កម្តៅនយោបាយនឹងជះចំហាយអាក្រក់ដល់ការបោះឆ្នោត!
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
មានព្រឹត្តិការណ៍មួយចំនួនដែលកើតឡើងរយៈពេលចុងក្រោយនេះបានធ្វើឲ្យឆាកនយោបាយប្រទេសកម្ពុជាឡើងកម្តៅកាន់តែខ្លាំង។ ភ្លាមៗក្រោយពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រដ្ឋសភាកំពុងចាត់វិធានការយ៉ាងឆាប់រហ័សក្នុងការបង្កើតច្បាប់ដាក់ទោសជនណាដែលមិនទទួលស្គាល់អំពើឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហម។ ទន្ទឹមនឹងនោះ មហាបាតុកម្មប្រឆាំងលោក កឹម សុខា មេដឹកនាំបក្សប្រឆាំងក៏ត្រូវបានគេត្រៀមធ្វើផងដែរ។ ទាំងនេះគឺជាកម្តៅនយោបាយដែលនឹងជះចំហាយអាក្រក់ដល់ការបោះឆ្នោតប្រសិនបើគេមិនប្រញាប់ពន្លត់វាទេនោះ។
កាលពីប៉ុន្មានខែមុននេះ តំណាងរាស្ត្រដ៏មានវោហារសាសន៍របស់គណបក្សប្រជាជនកម្ពុជាម្នាក់គឺលោក ឈាង វុន បានធ្វើឲ្យជនជាតិដើមភាគតិចព្នងខឹងសម្បារនៅពេលដែលលោកបានហៅតំណាងរាស្ត្របក្សប្រឆាំងថាមានចរិតព្រៃផ្សៃដូច«ព្នង»។ ពាក្យមួយម៉ាត់នេះបានធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចព្នងទាមទារឲ្យលោកតំណាងរាស្ត្រសុំទោសនៅចំពោះមុខមេកន្ទ្រាញទៅតាមប្រពៃណីរបស់ពួកគេ។ ទីបំផុត ពិធីសុំខមាលទោសមួយត្រូវបានរៀបចំធ្វើឡើងតាមការព្រមព្រៀង រវាងភាគីទាំងសងខាង។
ឥឡូវនេះដល់វេនលោកកឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិវិញម្តងដែលធ្វើឲ្យជនរងគ្រោះក្នុងរបបខ្មែរក្រហម ជាពិសេសអ្នកដែលសេសសល់ពីការស្លាប់ក្នុងគុកទួលស្លែងខឹងសម្បារ។ ការខឹងសម្បារនេះបានកើតឡើងបន្ទាប់ពីមានការផ្សព្វផ្សាយខ្សែអាត់សំឡេងរបស់លោកកឹម សុខា ដែលថា«គុកទួលស្លែងជាកន្លែងសិប្បនិមិត្ត»។ ស្របពេលជាមួយគ្នានេះដែរ ក្រុមអ្នក «រាជានិយម» ក៏កំពុងខឹងសម្បារនឹងលោក គង់ គាំ ប្រធានគណបក្ស សម រង្ស៊ី ទាក់ទងនឹងការអះអាងរបស់លោក ស្តីពីរដ្ឋប្រហារ«សិប្បនិមិត្ត» ក្នុងការទម្លាក់សម្តេចព្រះ នរោត្តម សីហនុ កាលពីថ្ងៃទី១៨មីនា ឆ្នាំ ១៩៧០។
ជាការពិត រឿងទាំងអស់នេះសុទ្ធតែត្រូវបានអ្នកនយោបាយបដិបក្ខបំពងបន្ថែម ដើម្បីគោលដៅនយោបាយ។ ប្រសិនបើមិនដូច្នោះទេ វាប្រហែលជាមិនអាចក្លាយជារឿងធំដូច្នេះឡើយ។ ការឆ្លៀតចាប់កំហុសគូបដិបក្ខមកធ្វើជាចំណុចវាយបក ដើម្បីបំបាក់មុខតាមរយៈការប្រើប្រាស់កំហឹងមហាជនហាក់កំពុងក្លាយជានិន្នាការថ្មីមួយ សម្រាប់អ្នកនយោបាយខ្មែរនៅក្នុងបរិបទថ្មីនៃប្រជាធិបតេយ្យនៅកម្ពុជា។ ប៉ុន្តែ អ្វីដែលគួរឲ្យព្រួយបារម្ភនោះគឺ នៅពេលដែលបញ្ហាមួយត្រូវបានអូសទាញឲ្យទៅជារឿងនយោបាយ បញ្ហានោះនឹងក្លាយជារឿងស្មុគស្មាញពិបាកដោះស្រាយ ហើយវាច្បាស់ជាក្លាយជាដុំភ្លើងដុតកម្តៅឆាកនយោបាយឲ្យឆេះក្តៅកាន់តែខ្លាំង។
ជាក់ស្តែង បញ្ហាលោក កឹម សុខា ទំនងជាមិនមែនអាចបញ្ចប់បានដោយងាយៗឡើយ។ មិនងាយនៅត្រង់ថា លោក កឹម សុខា បដិសេធមិនទទួលស្គាល់ខ្សែអាត់សំឡេងដែលបញ្ចេញដោយរដ្ឋាភិបាលនោះទេ។ ដូច្នេះ លោកក៏មិនបានត្រៀមខ្លួនសុំទោសដែរ។ ប៉ុន្តែ នៅឯជ្រុងម្ខាងទៀត លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញមុខប្រកាសថា បាតុកម្មមហាជនមួយដែលដឹកនាំដោយលោក ជុំ ម៉ី អតីតអ្នកទោសគុកទួលស្លែងនឹងកើតឡើងនៅពេលខាងមុខដើម្បីប្រឆាំងលោក កឹម សុខា។
ទន្ទឹមនឹងនោះ លោកនាយករដ្ឋមន្ត្រីក៏បានផ្តួចផ្តើមឲ្យរដ្ឋសភាតាក់តែងច្បាប់ប្រឆាំងជនណាដែលមិនទទួលស្គាល់ឧក្រិដ្ឋកម្មក្នុងរបបខ្មែរក្រហមទៀតផង។ ច្បាប់នេះទំនងជាត្រូវរដ្ឋសភាអនុម័តក្នុងពេលដ៏ខ្លីខាងមុខ។ ឧបមាថា ច្បាប់នេះគ្មានអានុភាពធាក់ថយក្រោយ ដើម្បីដាក់ទោសលោក កឹម សុខា ក៏ដោយចុះ ក៏វត្តមានដ៏តក់ក្រហល់របស់ច្បាប់នេះនឹងក្លាយជាសម្ពាធថ្មីមួយទៀតទៅលើបក្សប្រឆាំង ពីព្រោះសូមកុំភ្លេចថា ប្រធានបទសំខាន់មួយសម្រាប់ការឃោសនានយោបាយរបស់បក្សប្រឆាំង គឺបញ្ហាខ្មែរក្រហម ជាពិសេស ការប្រឆាំងថ្ងៃ៧មករា។
សរុបមកវិញ កម្តៅនយោបាយហាក់កំពុងតែក្តៅឡើងជាលំដាប់ពីពេលនេះដល់ការបោះឆ្នោត។ កម្តៅនេះប្រសិនបើនៅតែបន្តនឹងជះចំហាយអាក្រក់យ៉ាងខ្លាំងដល់ការបោះឆ្នោតថ្ងៃទី២៨ កក្កដាខាងមុខ។ មេរៀនដែលគេអាចទាញចេញពីបញ្ហានេះគឺ ទី១ អ្នកនយោបាយគួរតែបង្កើនការទទួលខុសត្រូវឲ្យបានខ្លាំងជាងនេះចំពោះពាក្យសម្តីឃោសនារបស់ខ្លួន ពីព្រោះកំហុសឆ្គងណាមួយមិនខុសពីការហុចដងដាវឲ្យគូបដិបក្ខ ដើម្បីវាយប្រហារមកលើខ្លួនវិញនោះឡើយ។ ទី២ អ្នកនយោបាយគួរបង្ហាញភាពចាស់ទុំជាងនេះនៅក្នុងការឆ្លើយឆ្លងគ្នាទៅវិញទៅមក។
ក្នុងន័យនេះ ការជ្រុលជ្រួសខ្លះ ឬទស្សនៈនយោបាយផ្ទុយពីខ្លួនគឺជារឿងធម្មតាមួយប៉ុណ្ណោះក្នុងសង្គមប្រជាធិបតេយ្យតែវាមិនមែនជាកម្មវត្ថុនៃការដាក់ទោសទេ។ ប៉ុន្តែ បើយោងតាមអ្វីដែលកំពុងកើតឡើងពេលនេះ និន្នាការនយោបាយកម្ពុជាត្រូវគេមើលឃើញថា កំពុងឈានទៅរកស្ថានភាពកាន់តែអាក្រក់ឡើងគួរឲ្យព្រួយបារម្ភ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ