ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​មាន​សម័យ​ថ្មី​ផ្លាស់​ប្តូរ​ឥរិយាបថ​ក្នុង​ការ​ចាយ​វាយ​ប្រាក់

សំឡេង ០៥:០៣
ក្រដាសប្រាក់ខ្មែរ
ក្រដាសប្រាក់ខ្មែរ RFI

អាជីវ​កម្ម​នានា​កំពុង​រីក​ដុះ​ដាល​ដូច​ផ្សិត​ក្នុង​រាជ​ធានី​ភ្នំពេញ ក្នុងនោះ​វិស័យ​ភោជនីយ​ដ្ឋាន​និង​ហាង​ទំនិញ​ទំនើប​ៗ​បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈ​ពេល​ចុង​ក្រោយ​នេះ។ នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា អ្នក​មាន​ជីវភាព​ធូរធា​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​កំពុង​កើន​ឡើង​ក្នុង​នោះ​អ្នក​មាន​ថ្មី​ថ្មោង​ក៏​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ។ ទន្ទឹម​នឹង​នោះ ពួកគេ​បាន​ផ្លាស់​ប្តូរ​ឥរិយា​បថ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​ការ​ចាយ​វាយ​ប្រាក់​ជា​ពិសេស​ក្នុង​ចំណោម​យុវវ័យ។ ប៉ុន្តែ និន្នាការ​នេះ​ក៏​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​គម្លាត​រវាង​ទីក្រុង​និង​ជន​បទ​ផង​ដែរ​។

ផ្សាយពាណិជ្ជកម្ម

ភោជ​នីយ​ដ្ឋាន​ទំនើប​ៗ​កំពុង​រីក​ដុះ​ដាល​យ៉ាង​ខ្លាំង​ពាស​ពេញ​រាជ​ធានី​ក្នុង​នោះ​ភោជ​នីយ​ដ្ឋាន​ទំនើប​ៗ និង​មាន​ស្លាក​យី​យោ​មក​ពី​បរទេស​បាន​បង្ហាញ​វត្ត​មាន​កាន់​តែ​ច្រើន​ឡើង​ៗ​ស្ទើរ​តែ​គ្រប់ទិស​ទី​។ ចំនួន​ភោជ​នីយ​ដ្ឋាន​ទំនើប​បាន​កើន​ឡើង​យ៉ាង​គំហុក​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ភោជ​នីយ​ដ្ឋាន​ទាំង​នោះ​ពោរ​ពេញ​ដោយ​អតិ​ថិជន​យ៉ាង​កុះករ​ស្ទើរ​តែ​រក​កន្លែង​ចត​យានយន្ត​ឬ​កន្លែង​អង្គុយ​មិនបាន។

គ្មាន​តួ​លេខ​បង្ហាញ​ពី​ចំនួន​ពិត​ប្រាកដ​នៃ​ភោជ​នីយ​ដ្ឋាន​ក្នុង​ទីក្រុង​ភ្នំពេញ​ទេ ប៉ុន្តែ យោង​តាម​របាយ​ការណ៍​ស្ទង់​មតិ​មួយ​របស់​ភោជ​នីយ​ដ្ឋាន Park Café ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​សីហា​កន្លង​ទៅ​នេះ នៅ​ភ្នំពេញ​មាន​ភោជ​នីយ​ដ្ឋាន​ចំនួន​ជាង ១៧០០ ដែល​បាន​ចុះ​ក្នុង​ទំព័រ Yellow Page Cambodia។ របាយ​ការណ៍​ស្ទង់​មតិ​ដដែល​ឲ្យ​ដឹង​ថា វិស័យ​ចំណីអាហារ​និង​ភេសជ្ជៈ​ជា​ចលករ​សេដ្ឋកិច្ច​ដ៏​សំខាន់​មួយ​ដែល​បានផ្តល់​ការងារ​ដល់​មនុស្ស​ជាង ១៥ ០០០ នាក់។ ក្រៅពី​ភោជ​នីយ​ដ្ឋាន ហាង​ទំនិញ​ទំនើប​ៗ​ក៏​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​។

 
មាន​មូល​ហេតុ​ច្រើន​យ៉ាង​ដែល​គេ​អាច​ពន្យល់​បាន​ពី​និន្នាការ​កើន​ឡើង​យ៉ាង​គំហុក​នៃ​ចំនួន​ភោជ​នីយ​ដ្ឋាន​និង​ហាង​ទំនើប​នៅ​ទីក្រុង​ភ្នំ​ពេញ៖

មូល​ហេតុ​ទី​១៖ ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ដែល​មាន​ជីវ​ភាព​មធ្យម​និង​ខ្ពស់​នៅ​ក្នុង​ទី​ក្រុង។ មូលហេតុ​ទី​២៖ មក​ពី​ការ​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​បរិភោគ​របស់​ពល​រដ្ឋ​ខ្មែរ​ជា​ពិសេស​យុវជន​សម័យ​ថ្មី​ដែល​ចូល​ចិត្ត​បរិភោគ​អាហារ​ក្រៅ​ផ្ទះ​និង​មូល​ហេតុ​ទី​៣​៖មក​ពី​ការ​ផ្លាស់​ប្តូរ​របៀប​ចាយ​វាយ​ទូ​លាយ​ជាង​មុន​ពោល​គឺ​ពល​រដ្ឋ​ខ្មែរ​ហាក់​ដូច​ជា​មិន​សូវ​ចូល​ចិត្ត​សន្សំ​ប្រាក់​បេះ​មិន​ចេញ​ដូច​ពី​មុន​ទៀត​ទេ។ មូល​ហេតុ​ទី​៤ ការ​កើន​ឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​ក៏​មាន​ចំណែក​ដែរ។

ជាការ​ពិត​ណាស់ កាល​ពីមុន ពល​រដ្ឋ​ខ្មែរ​ចូល​ចិត្ត​បរិភោគ​អាហារ​ជួប​ជុំ​គ្នា​នៅ​ឯ​ផ្ទះ។ ការបរិភោគ​អាហារ​នៅ​ផ្ទះ​អាច​ឲ្យ​ពួកគេ​បាន​ជួបជុំ​គ្រួសារ​និង​ការ​ចំណាយ​ក៏​ទាប​ជាង​អាហារ​ខាងក្រៅ​ដែរ។ ប៉ុន្តែ បច្ចុប្បន្ន នៅ​ពេល​ដែល​ការងារ​កាន់​តែ​មមា​ញឹក មនុស្ស​ជា​ច្រើន​គ្មាន​ពេល​ទៅ​បរិភោគ​អាហារ​ជួបជុំ​គ្រួសារ​ដូច​ពីមុន​ទេ។ ម្យ៉ាង​ទៀត គ្រួសារ​អ្នក​ទី​ក្រុង​ជា​ច្រើន​ក៏​ផ្តើម​ចូលចិត្ត​នាំ​ក្រុម​គ្រួសារ​ទៅ​ហូប​អាហារ​ក្រៅ​ផ្ទះ​ញឹក​ញាប់​ជាង​មុន​ដែរ​នៅ​ពេល​ដែល​កម្រិត​ជីវភាព​របស់​ពួកគេ​មាន​ការ​កើន​ឡើង​។

ម្យ៉ាង​ទៀត គ្រួសារ​អ្នក​ទី​ក្រុង​ជា​ច្រើន​ក៏​បាន​ផ្លាស់​ប្តូរ​ឥរិយា​បថ​ក្នុង​ការ​រស់​នៅ​យ៉ាង​ខ្លាំង​ណាស់ដែរ ពោល​គឺជា​ឥរិយា​បថ​របៀប​អ្នក​មាន​សម័យ​ថ្មី​ដែល​ចូល​ចិត្ត​ចាយ​លុយ​ធំ​ជាង​មាឌ។ ប្រពន្ធ័​បង់​រម្លោះ​ក៏​បាន​ជួយ​សម្រួល​ឲ្យ​គ្រួសារ​ខ្មែរ​ជា​ច្រើន​ដែល​មាន​ប្រាក់​ចំណូល​ចាប់​ពី​កម្រិត​មធ្យម​ឡើង​ទៅ​មាន​ផ្ទះ​សម្បែង និង​សម្ភារៈ​ទំនើប​ៗ​ប្រើ​ដោយ​មិន​ចាំ​ចាប់​មាន​ប្រាក់​គ្រប់​ចំនួន​ឡើយ។ សន្តិភាព​និង​ស្ថិរភាព​សង្គម​ក៏​បាន​ធ្វើ​ឲ្យ​អ្នក​មាន​ជីវភាព​ធូរធា​ហាក់​មិន​សូវ​ខ្វល់​ខ្វាយ​ពី​សង្គ្រាម​និង​ការ​រត់លូន​ដូច​ពីមុន​ដែរ។

សម្រាប់​យុវវ័យ​សម័យ​ក្រោយ​សង្គ្រាម​វិញ ពួកគេ​រឹតតែ​មិនដែល​ព្យាករណ៍​ទាល់​តែ​សោះ​ថា​អាច​មាន​ភ្លើង​សង្គ្រាម​គួរ​ឲ្យ​ព្រឺ​ខ្លាច​ដូច​ជំនាន់​ឪពុក​ម្តាយ​របស់​ពួកគេ។ ការ​បរិភោគ​អាហារ​តាមបែប​បស្ចឹម​ប្រទេស​ក្នុង​ភោជ​នីយ​ដ្ឋាន​ទំនើប​ៗ ក្នុង​ម៉ាស៊ីន​ត្រជាក់ មាន​អាំង​ទែ​ណែត Wifi បាន​ក្លាយ​ជា​របៀប​រស់​នៅ​ថ្មី​យ៉ាង​ពេញ​និយម​របស់​ពួកគេ​ទៅ​ហើយ​។ ក្រៅ​ពីនោះ ពួក​គេ​គិត​ពី​រឿង​សម្ភារៈ​និយម​ដើម្បី​បង្អួត​គ្នា​ច្រើន​ជាង​គិត​ពី​ការ​សន្សំ​ប្រាក់។

តាម​ទ្រឹស្តី​សេដ្ឋ​កិច្ច នេះ​ជា​សញ្ញា​ល្អ​មួយ​ដែល​ធ្វើ​ឲ្យ​សេដ្ឋ​កិច្ច​ដើរ។ ក្នុង​បរិបទ​នេះ វិស័យ​ចំណីអាហារ​និង​ភេសជ្ជៈ​និង​ការ​ទិញ​ដូរ​ទំនិញ​ផ្សេង​ៗ​ត្រូវ​គេ​មើល​ឃើញ​ថា​នឹង​នៅ​តែ​មាន​និន្នា​ការ​កើន​ឡើង​បន្ត​ទៀត​នៅ​ពេល​ខាង​មុខ​នេះ​ប្រសិន​បើ​ស្ថានការណ៍​នយោបាយ​មិន​ប្រែ​ប្រួល​ទៅ​រក​ភយន្តរាយ​ជា​ថ្មី​ទេ​នោះ។យោង​តាម​របាយ​ការណ៍​ស្ទង់​មតិ​របស់​ភោជ​នីយ​ដ្ឋាន Park Café ម្ចាស់​ភោជ​នីយ​ដ្ឋាន​ភាគ​ច្រើន​កំពុង​មាន​គម្រោង​ពង្រីក​សាខា​របស់​ខ្លួន​ចំនួន​មួយ​ឬ​ពីរ​ទៀត​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​។

យ៉ាង​ណា​ក៏​ដោយ កំណើន​នៃ​អ្នក​មាន​ជីវភាព​ធូរធា​ក្នុង​ទីក្រុង​មាន​តិច​តួច​ប៉ុណ្ណោះ​បើ​ធៀប​នឹង​ចំនួន​អ្នកក្រីក្រ​នៅឯ​ទីជនបទ។ ទីជនបទ​ដែល​ពលរដ្ឋ​ជាច្រើន​រស់ក្នុង​ស្ថានភាព​រខេករខាក​និង​បរិភោគ​ចំណីអាហារ​ខ្វះ​ជីវជាតិ។ ដូច្នេះ សញ្ញា​នៃ​ការលូតលាស់​ខាង​សេដ្ឋកិច្ច​របស់​អ្នកទីក្រុង វា​ក៏​ជា​ម៉ែត្រ​វាស់​អំពី​គម្លាត​រវាង​ទីក្រុង​និង​ជនបទ រវាង​អ្នកមាន​និង​អ្នកក្រ​ដែល​ខុសគ្នា​ស្រឡះដូច​មេឃ​និង​ដី​គឺ​ខុសគ្នា​ទាំង​ជីវភាព ទាំង​របៀប​រស់នៅ និង​ទាំង​អាកប្ប​កិរិយា​នៃ​ការ​ចាយ​ប្រាក់​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI