កម្ពុជា

គ្រួសារ​ក្រីក្រ​ នៅ​ទីលាន​ចាក់​សម្រាម​ស្ទឹង​មាន​ជ័យ​នឹង​ទទួល​បាន​ការ​ជួល​ផ្ទះ​ដោយ​តម្លៃ​ទាប​

អ្នកស្ម័គ្រចិត្ត​ជាង១០០នាក់ រួមជាមួយ​នឹង​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា នឹងធ្វើ​ការសាងសង់​អគារ​លំនៅដ្ឋាន នៅ​ដើមខែ​ក្រោយ សម្រាប់​ជនក្រីក្រ​ដែល​បាត់បង់​ចំណូល​ពី​ការ​រើស​សម្រាម​នៅ​អតីត​ទីលាន​ចាក់សម្រាម​ស្ទឹងមានជ័យ​ជួល​នៅ។ ការជួល​អគារ​ដែលមាន​ជាច្រើន​បន្ទប់​និង​ច្រើន​ជាន់​គឺជា​គំរោង​មួយ​ដែល​អាចជួយ​ទៅដល់​ការរស់នៅ​សមរម្យ​សម្រាប់​អ្នកក្រ ដោយ​ពួកគេ​អាច​ជួល​ក្នុង​តម្លៃថោក ជាមួយនឹង​ការផ្តល់សេវា​អប់រំ និង​កន្លែង​ប្រកប​អាជីវកម្ម​ផងដែរ។

ទិដ្ឋភាពអ្នករើសសម្រាមនៅទីក្រុងភ្នំពេញ
ទិដ្ឋភាពអ្នករើសសម្រាមនៅទីក្រុងភ្នំពេញ facebook
ផ្សាយពាណិជ្ជកម្ម

អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា​ដោយមាន​ការចូលរួម​ពី​អ្នកស្ម័គ្រចិត្ត​ចំនួន​ជាង១៥០នាក់នៅ​សប្តាហ៍​ក្រោយ​នឹង​គ្រោង​ធ្វើការ​សាងសង់​លំនៅដ្ឋាន​ជាមួយ​គ្រួសារ​ដែល​នឹងត្រូវ​ផ្លាស់​ទីលំនៅ​ពី​តំបន់​ចាក់សំរាម​ស្ទឹងមានជ័យ។ ការសាងសង់​លំនៅដ្ឋាន​សម្រាប់​ជួល​ក្នុងតម្លៃ​ថោក​ដល់​អ្នកក្រីក្រ​រើស​សំរាម​នេះ​នឹងត្រូវ​កំណត់​ធ្វើ​រយៈពេល៥ថ្ងៃ​គឺ​ពីថ្ងៃ​ទី៣វិច្ឆិកា ដល់​ថ្ងៃទី៨វិច្ឆិកា ដោយមាន​ការចូលរួម​ពី​អ្នកស្ម័គ្រចិត្ត​ជាតិ​និង​អន្តរជាតិ។

តាម​ការប្រកាស​ព័ត៌មាន​របស់​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា Habitat for Humanity Cambodia នេះ​គឺជា​គម្រោង​សាងសង់​ដ៏​ធំ​ប្រចាំ​តំបន់​ទន្លេមេគង្គ ដែល​នឹងត្រូវ​សង់​លើ​ផ្ទៃដី​ទំហំ២.២ ហិច​តា ក្នុងនោះ​មាន​អគារ​លំនៅដ្ឋាន​ចំនួន២៧០បន្ទប់ សាលារៀន​មួយ​ខ្នង ផ្សារ​មួយ និង​មជ្ឈមណ្ឌល​សហគមន៍​មួយ។ ក៏ប៉ុន្តែ​សម្រាប់​ពិធី​ចំពោះមុខ​នាពេលនេះ គឺ​អ្នកស្ម័គ្រចិត្ត​ចំរុះ​ជាតិ​សាសន៍ នឹងត្រូវ​ចូលរួម​សាងសង់​ជាមួយ​គ្រួសារ​ដែល​បាត់បង់​លំនៅដ្ឋាន និង​ប្រភព​ចំណូល​នៅពេលដែល​ទីលាន​ចាក់សម្រាម​ស្ទឹងមានជ័យ​ត្រូវបាន​បិទ តែ​ផ្ទះ​ចំនួន១២ខ្នង​ជា​និម្មិត្តរូប​ដំបូង​គេ​សិន ដែល​នោះ​សិ្ថ​ត​នៅក្នុង​ភូមិ​ក្តី​ញញឹម ក្នុង​ខណ្ឌដង្កោរ​រាជធានីភ្នំពេញ។

មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​អង្គការ​លំនៅ​ដ្ឋា​ន​មនុស្សជាតិ​កម្ពុជា​លោក ឆាយ វាសនា បាន​ប្រាប់​វិទ្យុ បារាំង RFI នៅថ្ងៃនេះ​ថា​ការសាងសង់​នេះ​នឹងត្រូវ​ធ្វើ​បែប​បន្ទប់​ជួល​ជា Appartement មាន​ច្រើន​ជាន់​ដែល​រួមមាន ៩ អគារ ហើយ​ក្នុង ១អគារ​អាច​រស់​នៅបាន៣០គ្រួសារ។ ដោយឡែក​ចំពោះ​ការជួល​នៅ​វិញ​នោះ គឺ​សម្រាប់​ជាន់​ក្រោម​ដែល​អាច​ប្រកប​អាជីវកម្ម​បាន​គឺ​គិតថ្លៃ១០ដុល្លារ ក្នុង​មួយ​បន្ទប់ និង​ពី៥ទៅ៧ដុល្លារ ក្នុង​មួយ​បន្ទប់​សម្រាប់​ជាន់​ខាងលើ​ក្នុង​មួយខែ។

អង្គការ​ភាព​ញញឹម​នៃ​កុមារ​ដែលជា​ម្ចាស់​ដី​នេះ បាន​ប្រាប់​ដៃគូរ​ការងារ​ថា ប្រាក់​ឈ្នួល​ទាំងអស់នេះ​គឺ​សម្រាប់​បំរើ​ដល់​សេវា​ថែទាំ​អគារ​សម្រាប់ អ្នក​ជួលក្រោយៗទៀត។

សូមបញ្ជាក់ថា​ភូមិ​ក្តី​ញញឹម​ដែល​នឹងត្រូវ​សាងសង់​អគ​ការ​លំនៅដ្ឋាន​ជួល​និង​ហេ​ដ្ឋា​រចនា
សម្ព័ន្ធ​នានា​សម្រាប់​អ្នកក្រីក្រ​នោះ​គឺជា​គម្រោង​មួយ​ក្នុងចំណោម​គម្រោង​ជាច្រើន​របស់​អង្គការ​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា ដោយ​សហការ​ជាមួយ​ដៃគូ​គឺ​អង្គការ​ស្នាមញញឹម​នៃ​កុមារ PSE ក្នុង​ការផ្តល់​ការគាំទ្រ​ដល់​គ្រួសារ​ដែល​ត្រូវបាន​ផ្លាស់​ទីលំនៅ​ចេញពី​តំបន់​ចាក់សម្រាម​ស្ទឹងមានជ័យ ដែលជា​ប្រភព​លំនៅដ្ឋាន​និង​ប្រភព​នៃ​ចំណូល​របស់​ពួកគេ។

ហើយ​ភូមិ​នេះ​គឺជា​ការផ្តល់​ឱកាស​ដល់​គ្រួសារ​ដែលមាន​ចំណូល​ទាប ដើម្បី​ធ្វើ​ការជួល​លំនៅដ្ឋាន​សមរម្យ មានតម្លៃ​ថោក ខណៈដែល​កូនចៅ​របស់​ពួកគេ​ទទួលបាន​ការគាំទ្រ​ឲ្យ​បាន​ចូលរៀន​នៅ​សាលា ផ្នែក​ហិរញ្ញវត្ថុ​និង​ការបណ្តុះបណ្តាល​វិជ្ជាជីវៈ។

សូម​រំលឹក​ដែរ​ថា កម្មវិធី​លំនៅដ្ឋាន​មនុស្សជាតិ​កម្ពុជា បាន​ចាប់ដំណើរការ​កាលពី​ឆ្នាំ ២០០៣
ហើយ​មាន​សកម្មភាព​អភិវឌ្ឍន៍​សហគមន៍​នៅ​រាជធានី​ភ្នំពេញ ខេត្តសៀមរាប ខេត្តព្រៃវែង និង​កណ្តាល ព្រមទាំង​មាន​ផែន​ការជួយ​ទៅដល់​គ្រួសារ​ដែលមាន​ចំណូល​ទាប​ចំនួន១ម៉ឺន​គ្រួសាររហូតមកទល់​បច្ចុប្បន្ន​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI