កម្ពុជាសន្យាកាត់បន្ថយភាពក្រីក្រអោយនៅក្រោម២០ភាគរយនៅឆ្នាំ២០១៥
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
នៅក្នុងទិវាជាតិស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ប្រមុខរដ្ឋាភិបាលកម្ពុជាលោក ហ៊ុន សែន បានប្រកាសអំពីផែនការកាត់បន្ថយបន្ទាត់ភាពក្រីក្រអោយមកនៅត្រឹម១៩,៥ភាគរយនៅឆ្នាំ២០១៥។ យុទ្ធសាស្ត្រមួយដែលត្រូវប្រើដើម្បីចូលរួមក្នុងសកម្មភាពកាត់បន្ថយភាពក្រីក្រនោះ គឺការផ្តល់អាទិភាពខ្ពស់ទៅលើការអភិវឌ្ឍន៍នយោបាយស្តីពីសុវត្ថិភាពសង្គម។
រដ្ឋាភិបាលកម្ពុជាមានគម្រោងទម្លាក់រង្វាស់បន្ទាត់ភាពក្រីក្រមកនៅត្រឹម១៩,៥ភាគរយនៅឆ្នាំ២០១៥ ដើម្បីឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍសហស្សវត្សរ៍។ នេះគឺជាសេចក្តីប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងទិវាជាតិ ស្តីពីការផ្សព្វផ្សាយយុទ្ធសាស្ត្រជាតិ គាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះនៅកម្ពុជា។ ទិវាជាតិដែលបានប្រព្រឹត្តទៅពីថ្ងៃទី៥ដល់ថ្ងៃទី៦ខែធ្នូនេះត្រូវបានរៀបចំនៅវិមានសន្តិភាព។
ប្រមុខរដ្ឋាភិបាលបានប្រកាសអំពីផែនការកាត់បន្ថយភាពក្រីក្រនៅពេលនេះ ពេលដែលបន្ទាត់នៃភាពក្រីក្ររបស់កម្ពុជាមានកម្រិត២៦ភាគរយ។ បានន័យថា កម្ពុជាត្រូវកាត់បន្ថយភាពក្រីក្រអោយបាន៦,៥ភាគរយទៀតក្នុងរយៈ៤ឆ្នាំខាងមុខ។ កម្ពុជាត្រូវបានគេរកឃើញថា មានបន្ទាត់ភាពក្រីក្រខ្ពស់ដល់៤៧ភាគរយនៅឆ្នាំ១៩៩៣។ ហើយតួលេខនេះបានធ្លាក់ចុះមកនៅត្រឹម៣០ភាគរយក្នុងឆ្នាំ២០០៧ និង២៦ភាគរយក្នុងឆ្នាំ២០១០។
នៅក្នុងវេទិកាជាតិនៅព្រឹកថ្ងៃចន្ទនេះ លោកនាយករដ្ឋមន្ត្រីបានថ្លែងចាត់ទុកការកាត់បន្ថយភាពក្រីក្រ និងការគាំពារសង្គម គឺជាបញ្ហាអាទិភាពរបស់រដ្ឋាភិបាល។ ដើម្បីអនុវត្តការងារកាត់បន្ថយភាពក្រីក្រនេះ រដ្ឋាភិបាលរបស់លោកផ្តោតទៅលើការអភិវឌ្ឍន៍នយោបាយ ស្តីពីសុវត្ថិភាពសង្គម រួមមានការធ្វើអោយប្រសើរឡើង នូវលក្ខខណ្ឌការងាររបស់កម្មករនិងនិយោជិត ការជំរុញអនុវត្តច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការអនុវត្តន៍គោលនយោបាយផ្តល់របបសោធននិវត្តន៍ដល់អ្នកបាត់បង់សមត្ថភាពពលកម្មជាដើម៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ