កម្ពុជា-អាមេរិក

កម្ពុជា​ទទួល​បាន​ជំនួយ​អាមេរិក​ជាង​៥២​លាន​ដុល្លារ​

កម្ពុជា​​ទទួល​បាន​ជំនួយ​អាមេរិក​ជាង​៥២​លាន​ដុល្លារ​​បន្ថែម​ទៀត​នៅថ្ងៃសុក្រ២១កញ្ញានេះនៅក្នុង​ពិធីចុះហត្ថលេខា២ផ្សេងគ្នា​
កម្ពុជា​​ទទួល​បាន​ជំនួយ​អាមេរិក​ជាង​៥២​លាន​ដុល្លារ​​បន្ថែម​ទៀត​នៅថ្ងៃសុក្រ២១កញ្ញានេះនៅក្នុង​ពិធីចុះហត្ថលេខា២ផ្សេងគ្នា​ RFI/Siv Channa

កម្ពុជា ​​​បាន​​ទទួល​​ជំនួយ​​ជាង​​៥២​​លាន​​ដុល្លារ​​បន្ថែម​​ទៀត​​ពី​​សហរដ្ឋអាមេរិក​នៅ​ថ្ងៃ​សុក្រ​នេះ នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​២​ផ្សេង​គ្នា។ ជំនួយ​ទាំង​នោះ​នឹង​ត្រូវ​ប្រើប្រាស់​ក្នុង​វិស័យ​ជាច្រើន​ដូចជា ផ្នែក​សុខាភិបាល អប់រំ កសិកម្ម សន្តិសុខ​ស្បៀង និង​បរិស្ថាន។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថាន​ទូត​អាមេរិក USAID​សង្ឃឹម​ថា​នឹង​ផ្ដល់​ថវិកា​សរុប​ចំនួន ៦៥ លាន​ដុល្លារ​អាមេរិក ជា​ជំនួយ​ឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១២​នេះ៕

ផ្សាយពាណិជ្ជកម្ម

មន្ត្រី​ជាន់​ខ្ពស់​របស់​រដ្ឋាភិបាល​កម្ពុជា​២​រូប​បាន​ចុះ​ហត្ថលេខា​ទទួល​ជំនួយ​ហិរញ្ញវត្ថុ​ពី​រដ្ឋាភិបាល​​អាមេរិក​ចំនួន​៥២​លាន​៥សែន​ដុល្លារ​នៅ​ថ្ងៃ​សុក្រ​នេះ តាម​រយៈទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ។ នៅ​ព្រឹក​នេះ លោក​ឧបនាយក​រដ្ឋមន្ត្រី​ហោ ណាំហុង បាន​ចុះ​ហត្ថលេខា​ជាមួយ​លោកFlynn fuller នាយក​បេសកកម្ម​នៃ​ទី​ភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បី​អភិវឌ្ឍន៍​អន្ដរជាតិ​ដើម្បី​ទទួល​ជំនួយ​៣៤​លាន​ដុល្លារ។ ក្នុងចំណោម​ថវិកា​ទាំងនេះ ៣៣​លាន​ដុល្លារ​នឹង​ត្រូវ​ប្រើ​នៅ​ក្នុង​គម្រោង​សុខមាលភាព​ប្រជាពលរដ្ឋ។

 
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​សរសេរ​ថា ជំនួយ​ថវិកា​នេះ​ត្រូវ​ប្រើ​សំរាប់​គាំទ្រ​ដល់​សកម្មភាព​នានា​ជា​បន្ត ដើម្បី​កែ​លំអ​សុខភាព​មាតា សុខភាព​បន្ត​ពូជ និង​សុខភាព​កុមារ កាត់​បន្ថយ​ការ​ឆ្លង និង​ផល​ប៉ះពាល់​នៃ​ជំងឺ​អេដស៍​ ការពារ និង​កំចាត់​ជំងឺ​ឆ្លង​ធំៗ ដូចជា​ជំងឺ​របេង​ជាដើម។ ថវិកា​នេះក៏​នឹងជួយ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៃ​ប្រទេស​កម្ពុជា​ផងដែរ។

ចំណែក​ឯ​ថវិកា​១​លានដុល្លារ​ទៀត​ត្រូវ​ប្រើ​សំរាប់​ជួយ​ក្នុង​វិស័យ​អប់រំ ដូចជា ការ​កាត់​បន្ថយ​អត្រា​បោះបង់​ចោល​សាលារៀន និង​អត្រា​រៀន​ត្រួតថ្នាក់ តាម​រយៈ​ការ​បង្កើន​គុណភាព​នៃ​ការ​បង្រៀន ការ​បណ្ដុះបណ្ដាល​លើ​ការ​គ្រប់គ្រង​សាលារៀន និង​ការ​វាយ​តំលៃ​លទ្ធផល​នៃ​ការ​សិក្សា​របស់​សិស្ស។

នៅ​រសៀល​ថ្ងៃ​សុក្រ​ទី​២១​កញ្ញា​នេះ​ដដែល លោក​ឧបនាយករដ្ឋមន្ត្រី សុខ អាន ក៏​បាន​ចុះ​ហត្ថលេខា​ទទួល​ជំនួយ​១៨,៥លាន​ដុល្លារ​ផ្សេង​ទៀត​ពី​លោកFlynn Fuller នាយក​បេសកម្ម​នៃ​ទីភ្នាក់ងារ​សហរដ្ឋ​អាមេរិក​ដើម្បីអភិវឌ្ឍន៍​អន្តរជាតិ។

ថវិកា​ចំនួន​១៨,៥​លាន​ដុល្លារ នឹង​ត្រូវ​ប្រើ​សំរាប់​គំរោង​ពង្រឹង​សមត្ថភាព​របស់​សង្គមស៊ីវិល វិស័យឯកជន និង​រដ្ឋាភិបាល ដើម្បី​ដោះស្រាយ​ការ​ប្រឈម​ស្តី​ពី​សន្ដិសុខ​ស្បៀង និង ការ​បំរែបំរួល​អាកាសធាតុ​នៅ​កម្ពុជា៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI