អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

អ្នក​នយោបាយ​គួរ​នាំ​គ្នា​បណ្តុះ​ទស្សនៈ​មោទនភាព​ជាតិ​!

សំឡេង ០៥:០៤
លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា​ ថ្ងៃទី ១៦ កញ្ញា ២០១៣​
លោកហ៊ុន សែន ចាប់ដៃ លោកសុន ឆ័យ ក្នុងជំនួបកំពូលនៅវិមានរដ្ឋសភា​ ថ្ងៃទី ១៦ កញ្ញា ២០១៣​ RFI/Siv Channa
ដោយ៖ ប៉ែន បូណា
២៩ នាទី

រហូត​មក​ដល់​​ពេល​នេះ​​របៀប​​ធ្វើ​​នយោបាយ​​នៅ​​កម្ពុជា​​ហាក់​​មិន​ទា​ន់​មា​ន​​អ្វី​​ប្រែ​ប្រួល​​នៅ​ឡើយ​​​ទេ​។ នៅ​ពេល​​មាន​​បញ្ហា​​ដោះ​ស្រាយ​​មិន​​ចេញ​ អ្នក​នយោបាយ​​ខ្មែរ​​តែង​តែ​រ​ត់​ទៅ​​ពឹង​​បរទេស​​ឲ្យ​​ជួយ​។ ​គណបក្ស​កាន់​អំ​ណាច​​គិត​តែ​​ពី​​ការពារ​​អំណាច​​ឲ្យ​​គង់​វង្ស​ ខណៈ​ដែល​​បក្ស​ប្រឆាំង​​គិត​តែ​​រិះ​រក​​វិធី​​យ៉ាង​ណា​​ទម្លាក់​​រដ្ឋាភិបាល​​ចេញ​ពី​​អំណាច​។ ​ក្នុង​​ការ​តស៊ូ​​ន​យោ​បាយ​​ទាំង​នោះ ​អ្នក​នយោ​បាយ​​ខ្មែរ​​សុទ្ធ​តែ​​ស្វះ​​ស្វែង​រក​​អន្តរាគមន៍​​​ពី​​បរទេស​​ឲ្យ​​ជួយ​​សម្រេច​​គោល​ដៅ​​របស់​ខ្លួន​។ ប៉ុន្តែ​ ពួក​គេ​​មិន​សូវ​​បាន​គិត​​គូរ​​ពី​​ផល​វិបាក​​ដែល​​ធ្លាក់​​ទៅ​លើ​​ប្រជាជន​​និង​​ប្រទេ​ស​ជាតិ​​ឡើយ​។ របៀប​​ធ្វើ​​នយោបាយ​​ដែល​​ខ្វះ​​មោទន​ភាព​​ជាតិ​​បែប​នេះ​​គួរ​​ត្រូវ​បាន​​ផ្លាស់​ប្តូរ​។

ផ្សាយពាណិជ្ជកម្ម

ក៏ដូចជា​លើកមុនៗដែរ អ្នកនយោបាយ​ខ្មែរ​តែង​ប្រើ​យុទ្ធវិធី​ផ្តួល​គ្នា​តាម​គ្រប់​រូបភាព​ដែល​អាច​ធ្វើបាន​ទោះបីជា​ផលវិបាក​របស់​វា​ទៅជា​យ៉ាងណាក៏ដោយ។ ក្រៅពី​ប្រើ​កម្លាំង​ផ្ទាល់ខ្លួន​ដើម្បី​ទប់ទល់​គ្នា​អស់ចិត្ត ពួកគេ​ក៏​បែរ​ទៅ​ពឹង​បរទេស​ដើម្បី​ឲ្យ​ជួយ​ជាក​ម្លាំ​ពីក្រោយ​ខ្នង​ដើម្បី​ដាក់​សម្ពាធ​ទៅលើ​គូប្រជែង។ ជាក់ស្តែង ជ័យ​ជំ​នៈ​នៃ​របប លន់ នល់ ដែល​បាន​ផ្តួលរំលំ​របប​រាជា​និយម​កាលពីដើម​ទសវត្សរ៍ ៧០ ខ្មែរក្រហម​ឡើងកាន់​អំណាច​ឆ្នាំ ១៩៧៥ និង​ជ័យ​ជំ​នៈ​របស់​គណបក្ស​ប្រជាជន​ឆ្នាំ ១៩៧៩ ទៅលើ​របប​ខ្មែរក្រហម​គឺ​សុទ្ធ​តែមាន​កម្លាំង​ទ័ព និង​សព្វាវុធ​បរទេស​នៅ​ពីក្រោយ​ខ្នង​ទាំងអស់។ នេះ​ជា​បទពិសោធន៍​ប្រវត្តិសាស្ត្រ​ដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់។

ឥឡូវនេះ ការពឹង​ពាក់​បរទេស​បាន​ផ្លាស់ប្តូរ​រូបភាព​ថ្មី​ខុស​ពីមុន​ពោលគឺ​ប្តូរ​ពី​ពឹង​លើ​គ្រឿង​សព្វាវុធ និង​កម្លាំងយោធា​មកជា​ពឹង​លើ​អន្តរាគមន៍​តាមបែប​ការទូត​វិញ។ ជាក់ស្តែង បក្ស​ប្រ​ឆាំ​ង​តែង​សុំ​បរទេស​ជាពិសេស​មហាអំណាចធំៗដែលមាន​ឥទ្ធិពល​ឲ្យ​ធ្វើ​សេចក្តីថ្លែងការណ៍​ថ្កោលទោស​រដ្ឋាភិបាល សុំ​ឲ្យ​ផ្តាច់ជំនួយ​ឬ​សុំ​ឲ្យ​អង្គការសហប្រជាជាតិ​កុំ​ទទួលស្គាល់​រដ្ឋា​ភិ​បាល​ជាដើម។ ដើម្បី​ទប់ទល់​ជាមួយ​បក្សប្រឆាំង​វិញ គណបក្សកាន់អំណាច​ក៏មាន​មហា​អំ​ណា​ច​ដ៏​រឹងមាំ​នៅ​ពីក្រោយ​ខ្នង​ដូចគ្នា​ដែរ។

ថ្វីដ្បិតតែ ពួកគេ​មិន​សុំ​អាវុធ​ដូច​កាលពីមុន ប៉ុន្តែ គំនិត​ពឹងពាក់​បរទេស​នៅតែ​មិនទាន់​ផ្លាស់​ប្តូរ​នៅឡើយ។ សម្រាប់​អ្នកនយោបាយ​ខ្មែរ ជោគជ័យ​របស់​ពួកគេ​គឺ​ធ្វើយ៉ាងណា​ឲ្យ​តែ​គូ​បដិ​បក្ខ​ចុះខ្សោយ​ទោះជា​ផលវិបាក​របស់​វា​ធ្វើ​ឲ្យ​ប្រជាជន​ពេញ​មួយ​ប្រទេស​រង​ផលប៉ះពាល់​ក៏​ដោយ។ ជាទូទៅ បក្ស​កាន់អំណាច​តែង​រក​វិធី​គ្រប់បែបយ៉ាង​ក្នុងការ​ធ្វើ​ឲ្យ​បក្សប្រឆាំង​ចុះ​ខ្សោយ​​ដើម្បី​ខ្លួន​មាន​សិទ្ធិ​ធ្វើ​អ្វី​ក៏បាន។ គណបក្ស​ដឹកនាំ​ប្រទេស​ក៏​មិនសូវ​យកចិត្តទុកដាក់​នឹង​​មតិយោបល់​របស់​បក្សប្រឆាំង​ដែរ​ដោយ​សម្អាងថា ពួកគេ​តំណាង​ឲ្យ​សំឡេង​ភាគច្រើន។

ដូច្នេះ ដើម្បី​ពង្រឹង​ឥទ្ធិពល​របស់ខ្លួន គណបក្សប្រឆាំង​ក៏​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ដាក់​សម្ពាធ​​ទៅលើ​បក្ស​កាន់អំណាច។ ក្នុងចំណោម​មធ្យោបាយ​ទាំងនោះ ការសុំ​ឲ្យ​បរទេស​ស្រែក​​ថ្កោលទោស​ឬ​ផ្តាច់ជំនួយ​ដល់​រដ្ឋាភិបាល​គឺជា​វិធី​ដ៏​ពេញនិយម​មួយ។ សម្រាប់​អ្នក​នយោបាយ​ប្រឆាំង ពេលណា​ដែល​បរទេស​និយាយ​អាក្រក់​ពី​ប្រទេស​របស់ខ្លួន ឬ​កាត់​ផ្តាច់​ជំ​នួយ​​ដែល​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ចុះខ្សោយ​គឺជា​ដំណឹង​ល្អ​មួយ។ នេះ​ជា​អ្វីដែល​គេ​ហៅថា​របៀប​ធ្វើ​នយោបាយ​ដែល​ខ្វះ​មោទនភាព​ជាតិ។

ផលវិបាក​ដែល​កើតចេញពី​នយោបាយ​បែបនេះ​គឺ ក្រៅពី​ធ្វើ​ឲ្យ​ប្រជាជន​រង​ទុក្ខ វា​ក៏បាន​ធ្វើ​ឲ្យ​ប្រទេស​មាន​រូបភាព​មិនល្អ​នៅលើ​ឆាក​អន្តរជាតិ​ទៀតផង។ នេះ​ជា​បទពិសោធន៍​ជូ​ចត់​ដែល​កម្ពុជា​បាន​ហែល​ឆ្លងកាត់​ឆ្អែតឆ្អន់​ហើយ។ ដូច្នេះ អ្នកនយោបាយ​សម័យ​ទំនើប​នេះ​គួរតែ​ផ្លាស់​ប្តូរ​យុទ្ធសាស្ត្រ​ថ្មី​ពោលគឺ​ត្រូវធ្វើ​នយោបាយ​ដោយ​ផ្សារភ្ជាប់​មិនអាច​កាត់ផ្តាច់​បាន​ពី​ទស្សនៈ​មោទនភាព​ជាតិ។ មោទនភាព​ជាតិ​មានន័យថា ទោះជា​ស្ថិតក្នុង​បក្ស​កាន់អំណាច​ឬ​បក្សប្រឆាំង​ក្តី អ្នកនយោបាយ​គួរតែ​នាំគ្នា​លើកស្ទួយ​កិត្យានុភាព​ប្រទេសជាតិ ដោយ​សប្បាយ​នឹង​ឃើញ​ប្រទេសជាតិ​និង​ប្រជាជន​របស់ខ្លួន​ស្គាល់​ការអភិវឌ្ឍន៍ ហើយ​ឈឺចាប់​នៅពេល​ដែល​​បរទេស​និយាយ​អាក្រក់​ពី​ប្រទេស​របស់ខ្លួន។

នៅពេលដែល​អ្នកនយោបាយ​អាច​បណ្តុះ​ទស្សនៈ​មោទនភាព​ជាតិ​បាន​ហើយ ពួកគេ​នឹង​ចេះ​របៀប​ធ្វើ​នយោបាយ​ដែល​អាច​បញ្ចៀស​គ្រោះមហន្តរាយ​ដល់​ប្រទេសជាតិ។ ពេលនោះ ស្ថិរ​ភាព​នយោបាយ និង​និរន្តរភាព​នៃ​ការអភិវឌ្ឍ​ប្រទេស​នឹងត្រូវ​បាន​ធានា​បើទោះជា​អ្នកណា​ឡើង​​ដឹកនាំ​ប្រទេស​ក៏ដោយ។ បរាជ័យ​នៃ​ការប្រកួតប្រជែង​នយោបាយ សូម​ចាត់ទុក​វា​ត្រឹម​ជា​បរាជ័យ​របស់​គណបក្ស​នយោបាយ​បាន​ហើយ តែ​សូមកុំ​អូសទាញ​ប្រទេសជាតិ​ឲ្យ​បរា​ជ័យ​ជាមួយ។

រហូតមកទល់​បច្ចុប្បន្ន អ្នកនយោបាយ​ច្រើនតែ​យក​ប្រទេសជាតិ និង​ប្រជាជន​ជា​ចំណាប់ខ្មាំង ពោលគឺ​នៅពេលដែល​ពួកគេ​ធ្លាក់ទឹក ប្រទេស​ទាំងមូល​ក៏​ធ្លាក់ទឹក​ជាមួយ​ដែរ។ រីឯ​ភាគី​បដិ​បក្ខ​​វិញ ក៏​សប្បាយចិត្ត​នៅពេល​ឃើញ​ស្ថានភាព​បែបនេះ​ពីព្រោះ​វា​ជាស​ញ្ញា​ដែល​បញ្ជាក់ថា ពួកគេ​ជិត​បាន​ឡើងកាន់​អំណាច​ហើយ។ តើ​គេ​គួរ​បន្ត​លេងល្បែង​នយោបាយ​ដែលមាន​ហា​នី​ភ័យ​ខ្ពស់​ដល់​ប្រទេសជាតិ​បែបនេះ​ទៀត​ដែរឬទេ? នេះ​ជា​សំណួរ​ដែល​អ្នកនយោបាយ​ត្រូវ​ផ្តល់​ចម្លើយ។

សម្រាប់​ក្រុមអ្នកវិភាគ ដើម្បី​លុបបំបាត់​ទម្លាប់​នេះ ការបណ្តុះ​មោទនភាព​ជាតិ​ក្នុងចំណោម​អ្នកនយោបាយ​គឺជា​កិច្ចការ​ដ៏​ចាំបាច់​មួយ​ដែល​មិនអាច​មើលរំលង​បានឡើយ។ នៅពេល​ដែល​​អ្នកនយោបាយ​មាន​មោទនភាព​ជាតិ​រឹងមាំ​ហើយ​នោះ ពួកគេ​នឹង​ផ្តើម​យល់ថា ការលះ​បង់​​ដើម្បី​ប្រយោជន៍​ជាតិ និង​ការទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាជន គឺជា​បេសកកម្ម​សំខាន់​ជាងគេ​បង្អស់​របស់​អ្នកនយោបាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ