អ្នកអបអរទិវាសិទ្ធិមនុស្សមួយចំនួនបន្តដើរតាមដងវិថីក្នុងរាជធានីភ្នំពេញនៅថ្ងៃនេះ
ចុះផ្សាយនៅថ្ងៃ៖
ទិវាសិទ្ធិមនុស្ស១០ធ្នូ នៅទីក្រុងភ្នំពេញ មិនទាន់ចប់ទេ។ អ្នកអបអរមួយក្រុមធំ បន្តដើរតាមដងវិថីនានា ដើម្បីយកញត្តិ ទៅស្ថានទូតបរទេស ពេញមួយថ្ងៃទី១១ធ្នូនេះ។ គ្រហស្ថនិងព្រះសង្ឃ ពី៤ទៅ៥រយនាក់ តាមរយៈតំណាងរបស់ខ្លួន បានប្រគល់ញត្តិឱ្យស្ថានទូតបារាំង និងស្ថានទូតអាមេរិក ក្រោមក្រសែភ្នែកប្រុងប្រយ័ត្នរបស់កម្លាំងសមត្ថកិច្ច។ ពួកគេដាក់ញត្តិទាមទារយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។
ទោះបីជាថ្ងៃ១០ធ្នូ បានកន្លងផុតទៅហើយក្តី ប៉ុន្តែ នៅថ្ងៃពុធនេះ មនុស្សពី៤រយទៅ៥រយនាក់ មានគ្រហស្ថ មានព្រះសង្ឃ បានបន្តដើរតាមដងវិថី ស្រែកទាមទាររកយុត្តិធម៌ ការគោរពសិទ្ធិមនុស្ស និងការអនុវត្តលទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅកម្ពុជា។ ភាគច្រើននៃអ្នកថ្មើរជើងទាំងនោះ ជាពលរដ្ឋ ដែលបានដើរតាមផ្លូវជាតិសំខាន់ៗ មកពីខេត្តក្រុងមួយចំនួន។ ពួកគេបានបានហៅខ្លួនឯងថាជា«ប្រជាពលរដ្ឋឯករាជ្យ»។ ក្រៅពីនោះ គឺអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ និងព្រះសង្ឃក្នុងបណ្តាញព្រះសង្ឃដើម្បីយុត្តិធម៌សង្គម។
ពេញមួយថ្ងៃ ក្រោមស្នូរឧគ្ឃោសនាសព្ទ ដែលអត្ថាធិប្បាយរិះគន់រដ្ឋាភិបាលចំពោះរឿងជាច្រើន ក្នុងនោះមានការកាប់បំផ្លាញព្រៃឈើ ការសាងសង់ទំនប់វារីអគ្គីសនី ការបូមខ្សាច់លុបបឹង ការការពារព្រំដែន ការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស និងជម្លោះដីធ្លីជាដើម ពួកគេបានដើរសំដៅស្ថានទូតជប៉ុន ស្ថានទូតបារាំង និងស្ថានទូតសហរដ្ឋអាមេរិក ដើម្បីដាក់ញត្តិនៅទីនោះ។
នៅពេលព្រឹក ការប៉ុនប៉ងដាក់ញត្តិនៅស្ថានទូតជប៉ុនមិនអាចទៅរួចឡើយ ដោយសារការរារាំងរបស់កម្លាំងនគរបាលនិងកងបង្ក្រាបបាតុកម្ម។ ទោះជាបីជា អាជ្ញាធរក្រុងភ្នំពេញ ចាក់សោររបងវត្តកោះ បង្ខាំងពួកគេទុកក្នុងបរិវេណវត្តកោះ មិនឱ្យដើរចេញទៅក្រៅ អំឡុងពេលទៅសម្រាកបាយថ្ងៃត្រង់នៅទីនោះក៏ដោយ ក៏នៅពេលរសៀល ពួកគេអាចចេញពីវត្តបាននិងអាចប្រគល់ញត្តិទៅឱ្យមន្ត្រីស្ថានទូតបារាំង និងមន្ត្រីស្ថានទូតសហរដ្ឋអាមេរិកដែរ នៅទីបំផុត។
នៅមុខស្ថានទូតបារាំង ស្ត្រីវ័យកណ្តាលនិងវ័យចំណាស់បួនប្រាំនាក់បានស្រែកជេរកងបង្ក្រាបបាតុកម្ម។ ព្រះសង្ឃ៥-៦អង្គបានព្យាយាមរម្ងាប់ការជេរប្រមាថរបស់ស្ត្រីទាំងនោះ ដោយរម្លឹកអំពីគោលការណ៍អហិង្សា។
តាមពិត ប្រជាពលរដ្ឋទាំងនោះគឺជាក្រុមអ្នកអបអរទិវាសិទ្ធិមនុស្សអន្តរជាតិថ្ងៃ១០ធ្នូ ហើយដែលត្រូវ បានសមត្ថកិច្ចចុះទៅបំបែកហ្វូង កាលពីព្រលប់ថ្ងៃទី១០ធ្នូ ដោយសារតែពួកគេបន្តស្ថិតនៅលើទីលានប្រជាធិបតេយ្យ និងនៅវត្តភ្នំ ហួសម៉ោងកំណត់ មិនព្រមវិលត្រឡប់ទៅផ្ទះវិញ។
អ្នកឃ្លាំមើលសិទ្ធិមនុស្សនិងមន្ត្រីគណបក្សសង្គ្រោះជាតិបានអះអាងថា អ្នកទាំងនោះមិនស្ថិតក្នុងគណបក្សនយោបាយ ឬជាសមាជិកអង្គការសង្គមស៊ីវិលណាមួយទេ។ យ៉ាងណាក៏ដោយ អ្នកហែញត្តិខ្លះបានអះអាងថា នឹងស្នាក់នៅលើទីលានប្រជាធិបតេយ្យរហូតដល់ថ្ងៃទី១៥ធ្នូ ដើម្បីចូលរួមធ្វើមហាបាតុកម្ម ជាមួយគណបក្សសង្គ្រោះជាតិ ខណៈដែលអ្នកខ្លះទៀតប្រាប់ថានឹងត្រឡប់ទៅផ្ទះវិញនៅពេលល្ងាច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ