កម្ពុជា-សង្គម

រដ្ឋមន្រ្តី​កសិកម្ម​សង្ឃឹម​ថា​តម្លៃ​ស្រូវ​នឹង​កើន​ឡើង​វិញ​ក្រោយ​ចូល​ឆ្នាំ​ចិន​

ស្រូវឆ្នាំនេះទទួលបានទិន្នផលល្អ
ស្រូវឆ្នាំនេះទទួលបានទិន្នផលល្អ © ស៊ីវ​ ចាន់ណា

ខណៈ​តម្លៃ​ស្រូវ​នៅ​ប្រទេស​កម្ពុជា​បាន​និង​កំពុង​តែ​ធ្លាក់​ថ្លៃ​ស្រប​ពេល​សហភាព​អឺរ៉ុប​យក​ពន្ធ​លើ​ការ​នាំអង្ករ​ចេញ​ពីកម្ពុជានោះ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ បាន​សំដែង​សុទិដ្ឋិនិយម​ថា​ តម្លៃ​ស្រូវ​នៅ​កម្ពុជា​នឹង​ឡើង​ថ្លៃ​វិញ​ក្រោយ​ពេល​បុណ្យ​ចូល​ឆ្នាំ​ចិន​រួច​រាល់​។​ ការ​លើក​ឡើង​យ៉ាងដូច្នេះ​ គឺ​នៅពេល​លោក ​វេង​ សាខុន​ រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ចុះទៅ​ជួប​កសិករ​នៅ​ខេត្តតាកែវ​ កាល​ពី​ម្សិលមិញ​។​

ផ្សាយពាណិជ្ជកម្ម

លោក​រដ្ឋមន្រ្តី​កសិកម្ម បាន​អះអាងថា​មូល​ហេតុ​ដែល​តម្លៃ​ស្រូវ​ធ្លាក់​ថ្លៃ​នៅ​ពេលនេះ​ គឺ​ដោយសារ​តែ​ក្នុង​អំឡុង​ពេល​ចូល​ឆ្នាំ​ចិន​-​វៀតណាម ​ហើយ​ឈ្មួញ​វៀតណាម ​មិន​បាន​ចុះ​ប្រមូល​ទិញ​ស្រូវ ​ពី​កសិករ​ខ្មែរ​។​ ​ម្យ៉ាង​ទៀត​ លោកថា ​ដោយសារ​តែ​ប្រជា​កសិករ​ខ្មែរ​​ខ្វះ​ឃ្លាំង​ស្តុក ឡ​សម្ងួត និង​ចំ​ពេល​វេលា​ដែល​ចាំបាច់​ត្រូវ​តែ​ប្រមូល​ផល​បាន​ផ្តល់​ឱកាស​ឱ្យ​ឈ្មួញ​កណ្តាល​ទម្លាក់​តម្លៃ​ស្រូវ​តែ​ម្តង​​។​ បើ​តាម​កសិករ តម្លៃ​ស្រូវ​នាពេល​នេះ ​បាន​ធ្លាក់​ថ្លៃ​នៅ​រង្វង់​៧០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។​

ទោះជា​យ៉ាង​ណានៅ​ចំពោះ​មុខ​កសិករ​ក្នុង​តាកែវ​ លោក ​វេង ​សាខុន ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បានសំដែង​សុទិដ្ឋិនិយម​ថា ​តម្លៃ​ស្រូវ​នៅ​កម្ពុជា​នឹង​ឡើង​ថ្លៃ​វិញ​ក្រោយ​ពេល​បុណ្យ​ចូល​ឆ្នាំចិន​រួចរាល់​។

​កាល​ពីថ្ងៃ​ទី​៣១​ខែ​មករា ​រដ្ឋ​មន្ដ្រី​ក្រសួង​កសិកម្ម​កម្ពុជា បាន​ស្នើ​ទៅ​កាន់​ភាគី​វៀតណាម ឲ្យ​ជួយ​ទិញ​ស្រូវ​អង្ករ​ពី​កម្ពុជា ខណៈ​កម្ពុជា​កំពុង​ជួប​ប្រទះ​បញ្ហា​ស្រូវ​ធ្លាក់​ថ្លៃ និង​ចំពេល​ដែល​កម្ពុជា​ត្រូវ​សហភាព​អឺរ៉ុប​តម្រូវ​ឲ្យ​បង់​ពន្ធ​លើ​ការ​នាំ​ចូល​អង្ករ​ទៅ​អឺរ៉ុប​។

ជា​ការ​ឆ្លើយ​តប លោក Vu Quang Minh ឯកអគ្គរដ្ឋទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា វៀតណាម​នឹង​រៀបចំ​កិច្ច​ប្រជុំ​បន្ទាន់​មួយ​ជាមួយ​ពាណិជ្ជករ​វៀតណាម មុន​ពេល​ធ្វើ​របាយការណ៍​លម្អិត​ជូន​នាយករដ្ឋ​មន្ដ្រី​វៀតណាម ដើម្បី​ជំរុញ​ឲ្យ​ពាណិជ្ជករ​វៀតណាម ជួយ​ប្រមូល​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​។ ទន្ទឹម​គ្នា​នេះ វៀតណាម នឹង​ជំរុញ​ឲ្យ​មាន​ការ​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា ស្ដី​ពី​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​និង​វៀតណាម ជា​ពិសេស​លើ​ផលិតផល​ស្រូវ​អង្ករ និង​ថ្នាំ​ជក់ ដោយ​អត្រា​ពន្ធ​សូន្យ ក្នុង​រយៈពេល​ដ៏​ខ្លី​ខាង​មុខ ខណៈ​ទូរទស្សន៍​វៀតណាម​នឹង​ចុះ​ទៅ​កន្លែង​ប្រមូល​ផលស្រូវ ដើម្បី​ផ្សព្វផ្សាយ​ដល់​ពាណិជ្ជករ​វៀតណាម ឲ្យ​ជួយ​ទិញ​ស្រូវ​ពី​កម្ពុជា​ក្នុង​តម្លៃ​សមរម្យ​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI