អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

វិបត្តិ​នយោបាយ​កំពុង​ធ្វើ​ឲ្យ​សេរីភាព​នៃ​ការ​ជួប​ជុំ​ចុះ​ដុន​ដាប​!

សំឡេង ០៥:០០
លោកស្រី មួរ សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ចរារាំង មិនឲ្យចូលទៅក្នុងទីលានប្រជាធិបតេយ្យ។
លោកស្រី មួរ សុខហួរ ត្រូវបានកម្លាំងសមត្ថកិច្ចរារាំង មិនឲ្យចូលទៅក្នុងទីលានប្រជាធិបតេយ្យ។
ដោយ៖ ប៉ែន បូណា

ខណៈដែល​វិបត្តិ​នយោបាយ​ក្រោយ​ការបោះ​ឆ្នោត​កំពុង​អូសបន្លាយ​ដោះស្រាយ​មិន​ចេញ រាល់​ការជួបជុំ​សម្តែង​មតិ​និង​ការ​ដង្ហែ​ក្បួន​បាតុកម្ម​នានា​ត្រូវបាន​អាជ្ញាធរ​ហាមប្រាម​យ៉ាង​រឹង​រ៉ឹង។ ទីលាន​ប្រជាធិបតេយ្យ​ដែល​ជា​​កន្លែង​សម្តែង​មតិ​​ត្រូវបាន​បិទ។ ការជួបជុំ​ផ្សេងទៀត​នៅតាម​ទីសាធារណៈ​ក៏​ត្រូវបាន​ហាមប្រាម​ដែរ។ បម្រាម​ទាំងនេះ​កំពុង​ធ្វើ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សេរីភាព​ជួបជុំ​សម្តែង​មតិ​នៅ​កម្ពុជា។ នេះ​ជា​ផលវិបាក​នៃ​វិបត្តិ​នយោបាយ​ក្រោយ​ការបោះឆ្នោត​ដែល​បានអូសបន្លាយ​រយៈពេល៩ខែ​មកហើយ​តែ​នៅតែ​ដោះស្រាយ​មិន​ចេញ។ តើ​អ្នកនយោបាយ​កំពុង​នាំ​ប្រទេសជាតិ​ធ្វើដំណើរ​ទៅណា?  

ផ្សាយពាណិជ្ជកម្ម

នៅពេល​មាន​ជម្លោះ​នយោបាយ​តានតឹង ស្ថានការណ៍​ប្រទេសជាតិ​តែង​ធ្លាក់ចុះ​ដុនដាប។ នេះ​គឺជា​កត្តា​សត្យានុម័ត​ដែល​មិនអាច​ចៀសវាង​បាន។ ហេតុដូច្នេះ​ហើយ​បានជា​ក្រុម​អ្នក​ដែល​មើលឃើញ​បញ្ហា​នេះ​បាន​ជំរុញ​ម្តង​ហើយ​ម្តងទៀត​ឲ្យ​អ្នកនយោបាយ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន។

ប៉ុន្តែ គួរ​ឲ្យ​សោកស្តាយ បំណងប្រាថ្នា​នេះ​មិនអាច​សម្រេច​បានទេ​ពីព្រោះ​អ្នកនយោបាយ ហាក់ដូចជា​យកចិត្តទុកដាក់​តែ​ចំពោះ​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​និង​ផលប្រយោជន៍​គណបក្ស​រៀងចៗខ្លួន​ច្រើនជាង​ជោគវាសនា​ប្រទេសជាតិ។ ពួកគេ​បាន​បណ្តោយ​ឲ្យ​ឱកាស​នៃ​ការដោះស្រាយ​វិបត្តិ​ត្រូ​កន្លង​ហួស​ទៅ​ម្តង​ហើយ​ម្តងទៀត​ដោយសារតែ​ការប្រកាន់​តឹងរៀងៗខ្លួន។ ជា​ផលវិបាក ស្ថានការណ៍​ប្រទេសជាតិ​កាន់តែ​ធ្លាក់ចុះ​ដុនដាប​ជា​លំដាប់។

ជាក់ស្តែង ការជួបជុំ​សម្តែង​មតិ​ឬ​ដង្ហែ​ក្បួន​បាតុកម្ម​នានា​ត្រូវបាន​ហាមប្រាម​យ៉ាង​តឹងតែង​បើទោះជា​ការជួបជុំ​ដង្ហែ​ក្បួន​នោះ​ធ្វើឡើង​ដោយ​សន្តិវិធី​ក៏ដោយ។ មូលហេតុ​គឺ​ព្រោះតែ​អាជ្ញាធរ​បារម្ភ​ខ្លាច​ការជួប​ជុំនោះ​ក្លាយជា​ចលនា​បាតុកម្ម​ផ្តួលរំលំ​រដ្ឋាភិបាល។

បច្ចុប្បន្ន ស្ថានការណ៍​កំពុង​ឈានទៅរក​ភាព​តានតឹង​និង​កាន់តែ​អាង​ក្រក់​ឡើងជា​លំដាប់​ជាពិសេស​ទាក់ទង​នឹង​សេរីភាព​ក្នុងការ​ជួបជុំ​សម្តែង​មតិ​ដែលជា​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យ។ ជាក់ស្តែង ទីលាន​ប្រជាធិបតេយ្យ​ត្រូវបាន​ហ៊ុន​ព័ទ្ធ​ដោយ​របង​បន្លា​សួស​និង​របាំង​ដែក​គ្រប់​ច្រក​អមដោយ​កម​កលាំង​សមត្ថកិច្ច​យាមកាម​យ៉ាង​តឹងរ៉ឹង។

យ៉ាងណាក៏ដោយ សកម្មជន​សហជីព​និង​សកម្មជន​ដីធ្លី​រួមទាំង​គណបក្សប្រឆាំង​ផង​នៅតែ​ព្យាយាម​ប្រារព្ធ​ពិធី​ជួបជុំជារឿយៗក្រោម​ហេតុផល​ថា វា​ជា​សិទ្ធិ​ដែល​ត្រូវ​ប្រើប្រាស់​នៅក្នុង​របប​ប្រជាធិបតេយ្យ។ ម្យ៉ាងទៀត ពួកគេ​ចង់​បង្ហាញថា រដ្ឋាភិបាល​មិនអាច​ដាក់​សម្ពាធ​លើ​ពួកគេ​បានឡើយ។ ស្ថានភាព​នេះ​នឹង​អាច​បង្ក​ឲ្យ​មាន​អំពើហិង្សា​ដោយ​ចៀស​មិន​ផុត។

នៅពេលដែល​អំពើហិង្សា​កើតឡើង អ្នកនយោបាយ​បាន​ត្រឹម​ចង្អុលមុខ​ដាក់គ្នា​ដោយ​គ្មាន​អ្នកណា​ចេញមុខ​ទទួលខុសត្រូវ​ឡើយ។ ចំណែក​អ្នកស្លាប់ អ្នករបួស និង​អ្នក​ជាប់ពន្ធនាគារ​គឺជា​ពលរដ្ឋ​សាមញ្ញ កម្មករ​និង​តំណាង​សហជីព​ជាដើម។ អំពើហិង្សា​កាលពីដើម​ខែមករា​គឺជា​ឧទាហរណ៍​ស្រាប់។

ទោះជា​បានឃើញ​ផលវិបាក​ជាក់ស្តែង​យ៉ាងនេះ​ក៏ដោយ ក៏​គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅតែ​ប្រកាន់​ជំហរ​រឹងត្អឹង​រៀងខ្លួន​ដោយ​ម្ខាង​សម្អាង​លើ​កម្លាំង​មហាជន​និង​ម្ខាង​សម្អាង​លើ​កម្លាំង​សមត្ថកិច្ច។ កុំថាឡើយ​ដល់​ទៅ​ការជួបជុំ​នយោបាយ សូម្បីតែ​សង្គម​ស៊ីវិល​ក៏​មិនអាច​ជួបជុំ​សម្តែង​មតិ​បានដែរ។ តើ​កម្ពុជា​កំពុងស្ថិត​ក្នុងស្ថានភាព​ប្រកាសអាសន្ន​ឬ​បានជា​អាជ្ញាធរ​រឹតបន្តឹង​សិទ្ធិសេរីភាព​ជួបជុំ​បែបនេះ? ម្យ៉ាងទៀត នៅពេលដែល​ប្រទេសមួយ​កំពុង​អនុវត្ត​របប​ប្រជាធិបតេយ្យ​សរី​ពហុបក្ស ហើយ​ការជួបជុំ​សម្តែង​មតិ​ត្រូវបាន​ហាមឃាត់ តើ​គោលការណ៍​ប្រជា​ធិ​ប​ត្យេ​នៅឯណា? តើ​អ្នក​ន​យោ​យ​កំពុង​នាំ​ប្រទេសជាតិ​ធ្វើដំណើរ​ទៅ​ទីណា? ទាំងនេះ​ជា​សំណួរ​ដែល​អ្នកនយោបាយ​ត្រូវ​ផ្តល់​ចម្លើយ។

ដូច្នេះ គណបក្ស​ទាំងពីរ​គួរតែ​ប្រញាប់​ដោះស្រាយ​វិបត្តិ​នយោបាយ​ជាបន្ទាន់។ ទោះបីជា​ដំណោះស្រាយ​មិនទាន់​រកឃើញ ក៏​ភាគី​ទាំងពីរ​គួរតែ​នាំគ្នា​កាត់បន្ថយ​ភាព​តានតឹង​ដែរ​ពោលគឺ​កាត់បន្ថយ​តាមរយៈ​ការ​រម្លត់​សង្គ្រាមពាក្យសម្តី​និង​ការបង្កើន​ជំនឿ​ទុកចិត្ត​គ្នា។ អាជ្ញាធរ​រដ្ឋាភិបាល​ត្រូវតែ​បើក​ឲ្យ​មាន​សេរីភាព​ជួបជុំ​សម្តែង​មតិ​ឡើងវិញ​ជា​ចាំបាច់។

បើទោះជា​មានការ​រឹតត្បិត​ការជួបជុំ​ធ្វើបាតុកម្ម​នយោបាយ ក៏​គេ​មិនគួរ​រឹតបន្តឹង​ការជួបជុំ​របស់​សង្គម​ស៊ីវិល​ឬ​សូម្បីតែ​ការឃោសនាបោះឆ្នោត​នោះឡើយ។

ការ​បណ្តោយ​ឲ្យ​ស្ថានភាព​បែបនេះ​នៅតែ​បន្ត​អូសបន្លាយ ប្រទេស​កម្ពុជា​នឹង​ជួប​វិបត្តិ​ធ្ងន់ធ្ងរ​បន្ថែមទៀត​នៅពេល​ខាងមុខ។ លទ្ធិប្រជាធិបតេយ្យ​ដែលមាន​អាយុ២០ឆ្នាំ​មកហើយ​នោះ​នឹង​វិល​ទៅរក​ចំណុច​ចាប់ផ្តើម​វិញ។ ពិភពលោក​ក៏​កំពុង​សម្លឹង​មក​កម្ពុជា​ដោយ​ក្រសែភ្នែក​មិនល្អ​ជាថ្មី​ម្តងទៀត​ដែរ។ នេះ​ផលវិបាក​ដែល​កើតចេញពី​ការបន្ត​សាកល្បង​កម្លាំង​គ្នា​មិនទាន់​ចប់​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះ​ជាតិ។

ទីបំផុត ទម្លាប់​ចាស់​ទំនងជា​មិនអាច​ចៀសវាង​បាន នោះ​គឺ​ទម្លាប់​ប្រយុទ្ធ​គ្នា​រហូតដល់​ភាគី​ណាមួយ​ដួល​ងើប​លែងរួច​ទើប​ចប់។ ប៉ុន្តែ មុននឹង​ដំរី​ណាមួយ​ដួល ស្រ​ម៉ោ​ច​សង្អារ​មិនដឹង​ជា​ត្រូវស្លាប់​អស់​ប៉ុន្មាន​ទេ។ នេះ​ជា​រូបភាព​ដែល​គេ​ស្រ​ម៉ៃ​ឃើញ​នៅ​ចំពោះមុខ​ប្រសិនបើ​វិបត្តិ​នយោបាយ​មិនត្រូវ​បាន​ដោះស្រាយ​ទេនោះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ