គណបក្សថ្មីរបស់សម្តេចក្រុមព្រះប្រកាសជាផ្លូវការ
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ក្រោយផ្អាកសកម្មភាពក្នុងឆាកនយោបាយអស់មួយរយៈពេលវែង ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ នៅថ្ងៃទី១៦ មីនា នេះបានប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយទៀត ដើម្បីចូលរួមប្រកួតក្នុងឆាកនយោបាយកម្ពុជា។ គណបក្សថ្មីរបស់សម្តេចក្រុមព្រះដែលឈ្មោះថា សង្គមរាស្ត្ររាជាធិបតេយ្យ នឹងចុះបញ្ជីជាផ្លូវការនៅថ្ងៃទី១៧ មីនាស្អែកនេះ។ សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិដែលជាបុត្រាច្បងរបស់សម្តេចឪ អតីតព្រះមហាវីរៈក្សត្រ បញ្ជាក់ថាគណបក្សរបស់ព្រះអង្គជាអ្នករាជានិយម សីហនុនិយម។ យ៉ាងណាក៏ដោយអ្នកវិភាគនយោបាយ អះអាងថា ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ អាចលំបាកក្នុងការស្តារព្រះកិត្តនាមរបស់ព្រះអង្គ។
ចាប់ពីពេលនេះតទៅ គណបក្សនយោបាយថ្មីរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងបង្ហាញវត្តមានក្នុងឆាកនយោបាយកម្ពុជាមួយបន្ថែមទៀតហើយ។ នោះគឺគណបក្សដែល មានឈ្មោះថា សង្គមរាស្ត្ររាជាធិបតេយ្យ ដែលជាគណបក្សទី៣ របស់ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ ដែលបុត្រាច្បងសម្តេចឪ នរោត្តម សីហនុ។ សម្តេចក្រុមព្រះធ្លាប់ធ្វើជាប្រធានគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សនរោត្តមរណឫទ្ធិ។
ក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រប្រមាណ២៣០នាក់ ដែលភាគច្រើនជាមនុស្សវ័យចំណាស់ នៅឯសណ្ឋាគារសាន់វ៉េក្នុងទីក្រុងភ្នំពេញ ព្រះអង្គម្ចាស់រណឫទ្ធិដែលមានអាយុជាង៧០ ព្រះវស្សាទៅហើយនោះ បានប្រកាសបង្កើតគណបក្សថ្មីដើម្បីចូលរួមឆាកនយោបាយប្រកួតប្រជែងក្នុងការបោះឆ្នោតអសកលឆ្នាំ២០១៧ និង ការបោះឆ្នោតសកល ២០១៨។
យ៉ាងណាក៏ដោយ ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ ដែលជាអ្នកនយោបាយជើងចាស់មួយព្រះអង្គ បានថ្លែងបញ្ជាក់ស្តីពីវិបត្តនយោបាយនៅកម្ពុជាអស់រយៈពេលជាង៨ខែនេះមកថា ការតវ៉ាស្តីពីបញ្ហាគ.ជ.ប គណៈកម្មាធិកាជាតិរៀបចំការបោះឆ្នោតនោះ ដែលគណបក្សសង្គ្រោះជាតិទាមទារ ដើម្បីដោះស្រាយបញ្ហាសង្គមនោះគឺមិនគ្រប់គ្រាន់នោះទេ។
បើតាមសម្តេចក្រុមព្រះ បញ្ហាសង្គមមានច្រើនក្នុងនោះរួមមាន បញ្ហាព្រំដែនដែលជាបញ្ហារស៊ើប បញ្ហាអំពើពុករលួយក្នុងប្រព័ន្ធយុត្តិធម៌ បញ្ហាដីធ្លី និងការមិនគោរពច្បាប់នៅក្នុងសង្គមជាដើម។ ដែលនេះសម្តេចក្រុមព្រះបានថ្លែងថា ព្រះអង្គនឹងដឹកនាំគណបក្សថ្មីមួយនេះដើម្បីធ្វើឱ្យកម្ពុជាទាំងមូលទៅជាប្រទេសនីតិរដ្ឋ។ សម្តេចក្រុមព្រះដែលគេធ្លាប់ដឹងថា ជាគណបក្សនយោបាយដៃគូរជាមួយគណបក្សកាន់អំណាចរបស់លោកនាយរករដ្ឋមន្ត្រីហ៊ុន សែន នោះ បានប្រកាសទៅកាន់អ្នកសារព័ត៌មានថា គណបក្សថ្មីរបស់ព្រះអង្គមិនមានជាគណបក្សដើម្បីបំបែកសំឡេងពីគណបក្សសង្គ្រោះជាតិរបស់លោក សម រង្ស៊ី និងលោក កឹម សុខានោះទេ។
គណបក្សថ្មីរបស់ព្រះអង្គម្ចាស់នរោត្តមរណ ឫទ្ធិ នឹងដាក់លិខិតស្នើសុំចុះបញ្ជីគណបក្សទៅក្រសួងមហាផ្ទៃនៅថ្ងៃទី១៧ មីនាស្អែកនេះ ដោយមានសមាជិកបណ្តោះអាសន្ន៧រូបផ្សេងទៀត ប៉ុន្តែមិនមានសែរាជវង្សនោះទេ។ គណបក្សទី៣របស់សម្តេចក្រុមព្រះគឺព័ទ្ធដោយរង្វង់មូលពណ៌បៃតង ស លឿង និងព៌ណផ្ទៃមេឃខាងក្នុងរួមទាំងកាំពន្លឺចំនួន២៥ ដែលជាតំណាងខេត្តរបស់កម្ពុជាផងដែរ។ គណបក្សនេះ មាន បាវចនាថា រាស្ត្រធិបតេយ្យ សាសនា រាជបល្ល័ង្ក។
សម្រាប់លោក បណ្ឌិត សុខ ទូច អ្នកវិភាគនយោបាយនៅកម្ពុជា ការបង្កើតគណបក្សថ្មីរបស់ព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិនេះ គឺដើម្បីជាកាស្តារព្រះកិត្តិនាមរបស់ព្រះអង្គឡើងវិញតែប៉ុណ្ណោះក្នុងនាមជាអ្នកនយោបាយជើងចាស់។ ប៉ុន្តែយ៉ាងណាក៏ដោយ លោក សុខ ទូច បានរិះគន់ថា សម្តេចក្រុមព្រះនៅតែប្រើនយោបាយយកព្រះកិត្តិនាមរបស់បីតាខ្លួនជាឈ្នាន់នយោបាយដដែល ហើយ ថាសម្តេចក្រុមព្រះនឹងលំបាកក្នុងការស្ដារព្រះកិត្តនាមរបស់ព្រះអង្គ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ