អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ខ្មែរ

បរិបទ​តំបន់​ជា​សម្ពាធ​ថ្មី​មក​លើ​កម្ពុជា​ !

សំឡេង ០៤:៥៥
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​ប្រធានា​ធិប​តី​ចិន​ ស៊ី ​ជីង​ពីង​។
លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ និង​លោក​ប្រធានា​ធិប​តី​ចិន​ ស៊ី ​ជីង​ពីង​។
ដោយ៖ ប៉ែន បូណា
២៨ នាទី

កម្ពុជា​ដែល​កំពុង​តែមាន​វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដោះស្រាយ​មិន​ចេញ​កំពុង​ទទួលរង​សម្ពាធ​ថ្មី​ទៀត​ពី​ខាងក្រៅ។ ជម្លោះ​នយោ​បាយ​ក្នុងប្រទេស​ថៃ​ដែល​បានអូស​បន្លាយ​​ជា​យូរ​មកហើយ​នោះ បាន​បង្ក​ផលប៉ះពាល់​ដល់​កម្ពុជា​រួចទៅហើយ។ យ៉ាងហោច​ណាស់ វា​បានធ្វើ​ឲ្យ​ប្រទេស​ទាំងពីរ​ខក​ខាន​​មិនបាន​អនុវត្ត​សាលដីការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ស្តីពី​ជម្លោះ​ព្រះវិហារ។ ឥឡូវនេះ ជម្លោះ​ដែន​កោះ​រវាង​វៀតណាម​និង​ចិន​ក៏​មិនអាច​ចៀស​ផុតពី​ជះ​ចំហាយ​ប៉ះពាល់​ដល់​កម្ពុជា​ដែរ។ ក្នុងស្ថានភាព​នេះ កម្ពុជា​ត្រូវ​ដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ឲ្យ​ជ្រះស្រឡះ​ជា​ចាំបាច់​ដើម្បី មាន​ថាមពល​ទប់ទល់​ជាមួយ​បញ្ហា​តំបន់។

ផ្សាយពាណិជ្ជកម្ម

ទាំង​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ថៃ ទាំង​ជម្លោះ​ដែន​កោះ​រវាង​វៀតណាម​និង​ចិន​ដែល​កំពុង​ផ្ទុះឡើង​នៅពេលនេះ​សុទ្ធតែ​មិនមែន​អំណោយផល​ល្អ​ដល់​កម្ពុជា​ទេ។ វិបត្តិ​នយោបាយ​ប្រទេស​ថៃ​បានធ្វើ​ឲ្យ​សាលដីការ​តុលាការ​យុត្តិធម៌​អន្តរជាតិ​ក្រុងឡាអេ​ស្តីពី​បញ្ហា​ព្រះវិហារ​ដែល​បានប្រកាស​តាំងពី​ខែ​វិច្ចិកា​ឆ្នាំ ២០១៣ មក​នោះ​ជាប់គាំង​មិនអាច​អនុវត្តន៍​បាន។

គេ​ក៏​មិនត្រូវ​ភ្លេច​ដែរ​ថា បញ្ហា​តានតឹង​តាម​ព្រំដែន​ខ្មែរ​ថៃ​រហូត​ឈានដល់​ផ្ទុះ​សង្គ្រាម​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក៏​ជា​ចំហាយ​នៃ​ជម្លោះ​នយោបាយ​ផ្ទៃក្នុង​ប្រទេស​ថៃ​ដែរ។ នេះ​នៅ​មិនទាន់​រាប់​ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​និង​ផលវិបាក​ដែល​ធ្លាក់​ទៅលើ​ពលករ​ឆ្លងដែន​ទៅ​ធ្វើការ​ក្នុងប្រទេស​ថៃ​នោះ​ផង​ទេ។ បច្ចុប្បន្ន ខណៈដែល​វិបត្តិ​នយោបាយ​ថៃ​កំពុង​អូសបន្លាយ​និង​កំពុង​ឡើងដល់​ចំណុច​តានតឹង​យ៉ាង​ពេញបន្ទុក ជម្លោះទឹកដី​រវាង​វៀតណាម​និង​ចិន​ក៏បាន​ផ្ទុះឡើង​យ៉ាងខ្លាំង។

ជម្លោះ​នេះ​ក៏​មិនអាច​ចៀស​ផុតពី​ជះ​ចំហាយ​មកលើ​កម្ពុជា​ដែរ។ សូម​កុំភ្លេចថា វៀតណាម​មិន​ត្រឹមតែ​ជា​ប្រទេសជិតខាង​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​មិត្ត​ដែល​មិន​ដែលមាន«រឱសឋាន»របស់​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ផងដែរ។ នៅឯ​ម្ខាង​ទៀត ចិន​គឺជា​មហាមិត្ត​របស់​កម្ពុ​ជា​ដែល​កំពុងតែ​កសាង​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​ជាមួយគ្នា។ ដូច្នេះ នៅក្នុង​ទិដ្ឋភាព​នយោបាយ​ការទូត កម្ពុជា​ពិតជា​រង​ការ​ទើសទ័ល​ខ្លាំងណាស់​ក្នុងការ​ប្រកាន់​ជំហរ​ចំពោះមុខ​ទីក្រុង​ប៉េកាំង​និង​ហាណូយ។

ការប្រកាន់​ជំហរ​នយោបាយ​ការទូត​ជា​រឿង​មួយ ប៉ុន្តែ ផលប៉ះពាល់​ខាង​សេដ្ឋកិច្ច​ជា​រឿង​មួយទៀត។ មាន​ផលប៉ះពាល់​ផ្ទាល់​ពីរ​នៅ​ចំពោះមុខ៖ ម្យ៉ាង​គឺ​ការ​ភៀសខ្លួន​យ៉ាងគំហុគ​របស់​ជនជាតិ​ចិន​ពី​ប្រទេស​វៀតណាម​មក​កម្ពុជា និង​ម្យ៉ាងទៀត សហគមន៍​ជនជាតិ​វៀតណាម​នៅ​កម្ពុជា​ក៏​អាចធ្វើ​សកម្មភាព​ប្រឆាំង​ចិន​ផងដែរ។ នេះ​ជា​បញ្ហា​ដែល​រដ្ឋាភិបាល​ភ្នំពេញ​ត្រូវ​ប្រឈម​ដោះស្រាយ។

តាមពិតទៅ ប្រទេសមួយ​ដែល​ខ្លាំង​ហើយ​ឆ្លាត​ក៏​អាច​ទទួលផល​ចំណេញ​ពី​ជម្លោះ​របស់​ប្រទេសជិតខាង​ឬ​ប្រទេស​ក្នុង​តំបន់​ក៏​ថា​បានដែរ។ ប៉ុន្តែ ប្រទេសមួយ​ដែលមាន​សេដ្ឋកិច្ច​ទន់ខ្សោយ​និង​ញាំញី​ដោយ​ជម្លោះផ្ទៃក្នុង​ដូចជា​កម្ពុជា ប្រាកដ​ណាស់​ថា នឹង​ទទួលរង​ផលប៉ះពាល់​អាក្រក់​ច្រើនជាង​ផលចំណេញ។

គេ​នៅ​ចាំបាន​ថា កាលពី​ឆ្នាំ ២០១២ ក្នុងពេលដែល​កម្ពុជា​ធ្វើ​ប្រធាន​ប្តូរ​វេន​អាស៊ាន ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង​ក៏បាន​ធ្វើ​ឲ្យ​អាស៊ាន​មិនអាច​ចេញ​សេចក្តីថ្លែងការណ៍​រួម​បាន។ បញ្ហា​នេះ​ត្រូវបាន​គេ​ស្តីបន្ទោស​រដ្ឋាភិបាល​ក្រុងភ្នំពេញ​ក្នុងឋានៈ​ជា​ប្រធាន​អាស៊ាន​ថា​មាន​ជំហរ​ទើសទ័ល​ពេក​ជាមួយ​ចិន​ដែលជា​គូទំនាស់​ជាមួយ​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន។ កម្ពុជា​ក៏​ធ្លាប់​ទទួលរង​ការរិះគន់​យ៉ាងខ្លាំង​ដែរ​ក្នុង​សំណុំរឿង​ចាប់បញ្ជូន​ជនភៀសខ្លួន​ជនជាតិភាគតិច អ៊ុយ​ហ្គួ​រ ទៅ​ឲ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​វិញ​កាលពី​ឆ្នាំ ២០០៩ ។

ឥឡូវនេះ សម្ពាធ​នយោបាយ​ការទូត​បាន​វិល​ត្រឡប់មក​ជាថ្មីទៀត​នៅពេលដែល​ចិន​កំពុង​មានទំនាស់​យ៉ាងខ្លាំង​ជាមួយ​វៀតណាម។ សម្ពាធ​ពី​ខាងលិច​ផង​ពី​ខាងកើត​ផង​កើតឡើង​ខណៈដែល​កម្ពុជា​ខ្លួនឯង​ក៏​កំពុងមាន​សុខភាព​មិនល្អ​យ៉ាងខ្លាំង។ វិបត្តិ​នយោបាយ​ផ្ទៃក្នុង​ដែល​បានអូសបន្លាយ​តាំងពី​ក្រោយ​ការបោះឆ្នោត​ខែកក្កដា​ឆ្នាំ ២០១៣ មក​នៅតែ​មិនអាច​ដោះស្រាយ​ចេញ​នៅឡើយ។

វិបត្តិ​នយោបាយ​ផ្ទៃ​ក្នុងនេះ បានធ្វើ​ឲ្យ​រដ្ឋាភិបាល«ឯក​បក្ស»របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចំណាយ​ពេលវេលា ធនធាន និង​ថាមពល​យ៉ាងច្រើន​រួចទៅហើយ​ដើម្បី​ទប់ខ្លួន​ឲ្យ​មាន​លំនឹង​ទាំង​នៅក្នុង​ឆាកនយោបាយ​ជាតិ​និង​នៅលើ​ឆាក​អន្តរជាតិ។ ចំណែកឯ​បក្សប្រឆាំង​វិញ​ក៏​ជាប់រវល់​តែ​តស៊ូ​ក្នុង​វិបត្តិ​នយោបាយ​ស្ទើរតែ​សោះ​ខ្លួន​ទៅហើយ​ដែរ។ ក្នុងស្ថានភាព​ដ៏​លំបាក​នេះ បរិបទ​តំបន់​កំពុង​បន្ថែម​សម្ពាធ​មកលើ​កម្ពុជា​ថែមទៀត។ ក្នុងស្ថានភាព​បែបនេះ អ្វីដែល​កម្ពុជា​ត្រូវ​គិតគូរ​ដោះស្រាយ​ជាបន្ទាន់​និង​មុនគេ​គឺ​បញ្ហា​ផ្ទៃក្នុង​ពីព្រោះ​សូម​កុំភ្លេចថា បើ​ប្រទេសជាតិ​មាន​បញ្ហា​ផ្ទៃក្នុង​ហើយ កម្ពុជា​ងាយ​ណាស់​នឹង​ទទួល​ឥទ្ធិពល​អាក្រក់​ពី​ខាងក្រៅ។

និយាយ​តាមបែប​ផ្សេង ប្រទេសមួយ​ដែល​អ្នកនយោបាយ​ប្រយុទ្ធ​គ្នា​សោះ​ខ្យល់​រៀងខ្លួន ទីបំផុត នៅពេល​ទឹក​ចូល​ច្រមុះ​ច្បាស់​ជា​នាំគ្នា​ស្រវា​តោង​អ្វីដែល​អាច​តោង​បាន​ដោយ​គ្មាន​ពេល​គិតពី​គ្រោះថ្នាក់​ទៅ​ថ្ងៃ​អនាគត​ឡើយ។ ដូច្នេះ ការដោះស្រាយ​បញ្ហា​ផ្ទៃក្នុង​ឲ្យ​បាន​ជ្រះស្រឡះ​ជា​ជម្រើស​ល្អ​បំផុត​សម្រាប់​កម្ពុជា។ ល្អ​សម្រាប់​កាត់បន្ថយ​សម្ពាធ​ផ្ទៃក្នុង​ផង​និង​សម្រាប់​បង្កើន​ថាមពល​ទប់ទល់​ជាមួយ​សម្ពាធ​ពី​ខាងក្រៅ​ផង។ រីឯ​ជម្រើស​បន្ត​វិបត្តិ ​និង​ការ​ប្រកាន់​ជំហរនយោបាយការទូតមិនច្បាស់លាស់ មានតែ​ការខាតបង់​ប៉ុណ្ណោះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ