កម្ពុជា

អង្គការ​យូណេស្កូ​បើក​កិច្ចពិភាក្សា​រឿង​ប្រាសាទ​ព្រះវិហារ​នៅ​ប៉ារីស

ទីស្នាក់ការ​ធំ​របស់​​អង្គការ​យូណេស្កូ​ នៅ​ទីក្រុង​ប៉ារីស
ទីស្នាក់ការ​ធំ​របស់​​អង្គការ​យូណេស្កូ​ នៅ​ទីក្រុង​ប៉ារីស Open source: Matthias Ripp

វេទិកា​ពិភាក្សា​ស្តីពី​ប្រាសាទ​ព្រះវិហារ​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​ពី​សង្គ្រាម​ឈ្លានពាន​​របស់​ថៃ​នឹង​ត្រូវ​បើក​ធ្វើ​ នៅ​ថ្ងៃ​ទី​២៥​ឧសភា​នេះ​ នៅ​ឯ​ទីស្នាក់ការ​ធំ​អង្គការ​យូណេស្កូ​ទីក្រុង​ប៉ារីស។ កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​រៀបចំ​ធ្វើ​ឡើង​ក្រោយពី​កម្ពុជា​បាន​ប្តឹង​ទៅ​យូណេស្កូ​អំពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយសារ​គ្រាប់កាំភ្លើង​ថៃ ​និង​ក្រោយ​ពី​ដំណើរ​ទស្សនកិច្ច​របស់​បេសកជន​ពិសេស​អង្គការ​យូណេស្កូ ​លោក ​Koichiro Matsuura ​មកកាន់​ទីក្រុង​ភ្នំពេញ​ និង​បាងកក​ កាល​ពី​ចុង​ខែ​កុម្ភៈ។ កិច្ច​ពិភាក្សា​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​មុន​ពេល​ដែល​តុលាការ​ក្រុង​ឡាអេ​បើក​សវនាការ​ ស្តីពី​ចំណាត់ការ​បន្ទាន់​ ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារដែរ។

ផ្សាយពាណិជ្ជកម្ម

គណៈប្រតិភូ​កម្ពុជា​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ សម្រាប់​ការ​ចេញ​ដំណើរ​នៅ​ថ្ងៃ​ចន្ទ​ស្អែក​នេះ​ ឆ្ពោះ​ទៅ​កាន់​ទីស្នាក់ការ​ធំ​អង្គការ​យូណេស្កូ​នៅ​ទីក្រុង​ប៉ារីស ​ដើម្បី​ចូល​រួម​វេទិកា​ពិភាក្សា​ ស្តីពី​ប្រាសាទ​ព្រះវិហារ។ ​គណៈប្រតិភូ​ដែល​ដឹកនាំ​ដោយ​លោក​សុខ អាន​ ឧបនាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋមន្ត្រី​ទីស្តីការ​គណៈរដ្ឋមន្ត្រី​ នឹង​នាំ​យក​ទៅ​ជាមួយ​នូវ​ឯកសារ​ភស្តុតាង​ទាំងឡាយ​ដែល​បង្ហាញ​ពី​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​នៃ​ប្រាសាទ​ព្រះវិហារ​ដោយសារ​គ្រាប់​កាំភ្លើង​ថៃ​ ដើម្បី​ បង្ហាញ​អង្គ​វេទិកា។

លោក​ផៃ ស៊ីផាន ​អ្នកនាំពាក្យ​ទីស្តីការគ​ណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​នេះ​ថា ​មាន​វេទិកា​ពីរ​ដែល​គណៈប្រតិភូ​កម្ពុជា​ត្រូវ​ចូល​រួម ​នៅ​ដើម​សប្តាហ៍​ក្រោយ​នេះ។​ វេទិកាទី១​ នៅ​ថ្ងៃ​ទី​២៥​ឧសភា​នឹង​ពិភាក្សា​អំពី​ការ​ខូចខាត​ប្រាសាទ​ព្រះវិហារ​ដោយសារ​គ្រាប់កាំភ្លើង​ថៃ។ ​វេទិកា​នេះ​នឹង​ផ្តោត​លើ​ការ​រិះរក​មធ្យោបាយ​ការពារ​និង​សង្គ្រោះ​ប្រាសាទ​ព្រះវិហារ ​ដែល​ត្រូវ​បាន​ចុះ​បញ្ជី​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​ កាល​ពី​ខែ​កក្កដា​ឆ្នាំ២០០៨​ ឲ្យ​ចៀស​ផុត​ពី​ការ​បំផ្លិច​បំផ្លាញ។ បន្ទាប់​មក​នឹង​មាន​វេទិកា​មួយ​ផ្សេង​ទៀត​ ដើម្បី​ពិភាក្សា​អំពី​បញ្ហា​បច្ចេកទេស​ ស្តីពី​គំរោង​អភិរក្ស​និង​អភិវឌ្ឍន៍​តំបន់​ប្រាសាទ​ព្រះវិហារ។

សូម​បញ្ជាក់​ថា ​ក្នុង​អំឡុង​ពេល​ផ្ទុះ​សង្គ្រាម​រយៈ​ពេល​៤​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​៤​ដល់​ថ្ងៃ​ទី៧​កុម្ភៈ​កន្លង​ទៅ ​ទាហាន​ថៃ​បាន​បាញ់​គ្រាប់​ផ្លោង​ចូល​ក្នុង​ប្រាសាទ​ព្រះវិហារ ​និង​តំបន់​ជុំវិញ​ប្រាសាទ​ ចំនួន ៤១៤​ គ្រាប់ ​ដែល​បណ្តាល​ឲ្យ​ខូចខាត​ប្រាសាទ​យ៉ាង​ដំណំ។​ មហន្តរាយ​នេះ​បាន​ធ្វើ​ឲ្យ​ភាគី​កម្ពុជា​​ប្តឹង​ទៅ​អង្គការ​យូណេស្កូ ​ដើម្បី​ចាត់​វិធានការ​ប្រឆាំង​នឹង​ថៃ។ ក្រោយ​ទទួល​ពាក្យ​បណ្តឹង​ យូណេស្កូ​បាន​ចាត់​បេសកជន​ពិសេស​ គឺ​លោក​ Koichiro Matsuura ​ឲ្យ​ចុះ​មក​ធ្វើ​ទស្សនកិច្ច​ស្វែងយល់​ពី​បញ្ហា​នេះ។ ​ប៉ុន្តែ​ បេសកជន​ពិសេស​អង្គការ​យូណេស្កូ​មិន​បាន​ទៅ​ដល់​ប្រាសាទ​ព្រះវិហារ​ទេ​ ដោយ​គ្រាន់តែ​បាន​ជួប​ពិភាក្សា​ ដើម្បី​ស្តាប់​របាយការណ៍​របស់​ភាគី​ទាំងពីរ​នៅ​ភ្នំពេញ ​និង​បាងកក​តែ​ប៉ុណ្ណោះ។​

ដូច្នេះ​ វេទិកា​ថ្ងៃ​ទី​២៥​ឧសភា​នេះ​ អាច​ចាត់ទុក​ជា​ចំណាត់ការ​របស់​អង្គការ​យូណេស្កូ​ចំពោះ​ពាក្យ​បណ្តឹង​របស់​កម្ពុជា។ ​យ៉ាងណា​ក៏ដោយ​ អង្គការ​យូណេស្កូ​មិនមែន​ជា​ស្ថាប័ន​ដែល​មាន​ អំណាច​ផ្លូវ​ច្បាប់​ដើម្បី​កាត់​សេចក្តី​​ទេ។ កិច្ចពិភាក្សា​នេះ​អាច​ជា​ការ​សម្រប​សម្រួល​រក​មធ្យោបាយ​ការពារ​កុំ​ឲ្យ​មាន​ការ​បំផ្លាញ​ប្រាសាទ​ទៀត​នៅ​ថ្ងៃ​អនាគត។​ ចំណាត់ការ​របស់​អង្គការ​យូណេស្កូ​នឹង​ត្រូវ​​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ នៅ​មុន​ពេល​ដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​​លើក​យក​បណ្តឹង​របស់​កម្ពុជា​ ស្តីពីវិធានការ​បន្ទាន់​ដើម្បី​ការពារ​ប្រាសាទ​ព្រះវិហារ​មក​ចាត់ការ​ ​នៅ​ថ្ងៃ​ទី​៣០​និង​៣១​ឧសភា​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI