អានតួអត្ថបទ
កម្ពុជា

សាលាក្រុង​​ភ្នំពេញ អនុញ្ញាត​ឲ្យ​​រៀប​ចំ​ពិធី​សាសនា រំលឹក​ខួប​គម្រប់​៦៥​ឆ្នាំ​នៃ​ការ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម

ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម
ចំណែក​ពណ៌​បៃតង គឺ​ជា​ដី​កម្ពុជាក្រោម​ដែល​បារាំង​កាត់​ទៅ​ឲ្យ​វៀតណាម
ដោយ៖ អ៊ឹម រចនា
១៧ នាទី

សាលារាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​អង្គការ​សមាគមខ្មែរ​កម្ពុជា​ក្រោម រៀប​ចំ​ពិធី​បែប​សាសនា រាប់​បាត្រ​ឧទ្ទិស​កុសល ក្នុង​ឱកាស​ខួប​គម្រប់​៦៥​ឆ្នាំ នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម។ ទោះ​ជា​យ៉ាង​នេះ​ក្ដី អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម មិន​ត្រូវ​បាន​អាជ្ញាធរ​ក្រុង អនុញ្ញាត​ឲ្យ​រៀប​ចំ​វេទិកា​សាធារណៈ និយាយ​ពី​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម​ឡើយ។ នេះ​ជា​លទ្ធផល​នៃ​​ជំនួប​រវាង​សាលា​រាជធានី​ភ្នំពេញ ជាមួយ​តំណាង​អង្គការ សមាគម​ខ្មែរ​កម្ពុជា​ក្រោម នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។

ផ្សាយពាណិជ្ជកម្ម

អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ត្រូវ​បាន​សាលារាជធានី​ភ្នំពេញ អនុញ្ញាត​ឲ្យ​រៀប​ចំ​ពិធី​បែប​សាសនា នៅ​វត្ត​សាមគ្គីរង្សី នៅ​ថ្ងៃ​ទី​៤​មិថុនា​ខាង​មុខ​នេះ ដើម្បី​រំលឹក​ខួប​គម្រប់​៦៥​ឆ្នាំ នៃ​ការ​បាត់​បង់​ទឹក​ដី​ខ្មែរ​កម្ពុជា​ក្រោម។ នេះ​បើ​តាម​លោក​ឡុង ឌីម៉ង់ អ្នក​នាំ​ពាក្យ​សាលា​រាជធានី​ភ្នំពេញ។

អ្នក​នាំ​ពាក្យ​រូប​នេះ បញ្ជាក់​​ប្រាប់​វិទ្យុ​បារាំង​អន្ដរជាតិ​ទៀត​ថា សាលារាជធានី​ភ្នំពេញ ជា​គោលការណ៍ គឺ​​អនុញ្ញាត​ឲ្យ​ប្រារព្ធ​ពិធី​សាសនា តែ​មិន​ឲ្យ​មាន​ការ​រៀប​ចំ​វេទិកា​សាធារណៈឡើយ​។ ហេតុ​ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​ការ​រៀប​ចំ​វេទិកា​សាធារណៈ ត្រូវ​បាន​លោក​ឡុង ឌីម៉ង់ លើក​ឡើង​​ថា វេទិកា​សាធារណៈ​នោះ នឹង​និយាយ​អំពី​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម ហើយ​សាលារាជធានី​ភ្នំពេញ បារម្ភ​ខ្លាច​មាន​ការ​វាយ​ប្រហារ ឬ​ការ​ញុះញង់​ឲ្យ​ស្អប់​ប្រទេស​ជិត​ខាង​ណា​មួយ​​។

ឆ្លើយ​តប​នឹង​ការ​ហាម​ប្រាម​នេះ លោក​ថាច់ សេដ្ឋា ប្រធាន​សមាគមន៍​ខ្មែរ​កម្ពុជា​ក្រោម គ្រាន់​តែ​បាន​សម្ដែង​ភាព​ខក​ចិត្ត ប៉ុន្តែ​លោក​បាន​អះអាង​ថា នឹង​អនុវត្ត​តាម​សេចក្ដី​សម្រេច​នៃ​កិច្ច​ប្រជុំ​។ ចំពោះ​កម្មវិធី​នៅ​ថ្ងៃ​ទី​៤​មិថុនា​ខាង​មុខ​នេះ លោក​ថាច់ សេដ្ឋា បាន​គូស​បញ្ជាក់​ថា អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម នឹង​រៀប​ចំ​ពិធី​រាប់​បាត្រ​ព្រះ​សង្ឃ​ចំនួន​១៩៤៩​អង្គ នៅវត្ត​សាមគ្គី​រង្សី នៅ​​ពេល​ព្រឹក ក្រោមអធិបតីភាព​នៃសម្តេចស៊ីសុវត្ថិពង្ស​នារី​ពង្សដែល​ជា​​ព្រះរាជតំណាង​ដ៍​ខ្ពង់ខ្ពស់​របស់​ព្រះមហាក្សត្រ​។

គួរ​រំលឹក​ថា កាល​ពី​ចុង​សប្ដាហ៍​មុន សាលារាជធានី​ភ្នំពេញ ធ្លាប់​បាន​សម្រេច​​ថា មិនអនុញ្ញាត​ឲ្យ​អង្គការ​សមាគម​ខ្មែរ​កម្ពុជា​ក្រោម ជួប​ជុំ​ប្រារព្ធ​ពិធី​រម្លឹក​ខួប​គ្រម់​៦៥ឆ្នាំ​នៃ​ការ​បាត់​បង់​ទឹក​ដី​កម្ពុជា​ក្រោម នៅ​វត្ត​សាមគ្គីរង្សី​ឡើយ។ មូលហេតុ​មក​ពី​វត្ត​សាមគ្គី​រង្សី មាន​ពលរដ្ឋ​ដែលមាន​ជម្លោះ​ដី​ធ្លី​​ពី​ខេត្ត​ក្រចេះមក​ស្នាក់​នៅ តែ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី​១​មិថុនា ក្រុម​ប្រជាពលរដ្ឋ​បាន​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​ហើយ បន្ទាប់​ពី​មាន​ដំណោះ​ស្រាយ​ដីធ្លី​ជម្លោះ​នោះ។

សូមបញ្ជាក់ផង​ដែរ​ថាថ្ងៃទី៤ខែមិថុនា​ឆ្នាំ២០១៤គឺជា​ខួប​គំរប់៦៥ឆ្នាំ​ដែល​អាណានិគម​បារាំង​បាន​កាត់​ទឹកដី​ខ្មែរ​កម្ពុជា​ក្រោម២១ខេត្តទៅ​ឲ្យ​វៀតណាម​ត្រួតត្រា​បន្ត​រហូត​សព្វថ្ងៃ។អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោមបានរៀបចំ​ធ្វើ​ពិធីបុណ្យ​រាប់បាត្រ​ព្រះសង្ឃ​ចំនួន​១៩៤៩អង្គនិង​ប្រារព្ធ​ទិវា​កាន់ទុក្ខ​ជាតិខ្មែរ ​នៅ​ថ្ងៃ៤មិថុនា​ ជា​រៀងរាល់ឆ្នាំ ដើម្បី​ចងចាំ​នូវ​ថ្ងៃ​ប្រវត្តិសាស្ត្រ​ដ៏​សែន​ឈឺចាប់​នេះនិង​សម្តែង​នូវ​កតញ្ញូតាធម៌​ចំពោះ​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​សមណៈ​ ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​វីរ​ព្រះមហាក្សត្រ​វិញ្ញាណក្ខន្ធ​វីរបុរស និង​ខ្មែរ​ស្នេហា​ជាតិ​ទាំង​អស់​​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ