អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ពិនិត្យភស្តុតាងឃើញថា នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនប៉ោយប៉ែត ពិតជាត្រូវឡានបុកមែន
ចុះផ្សាយនៅថ្ងៃ៖
លោក ឈាន ពិសិដ្ឋ មន្ដ្រីប៉ូលីសនៅច្រកអន្ដរជាតិប៉ោយប៉ែត ពិតជាត្រូវឡានបុករហូតដល់ដួលសន្លប់ពិតមែន មិនមែនជាការធ្វើពុតដើម្បីទម្លាក់កំហុសលើប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាឈ្មោះ ឌិន ពុទ្ធី ដូចការផ្សព្វផ្សាយលើបណ្ដាញសង្គមហ្វេសប៊ុកនិងសារព័ត៌មានមួយចំនួនទេ។ នេះគឺជាការបញ្ជាក់របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៧ធ្នូ ម្សិលមិញ។
នៅក្នុងសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី២៧ធ្នូ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបានអះអាងថា លោក ឈាន ពិសិដ្ឋ មន្ដ្រីប៉ូលីសនៅច្រកអន្ដរជាតិប៉ោយប៉ែត ពិតជាត្រូវឡានបុករហូតដល់ដួលសន្លប់ពិតមែន មិនមែនជាការធ្វើពុតដើម្បីទម្លាក់កំហុសលើម្ចាស់ឡាន ឈ្មោះ ឌិន ពុទ្ធី ដែលជាប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជាទេ។ នេះបើតាមការពិនិត្យយ៉ាងហ្មត់ចត់ទៅលើឯកសារជាភស្តុតាងនានា រួមមានវីដេអូឃ្លីប ចម្លើយសាក្សីមួយចំនួន និងរូបភាពជនរងគ្រោះដេកដួលមកផ្នែកខាងឆ្វេងនៅចំពីមុខរថយន្ត មានភាពស៊ីសង្វាក់គ្នាជាមួយរូបភាពស្នាមរបួសនៅភ្លៅខាងស្ដាំរបស់ជនរងគ្រោះ និងលិខិតបញ្ជាក់ពីមន្ទីរសម្រាកព្យាបាល។
តាមរយៈភស្តុតាងបឋមអស់ទាំងនេះ តំណាងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ បានសម្រេចបើកការស៊ើបសួរលើឈ្មោះ ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ពីបទហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ។ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យបញ្ជាក់ថា ខ្លួននឹងបន្តតាមដាននិងស្រាវជ្រាវរឿងនេះឲ្យបានច្បាស់លាស់ ដើម្បីបង្ហាញការពិត និងផ្ដល់ភាពយុត្តិធម៌ជូនភាគីទាំងសងខាង។
ជាមួយគ្នានេះ អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ អំពាវនាវឲ្យសាធារណជនទាំងអស់រក្សាភាពស្ងៀមស្ងាត់ និងរង់ចាំលទ្ធផលនៃចំណាត់ការនីតិវិធីរបស់តុលាការ ជៀសវាងសន្និដ្ឋានដោយមិនមានភស្តុតាងនិងព័ត៌មានច្បាស់លាស់។
គួរកត់សម្គាល់ថា ការគូសបញ្ជាក់របស់អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យអំពីករណីគ្រោះថ្នាក់ចរាចរណ៍នៅច្រកព្រំដែនប៉ោយប៉ែតដូច្នេះ ធ្វើឡើងបន្ទាប់ពីមានការលើកឡើងចម្រូងចម្រាស់នៅលើបណ្ដាញសង្គម និងសារព័ត៌មានមួយចំនួនថា៖ ករណីនេះ មន្ដ្រីប៉ូលីសធ្វើពុតជាដួលសន្លប់នៅពីមុខឡាន Lexus ដើម្បីទម្លាក់កំហុសដាក់ម្ចាស់ឡាន។ លោក អេង ឆៃអ៊ាង មន្ដ្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ក៏បានបង្ហាញពីក្ដីសង្ស័យស្រដៀងគ្នានេះដែរ ហើយលោកបានអំពាវនាវដល់ស្ថាប័នតុលាការ និងក្រសួងមហាផ្ទៃឲ្យស៊ើបអង្កេតច្បាស់លាស់ចំពោះករណីនេះ។
សូមជម្រាបជូនថា បច្ចុប្បន្នជនរងគ្រោះឈ្មោះ ឈាន ពិសិដ្ឋ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រទេសថៃ។ ចំណែកលោកឌិន ពុទ្ធី ដែលជាសកម្មជនគណបក្សប្រឆាំងផងនោះ កំពុងស្ថិតនៅក្នុងការឃុំខ្លួនដើម្បីរង់ចាំបន្តនីតិវិធីរបស់តុលាការ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ