សភាឯកបក្សបោះឆ្នោតជ្រើសរើសសមាជិកគណៈកម្មការទាំង៩រួចរាល់
ដូចការគ្រោងទុក រដ្ឋសភាដែលមានតែសមាជិកមកពីគណបក្សប្រជាជនកម្ពុជាបានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍ទី ១០ តុលានេះដើម្បីរៀបចំរចនាសម្ពន្ធ័គណៈកម្មការជំនាញទាំង៩របស់ខ្លួន។ សមាជិកសភា ៦៥ នាក់បានសម្រេចបោះឆ្នោតជ្រើសរើស សមាជិកគណៈកម្មការរួចរាល់ហើយ។ យ៉ាងណាក៏ដោយ គណបក្សប្រជាជនកម្ពុជានៅតែរក្សារចនាសម្ពន្ធ័ដឹកនាំសភាមួយចំនួនទុកជូនគណបក្សសង្គ្រោះជាតិដដែល។
ចុះផ្សាយនៅថ្ងៃ៖
សមាជិករដ្ឋសភា ៦៥ រូបក្នុងចំណោម ៦៨ រូបមកពីគណបក្សប្រជាជនកម្ពុជាដែលបានចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភានៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានបោះឆ្នោតជាឯកច្ឆ័នជ្រើសរើសសមាសភាពសមាជិកគណៈកម្មការជំនាញទាំង៩របស់រដ្ឋសភា។ លោក ហេង សំរិន ប្រធានរដ្ឋសភាចាស់អាណត្តិថ្មីបានដឹកនាំកិច្ចប្រជុំសភាលើកទី១ អាណត្តិទី៥ នេះ ហើយបានប្រើរូបមន្តបោះឆ្នោតជាកញ្ចប់និងជាសម្ងាត់។
បន្ទាប់ពីការបោះឆ្នោតរួចហើយ គណៈកម្មការជំនាញនីមួយៗក៏បានបើកកិច្ចប្រជុំរៀងៗខ្លួនដើម្បីជ្រើសតាំងលេខាធិការមួយរូបដើម្បីបំពេញតាមលក្ខខណ្ឌតម្រូវ។ ក៏ដូចជាកិច្ចប្រជុំដំបូងដែរ តំណាងរាស្ត្រទាំង ៥៥ នាក់របស់គណបក្សសង្គ្រោះជាតិបានបន្តធ្វើពហិការមិនចូលប្រជុំទេ។ យ៉ាងណាក៏ដោយ រដ្ឋសភានៅតែរក្សាទុកតំណែងនិងតួនាទីមួយចំនួនជូនដល់គណបក្សសង្គ្រោះជាតិដដែល។ លោក ហេង សំរិន បានថ្លែងឲ្យដឹងថា ទ្វារនៅតែបើកចំហសម្រាប់គណបក្សសង្គ្រោះជាតិដដែល ហើយសមាសភាពគណៈកម្មការសភានឹងមានការផ្លាស់ប្តូរប្រសិនបើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិយល់ព្រមវិលចូលសភាវិញនៅពេលខាងមុខនេះ។
គួរបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាត្រៀមប្រគល់តំណែងអនុប្រធានសភាមួយរូប ប្រធានគណៈកម្មការ៤ និងអនុប្រធានគណៈកម្មការ៥ ដល់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែ បក្សប្រឆាំងបានទាមទារយកតំណែងប្រធានរដ្ឋសភា និងសមាសភាពភាគច្រើននៅក្នុងគណៈអចិន្ត្រៃយ៍។ ការទាមទារនេះក្នុងហេតុផលថា ដើម្បីធ្វើឲ្យមានតុល្យភាពអំណាចជាមួយគណបក្សប្រជាជនកម្ពុជា។ ក្រៅពីនោះ គណបក្សសង្គ្រោះជាតិក៏នៅតែទាមទារឲ្យមានការស៊ើបអង្កេតឯករាជ្យអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតដដែល។
ប៉ុន្តែ គណបក្សប្រជាជនមិនយល់ព្រមប្រគល់ស្ថាប័ននីតិបញ្ញត្តិនេះឲ្យទៅបក្សប្រឆាំងគ្រប់គ្រងទេ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានប្រកាសថា គ្មានប្រទេសណាមួយដែលផ្តល់តួនាទីប្រធានសភាឲ្យទៅគណបក្សដែលមានសំឡេងភាគតិចនោះទេ។ ហើយការធ្វើដូច្នេះនឹងធ្វើឲ្យរដ្ឋសភាជាប់គាំងមិនអាចដំណើរការបានឡើយ។
លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថា ចុងក្រោយនេះលោក សម រង្ស៊ី បានបោះបង់ការទាមទារយកតំណែងប្រធានរដ្ឋសភាហើយ តែនៅតែចង់បានការគ្រប់គ្រងគណៈអចិន្ត្រៃយ៍សភាដដែល។ ប៉ុន្តែ ព័ត៌មាននេះត្រូវបានគណបក្សសង្គ្រោះជាតិបដិសេធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ