបញ្ជាក់​ពី​លោកស្រី ម៉ា សូ​យ៊ិន​ដា​ដដែល។

គួររម្លឹកថា ក្រោយពី​ឡើង​ធ្វើជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង កីឡា លោក ហង់ ជួនណា​រ៉ុ​ន​បានធ្វើ​កំណែទម្រង់​ស៊ីជម្រៅ​នៅក្នុង​វិស័យ​អប់រំ។វិស័យ​អប់រំ​ជាពិសេស​ដំណើរការ​ប្រឡង​មធ្យម​សិក្សា​ទុតិយភូមិ​ដែល​ទទួលរង​ការរិះគន់​ពី​សំណាក់​មហាជន និង​សង្គម​ស៊ីវិល​ថា មិន​មាន​ភាពប្រក្រតី និង ពោរពេញ​ទៅ​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​នា​កន្លងមក។

ជាមួយ​ទិសដៅ​ក្នុងការ​លាងជម្រះ​ភាពមិនប្រក្រតី និង​បំបាត់​អំពើពុករលួយ​ទាំងនោះ ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​សហការគ្នាជាមួយ​អង្គ​ភាព​ប្រឆាំង​អំពើពុករលួយ។ក្នុង​កិច្ច​សហ​ការ​​នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី ៣០ មីនា​កន្លងទៅ បាន​ជូនដំណឹង និង​អញ្ជើញ​​សង្គម​ស៊ីវិល​ឲ្យ​ចូលរួម​សង្កេតការណ៍​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ពេលខាងមុខ ដើម្បី​ឲ្យ​ការប្រឡង​ធ្វើឡើង​ដោយ​ស្មើភាព យុត្តិធម៌ គុណភាព តម្លាភាព និង បង្កើតជា​ទម្លាប់​ថ្មី​ល្អ​នាពេលខាងមុខ​ទៀត។

សូម​ជំរាបជូន​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឫ​បាក់​ឌុប ឆ្នាំ​សិក្សា ២០១៣​-​២០១៤ នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ០៤ និង ០៥ ខែសីហា ខាងមុខនេះ។ចំណាត់ការ និង ការ​រឹត​បន្តឹង​របស់​ក្រសួង​អប់រំ យុវជន និង កីឡា សហការ​ជាមួយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ចំ​ពោះ​​ដំណើរការ​ប្រឡង​នៅ​ឆ្នាំនេះ​គឺជា​រឿង​មួយ ប៉ុន្តែ​អ្វីដែល​មហាជន​ចង់ឃើញ​នោះ​គឺ​ការ​ប្រឡង​ប្រកបដោយ​គុណភាព ស្មើភាព និង​គ្មាន​អំពើពុករលួយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ